សេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងស្លូវ៉ាគី
13/04/2026 13:05
[VOVWORLD] - នៅថ្ងៃទី១៣ ខែមេសា វៀតណាម និងស្លូវ៉ាគីបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងសាធារណរដ្ឋស្លូវ៉ាគី។

13.4-am_toi-28-tuyen_bo_chung-anh_2.jpg នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ឡេ មិញហ៊ឹង ស្វាគមន៍នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម។ (រូបថត៖ VGP) សេចក្តីថ្លែងការណ៍រួមបានបញ្ជាក់ថា តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ បានបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦។ សេចក្តីថ្លែងការណ៍រួមបានសង្កត់ធ្ងន់លើការបង្កើតក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រ សំដៅនាំទំនាក់ទំនងទ្វេភាគីឡើងដល់កំពស់ថ្មី ពង្រឹងយន្តការសហប្រតិបត្តិការដែលមានស្រាប់ និងស្វែងរកវិធីសាស្ត្រថ្មីៗ ដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរទាំងកម្រិតទ្វេភាគី និងពហុភាគី។ ក្នុងក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រ វៀតណាមនិងស្លូវ៉ាគីនឹងបន្តធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការ ក្នុងវិស័យដែលមានការយកចិត្តទុកដាក់ដូចគ្នា ក្នុងគោលបំណងនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។ ភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរ និងសម្របសម្រួលគ្នានៅពេលវេលាសមស្របនៅក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ដោយគាំទ្រគ្នាទៅវិញទៅមកក្នុងការឈរឈ្មោះចូលរួមអង្គការអន្តរជាតិនានា ជាពិសេសអង្គការសហប្រជាជាតិ និងសហភាពអន្តរសភាពិភពលោក។ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅតំបន់សមុទ្រ និងមហាសមុទ្រនានា ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ផងដែរ៕
TAG
VOV/VOVWORLD/វៀតណាម/ស្លូវ៉ាគី/សេចក្ដីថ្លែងការណ៍រួម/ដំណើរទស្សនកិច្ច/នាយករដ្ឋមន្រ្តី/ដៃគូយុទ្ធសាស្ត្រ
Related





