សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី ២០ ខែកក្កដា ដោយប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ខណៈដែលការប្រឈមមុខដាក់គ្នាផ្នែកយោធាដ៏ថ្មីបំផុតរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានចូលដល់ថ្ងៃទី ៩។ លោកប្រធានាធិបតី Pezeshkian បានចាត់ទុកថា អ៊ីរ៉ង់ត្រូវតែសង្កេតមើលបញ្ហានេះដោយភាពប្រាកដនិយម ហើយទទួលយកផលវិបាកដែលជៀសមិនរួចនៃសង្គ្រាម។ តាមនោះ រឿងសំខាន់បំផុតសម្រាប់អ៊ីរ៉ង់នៅដំណាក់កាលបច្ចុប្បន្ន គឺផ្តោតលើការរក្សាប្រតិបត្តិការសេដ្ឋកិច្ច និងធានាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

នេះជាលើកទីមួយចាប់តាំងពីការបង្កើតបទឈប់បាញ់ រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ កាលពីថ្ងៃទី ៨ ខែមេសា ដែលប្រធានាធិបតីអ៊ីរ៉ង់បានបញ្ជាក់ថា ប្រទេសនេះបានវិល ត្រឡប់ទៅរកស្ថានភាពសង្គ្រាមទ្រង់ទ្រាយពេញទំហឹងជាមួយសហរដ្ឋអាមេរិកវិញ។ សេចក្តីថ្លែងការណ៍នេះមិនត្រឹមតែឆ្លុះបញ្ចាំងពីការពិតជាក់ស្ដែងដ៏ពោរពេញទៅដោយបញ្ហាប្រឈម ដែលអ៊ីរ៉ង់កំពុងជួបប្រទះ ដោយសារតែជម្លោះដ៏អូសបន្លាយប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីទ្រង់ទ្រាយនិងភាពធ្ងន់ធ្ងរនៃការប្រឈមមុខដាក់គ្នាផ្នែកយោធារយៈពេល៩ថ្ងៃជាប់ៗគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ទៀតផង។ អ្នកជំនាញជាច្រើនព្រមានថា ប្រសិនបើវិធានការការទូតមិនត្រូវបានអនុវត្តន៍ភ្លាមៗទេ ហានិភ័យដែលជម្លោះរវាងភាគីទាំងពីរកើនឡើងដល់កម្រិតដែលមិនអាចត្រឡប់វិញបាន គឺអាចកើតមានទាំងស្រុង៕