បណ្តាសមាជិកសភាបានកោតសរសើរយ៉ាងខ្លាំងចំពោះសេចក្តីព្រាងច្បាប់ ដែលមានយន្តការពិសេសលេចធ្លោដើម្បីអភិវឌ្ឍទីក្រុង និងជំរុញសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចវិលជុំ; រួមចំណែកដល់ការលុបបំបាត់ឧបសគ្គខាងស្ថាប័ន ហេដ្ឋារចនាសម្ព័ន្ធ ធនធាន និងការអនុវត្ត។
ច្បាប់ស្តីពីការអភិវឌ្ឍទីក្រុងត្រូវបានកសាងដើម្បីបង្កើតមូលដ្ឋានច្បាប់ដ៏ល្អប្រសើរ សមកាលកម្ម និងស្ថិរភាព ដើម្បីពង្រីកតួនាទីរបស់ទីក្រុងហូជីមិញ ជាក្បាលម៉ាស៊ីនសេដ្ឋកិច្ច ជាប៉ូលកំណើនជាតិដ៏សំខាន់។ លោក ង្វៀន វ៉ូ ជូង សមាជិកសភាទីក្រុងហូជីមិញ បាននិយាយថា៖
«ចំណុចលេចធ្លោបំផុតនៃច្បាប់នេះ មិនមែនជាទីក្រុងហូជីមិញទទួលបានការលើកទឹកចិត្តប៉ុន្មាននោះទេ។ តម្លៃដ៏ធំបំផុតគឺជាការផ្លាស់ប្តូរទីក្រុងហូជីមិញពីមូលដ្ឋាន "ស្នើសុំយន្តការ" ទៅជាទីក្រុង "មានសិទ្ធិបង្កើតយន្តការ និងទទួលខុសត្រូវលើលទ្ធផល"។ ប្រសិនបើច្បាប់អាចធ្វើបានបែបនោះ ទើបពិតជាច្បាប់អភិវឌ្ឍន៍ទីក្រុងយ៉ាងពិតប្រាកដ មិនមែនគ្រាន់តែជាការបូកបន្ថែមនូវករណីលើកលែងផ្នែកច្បាប់នោះទេ»។
លោក ង្វៀន ថាញ់ភឿង សមាជិកសភាមកពីទីក្រុង Can Tho បានស្នើឱ្យពិចារណាគោលនយោបាយដើម្បីទាក់ទាញអ្នកមានទេពកោសល្យ និងសហគ្រាសលេចធ្លោនៅក្នុងទីក្រុងធំៗ ដើម្បីជៀសវាងការខ្វះខាតធនធាននៅក្នុងខេត្ត និងតំបន់ជុំវិញ៖ «យើងបានរួមបញ្ចូលនូវយន្តការជាច្រើនដើម្បីទាក់ទាញវិនិយោគិន និងអ្នកមានទេពកោសល្យ។ ប៉ុន្តែប្រសិនបើយើងផ្តល់អនុគ្រោះដោយគ្រប់តម្លៃទាំងអស់ តើមូលដ្ឋានដទៃទៀតនឹងទៅជាយ៉ាងណា? ហេតុដូច្នេះ ត្រូវកំណត់ឱ្យបានច្បាស់ថា ផ្តល់អនុគ្រោះលើចំណុចណា និងក្នុងកម្រិតណា? ជាឧទាហរណ៍ ដូចនៅក្នុងមាត្រា ៥១ នោះ ការអនុគ្រោះអំពីប្រាក់បៀវត្សរ៍ អនុគ្រោះសម្រាប់ក្រុមគ្រួសារ និងថ្លៃសិក្សាជាដើម ខ្ញុំគិតថា គួរតែផ្តល់អនុគ្រោះលើផ្នែកណាមួយប៉ុណ្ណោះ ផ្នែកដែលនៅសល់ត្រូវតែអនុវត្តតាមកម្រិតទូទៅ។ ចំពោះសហគ្រាសក៏ដូចគ្នាដែរ។ ត្រូវតែពិចារណាយ៉ាងម៉ត់ចត់បំផុតនៅពេលយើងមានគោលនយោបាយអនុគ្រោះ រក្សាភាពសុខដុមរមនា»។
ទីក្រុងហូជីមិញត្រូវបានកំណត់ជា អង្គភាពរដ្ឋបាលកម្រិតថ្នាក់ខេត្តពិសេស។ បន្ទាប់ពីការរួមបញ្ចូលមូលដ្ឋានចំនួនបីមក បច្ចុប្បន្ននេះ ទីក្រុងហូជីមិញមានផ្ទៃដីជាង ៦.៧៧២ គីឡូម៉ែត្រការ៉េ និងប្រជាជនជាង ១៤ លាននាក់ បានក្លាយជាទីក្រុងដ៏ធំមួយ ជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងជាក្បាលម៉ាស៊ីនកំណើនរបស់ប្រទេសទាំងមូល ដោយរួមចំណែកជាង ២៣% នៃ GDP សរុប និងប្រហែល ៣១% នៃថវិកាជាតិ៕





