ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែតុលា បន្តពង្រឹងទំនាក់ទំនងជាមួយប្រទេសទាំងពីរ ព្រមទាំងបើកឱកាសបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការ និងប្រែក្លាយប្តេជ្ញាចិត្តកម្រិតខ្ពស់ទៅជាលទ្ធផលជាក់ស្តែងសម្រាប់ការអភិវឌ្ឍ។
នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងព្រះរាជាណាចក្រកម្ពុជា ក្នុងឋានៈថ្មី ដែលធ្វើឡើងក្នុងបរិបទដែលប្រទេសទាំងបីប្រឈមមុខនឹងតម្រូវការថ្មីៗសម្រាប់ការអភិវឌ្ឍ ការតភ្ជាប់តំបន់ និងការរក្សាបរិយាកាសសន្តិភាព និងស្ថិរភាព។
ការតភ្ជាប់យុទ្ធសាស្ត្រ
វៀតណាម ឡាវ និងកម្ពុជា មានទីតាំងភូមិសាស្ត្រជាប់របងភូមិផងគ្នា ចែករំលែកលំហ និងផលប្រយោជន៍រួមក្នុងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
សម្រាប់ឡាវ កិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ សន្តិសុខ និងការគ្រប់គ្រងព្រំដែនគឺមានសារៈសំខាន់ដោយផ្ទាល់ចំពោះស្ថិរភាពរបស់ប្រទេសនីមួយៗ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Minh Tam បានអះអាងថា៖
“ប្រទេសឡាវទាញយកប្រយោជន៍ពីទីតាំងជាមជ្ឈមណ្ឌលតភ្ជាប់នៃតំបន់ ខណៈដែលប្រទេសវៀតណាមទាញយកប្រៀបខ្លាំងពីទីផ្សារ សមត្ថភាពផលិតកម្ម និងច្រកទ្វារចេញទៅសមុទ្រ។ ប្រទេសទាំងពីរកំពុងចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់ផលិតកម្ម ផ្គត់ផ្គង់ និងតម្លៃក្នុងតំបន់។ ការតភ្ជាប់យុទ្ធសាស្ត្រនេះ មិនត្រឹមតែជាការរួមដំណើរផ្នែកនយោបាយសុទ្ធសាធប៉ុណ្ណោះទេ ប៉ុន្តែជាការលាយបញ្ចូលគ្នាយ៉ាងជិតស្និទ្ធនៃផលប្រយោជន៍ជាតិផងដែរ។ តាមនោះ វិបុលភាព និងការអភិវឌ្ឍរបស់ប្រទេសមួយ បម្រើជាកម្លាំងចលករដែលជំរុញការអភិវឌ្ឍនៃប្រទេសមួយទៀត”។
ជាមួយប្រទេសកម្ពុជា ការតភ្ជាប់គ្នានៃផលប្រយោជន៍កាន់តែច្បាស់ណាស់នៅក្នុងពាណិជ្ជកម្ម ការវិនិយោគ ការដឹកជញ្ជូន ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការព្រំដែន។ គម្រោងតភ្ជាប់ដូចជាផ្លូវល្បឿនលឿនទីក្រុងហូជីមិញ – ម៉ុកបៃ – បាវិត – ភ្នំពេញ ច្រកទ្វារព្រំដែន និងជើងហោះហើរត្រង់កំពុងរួមចំណែកដល់ការបង្រួញគម្លាត និងសម្រួលដល់ពាណិជ្ជកម្ម និងការធ្វើដំណើរ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Minh Vu បានសង្កត់ធ្ងន់ថា៖
“មិនត្រឹមតែការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តប៉ុណ្ណោះទេ ប្រទេសទាំងពីរក៏មានការតភ្ជាប់គ្នាកាន់តែជិតស្និទ្ធទាក់ទងនឹងគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ទៀតផង។ បញ្ហាកកស្ទះគោលនយោបាយ និងស្ថាប័ន កំពុងត្រូវបានសម្របសម្រួលដោះស្រាយ ដោយបង្កើតច្រករបៀងផ្លូវច្បាប់ និងគោលនយោបាយបើកចំហរជាងមុន សម្រាប់កិច្ចសហប្រតិបត្តិការដ៏ខ្លាំងក្លារវាងប្រទេសទាំងពីរ។ ភាគីទាំងពីរក៏កំពុងផ្លាស់ប្តូរយោបល់ដើម្បីបង្កើតយន្តការសហប្រតិបត្តិការសេដ្ឋកិច្ចថ្មី សំដៅលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត”។
នៅកម្រិតទូលំទូលាយជាង វៀតណាម ឡាវ និងកម្ពុជាចែករំលែកផលប្រយោជន៍ក្នុងការពង្រឹងការតភ្ជាប់អនុតំបន់មេគង្គ និងកសាងអាស៊ានដែលមានសាមគ្គីភាព និងភាពធន់។ វៀតណាម ឡាវ និងកម្ពុជា សុទ្ធតែស្ថិតនៅក្នុងលំហអភិវឌ្ឍន៍ដែលមានផលប្រយោជន៍ជាច្រើនដែលជាប់ទាក់ទងគ្នា។
