នៅថ្ងៃទី ២២ ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានថ្លែងសុន្ទរកថាគោលនយោបាយនៅសមាគមគោលនយោបាយកិច្ចការបរទេសអាមេរិក (FPA) ដែលជាវេទិការកិច្ចការបរទេសដោយមានកិត្យានុភាពឈានមុខគេនៅសហរដ្ឋអាមេរិក និងមានប្រវត្តិសាស្ត្រតាំងពីឆ្នាំ១៩១៨។
ទាក់ទងនឹងទំនាក់ទំនងទ្វេភាគីរវាងវៀតណាម-សហរដ្ឋអាមេរិក លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរនៅក្នុងពិភពលោកសព្វថ្ងៃនេះ ទាមទារឱ្យប្រទេសទាំងពីរសម្លឹងមើលហួសពីអ្វីៗដែលសម្រេចបានរួចហើយ។ ទំនាក់ទំនងវៀតណាម-សហរដ្ឋអាមេរិក ត្រូវការរួមចំណែកជាក់ស្តែងបន្ថែមទៀតចំពោះគោលដៅអភិវឌ្ឍន៍ សន្តិសុខ និងវិបុលភាពនៃប្រទេសនីមួយៗ។
“ដើម្បីសម្រេចបាននូវសក្តានុពលដ៏ធំធេងទាំងនោះ ទំនាក់ទំនងសេដ្ឋកិច្ចវៀតណាម-សហរដ្ឋអាមេរិក ត្រូវការអភិវឌ្ឍដោយមានតុល្យភាព ចីរភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ វៀតណាមឱ្យតម្លៃ និងត្រៀមខ្លួនរួចជាស្រេចពិភាក្សាអំពីក្ដីកង្វល់របស់សហរដ្ឋអាមេរិកទាក់ទងនឹងជញ្ជីងពាណិជ្ជកម្ម ការជ្រៀតចូលទីផ្សារ ប្រភពដើមទំនិញ កម្មសិទ្ធិបញ្ញា និងសុវត្ថិភាពខ្សែសង្វាក់ផ្គត់ផ្គង់។ យើងត្រៀមខ្លួនរួចជាស្រេចធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ដោយស្មារតីសុច្ឆន្ទៈ តម្លាភាព និងស្ថាបនា។ ក្នុងពេលជាមួយគ្នានេះ វៀតណាមសង្ឃឹមថាភាគីទាំងពីរនឹងធានាបរិយាកាសពាណិជ្ជកម្មដែលមានស្ថិរភាព និងអាចព្យាករណ៍បាន; សម្រួលដល់ទំនិញ សេវាកម្ម និងការវិនិយោគរបស់គ្នាទៅវិញទៅមក; ពង្រីកកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា ជួយសហគ្រាសវៀតណាមចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃ"។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសម្តែងនូវគោលបំណងចង់ឲ្យប្រទេសទាំងពីរផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលវិស្វករស៊ីមីកុងដុកទ័រ និងអ្នកជំនាញបញ្ញាសិប្បនិម្មិត (AI); តភ្ជាប់ការស្រាវជ្រាវរវាងសាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងសហគ្រាសនានា ដើម្បីនាំយកលទ្ធផលស្រាវជ្រាវចូលទៅក្នុងផលិតកម្ម; បង្កើនសមត្ថភាពសម្រាប់សហគ្រាសវៀតណាមក្នុងការចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យា។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា វៀតណាមនឹងបន្តសហការយ៉ាងសកម្ម និងមានប្រសិទ្ធភាពក្នុងការស្វែងរកទាហានអាមេរិកដែលបាត់ខ្លួនក្នុងក្នុងអំឡុងសង្គ្រាមនៅវៀតណាម ហើយសង្ឃឹមថា សហរដ្ឋអាមេរិកនឹងបន្តរួមដំណើរក្នុងការដោះស្រាយការបំពុលឌីអុកស៊ីន ការបោសសម្អាតគ្រាប់បែកមីន និងការជួយឧបត្ថម្ភជនពិការ; ចែករំលែកកំណត់ត្រាសមរភូមិ ព័ត៌មានប័ណ្ណសារ និងជួយគាំទ្រក្នុងការធ្វើតេស្ត DNA ដើម្បីបម្រើដល់ "យុទ្ធនាការ ៥០០ ថ្ងៃទាំងយប់" ដើម្បីស្វែងរក ប្រមូល និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី
វៀតណាម៕




