បទហាមឃាត់ការនាំចូលរបស់សហរដ្ឋអាមេរិកលើទំនិញកាណាដាជិត ១ ពាន់លានដុល្លារបានចូលជាធរមានជាផ្លូវការនៅម៉ោង ០ និង ១ នាទីថ្ងៃទី ២៩ ខែកញ្ញា (ម៉ោងភាគខាងកើតអាមេរិក)។ ទំនិញដែលរងផលប៉ះពាល់ភាគច្រើន រួមមានភេសជ្ជៈមានជាតិអាល់កុលដែលវេចខ្ចប់ ផលិតផលទឹកដោះគោមួយចំនួន និងម៉ូតូដែលផលិតនៅកាណាដា។

នេះគឺជាវិធានការថ្មីបំផុតរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បន្ទាប់ពីកាណាដាបានដាក់ពន្ធលើទំនិញអាមេរិកប្រហែល ២០ ពាន់លានដុល្លារ។ អត្រាពន្ធរបស់ប្រទេសកាណាដា ស្ថិតក្នុងចន្លោះពី ១៥% រហូតដល់ ៥០% ជាការសងសឹកចំពោះការដាក់ពន្ធ ៥០% ពីមុនរបស់ទីក្រុងវ៉ាស៊ីនតោនលើទំនិញកាណាដា។

នាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី បានប្រកាសថា ប្រទេសនេះនឹងការពារពលករ កសិករ គ្រួសារ និងអាជីវកម្មកាណាដា។

ចំណែកឯទីក្រុងវ៉ាស៊ីនតោនបានចាត់ទុកថា បទហាមឃាត់ការនាំចូលគឺជាផលវិបាកនៃការរក្សាការរឹតត្បិតជាបន្តបន្ទាប់របស់ទីក្រុងអូតាវ៉ា មកលើទំនិញអាមេរិក។

សហរដ្ឋអាមេរិក និងកាណាដាគឺជាសម្ព័ន្ធមិត្តនិងជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់គ្នាទៅវិញទៅមក ដោយមានទំហំពាណិជ្ជកម្មទ្វេភាគីសរុបចំនួនប្រហែល ៨៨០ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។ ដូច្នេះ ការហាមឃាត់ជិត ១ ពាន់លានដុល្លារថ្មីៗនេះ ស្រូបយកតែភាគតូចមួយនៃទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីប៉ុណ្ណោះ៕