បង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងសហប្រតិបត្តិការ
នៅក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកកំពុងផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស និងការប្រកួតប្រជែងយុទ្ធសាស្ត្រកើនឡើង ការតភ្ជាប់នេះកាន់តែមានអត្ថន័យ។ វៀតណាម ឡាវ និងកម្ពុជា សុទ្ធតែត្រូវការបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍ; ត្រូវការពង្រីកទំនាក់ទំនងកិច្ចការបរទេស ធ្វើពិពិធកម្មដៃគូ និងបង្កើនភាពខ្លួនទីពឹងខ្លួន និងភាពធន់នៃសេដ្ឋកិច្ចនីមួយៗ។ ប្រការនេះដាក់ចេញតម្រូវការនាំទំនាក់ទំនងសហប្រតិបត្តិការទៅកាន់ដំណាក់កាលថ្មីមួយ៖ ពីមូលដ្ឋានគ្រឹះនយោបាយរឹងមាំ ទៅកាន់អត្ថប្រយោជន៍សេដ្ឋកិច្ចជាក់ស្តែង; ពីកិច្ចសហប្រតិបត្តិការតាមវិស័យនីមួយៗ ទៅកាន់ការតភ្ជាប់លំហអភិវឌ្ឍន៍។
សម្រាប់ប្រទេសឡាវ តម្រូវការគឺត្រូវធានាថា ទំនាក់ទំនងនយោបាយដ៏ជិតស្និទ្ធពិសេសត្រូវបានឆ្លុះបញ្ចាំងឱ្យសក្តិសមជាងមុន នៅក្នុងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការតភ្ជាប់គ្នារវាងសេដ្ឋកិច្ចទាំងពីរ។ លោកឯកអគ្គរដ្ឋទូត Nguyen Minh Tam បានចាត់ទុកថា៖
“តម្រូវការគឺធ្វើយ៉ាងណាដើម្បីឲ្យទំនាក់ទំនងនយោបាយដ៏ជិតស្និទ្ធពិសេសត្រូវបានឆ្លុះបញ្ចាំងកាន់តែសក្តិសមនៅក្នុងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការតភ្ជាប់គ្នារវាងសេដ្ឋកិច្ចទាំងពីរ។ ក្នុងរយៈពេលខាងមុខ “ការតភ្ជាប់យុទ្ធសាស្ត្រ” នឹងកាន់តែជាក់ស្តែងថែមទៀត នៅពេលដែលសេដ្ឋកិច្ចទាំងពីរបំពេញគ្នាទៅវិញទៅមក គម្រោងរួមគ្នាបង្កើតតម្លៃ និងអត្ថប្រយោជន៍សម្រាប់ប្រជាជន និងអាជីវកម្មនៃប្រទេសទាំងពីរ”។
សម្រាប់ប្រទេសកម្ពុជា ការរំពឹងទុកក៏ឆ្ពោះទៅបង្កើតប្រព័ន្ធអេកូឡូស៊ីសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែជិតស្និទ្ធ។ លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បានធ្វើអត្ថាធិប្បាយថា៖
“ខ្ញុំចាត់ទុកថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង នៅកម្ពុជា មិនត្រឹមតែពង្រឹងបន្ថែមទៀតនូវការតភ្ជាប់គ្នាកាន់តែជិតស្និទ្ធ និងលក្ខណៈបំពេញបន្ថែមរវាងសេដ្ឋកិច្ចទាំងពីរប៉ុណ្ណោះទេ ថែមទាំងបើកឱកាសដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីសមាហរណកម្មសេដ្ឋកិច្ចកាន់តែទូលំទូលាយរវាងវៀតណាម និងកម្ពុជា ទៀតផង ដោយឆ្ពោះទៅរកគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់ ២០ ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះ”។
ដូច្នេះ ចំណុចគួរឱ្យកត់សម្គាល់នៃដំណើរទស្សនកិច្ចលើកនេះមិនត្រឹមតែស្ថិតនៅក្នុងការចរចា ឬកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាប៉ុណ្ណោះទេ។ អ្វីដែលសំខាន់ជាងនេះទៅទៀត គឺជាសមត្ថភាពក្នុងការប្រែក្លាយការឯកភាពគ្នាខាងនយោបាយទៅជាការតភ្ជាប់ថ្មី គម្រោងថ្មី និងអត្ថប្រយោជន៍ជាក់ស្តែងបន្ថែមទៀតសម្រាប់ប្រជាជន និងអាជីវកម្ម។ ពីព្រោះនៅក្នុងទំនាក់ទំនងវៀតណាម-ឡាវ-កម្ពុជា ប្រវត្តិសាស្ត្របង្កើតមូលដ្ឋានគ្រឹះ ការជឿទុកចិត្តបង្កើតការផ្សាភ្ជាប់ ហើយផលប្រយោជន៍រួម នឹងបង្កើតកម្លាំងចលករបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រយៈពេលវែង៕








