ក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក ង្វៀន មិញវ៉ូ បានឆ្លើយបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានមកពីវិទ្យុសំឡេងវៀតណាម អំពី​សារៈសំខាន់ និងការរំពឹងទុកនៃដំណើរទស្សនកិច្ច ក៏ដូចជាទិសដៅសំខាន់ៗក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ។

ឯកអគ្គរដ្ឋទូត ង្វៀន មិញវ៉ូ បានសង្កត់ធ្ងន់ថា នៅក្នុងបរិបទនៃស្ថានភាពអន្តរជាតិ និងតំបន់កាន់តែស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន ដំណើរទស្សនកិច្ចនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការសហការជាមួយកម្ពុជា ដើម្បីបង្កើតបរិយាកាសសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ​រួម​គ្នា។ នេះក៏ជាឱកាសសម្រាប់នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង ដើម្បីពិភាក្សាដោយផ្ទាល់ រឹតចំណងមិត្តភាពនិងការជឿទុកចិត្ត​ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃកម្ពុជា។

«​ដំណើរទស្សនកិច្ចនេះក៏បើកចេញ​ឱកាសដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីតភ្ជាប់សេដ្ឋកិច្ចកាន់តែទូលំទូលាយរវាងវៀតណាមនិងកម្ពុជា។ ដំបូងបង្អស់ គឺការភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដោយភាគីទាំងពីរបានឯកភាពគ្នាលើចំណុចតភ្ជាប់សម្រាប់ផ្លូវល្បឿនលឿនហូជីមិញ – ម៉ុកបៃ – បាវិត – ភ្នំពេញ ​អនុញ្ញាតឱ្យខ្សែ​ផ្លូវសំដ៏​ខាន់នេះ​ អាច​ត្រូវបានដាក់ឱ្យប្រើប្រាស់នៅចុងឆ្នាំ ២០២៧ ជួយសម្រួលដល់ការធ្វើដំណើរ ពាណិជ្ជកម្ម ទេសចរណ៍ និងជំរុញការផ្លាស់ប្តូររវាងប្រជាជន​​។ ក្រៅពីការតភ្ជាប់ផ្លូវ​គោក ភាគីទាំងពីរក៏បង្កើតការតភ្ជាប់ផ្លូវអាកាសជាមួយនឹងជើងហោះហើរត្រង់ជាច្រើនរវាងទីក្រុងធំៗ និងគោលដៅទេសចរណ៍នៅក្នុងប្រទេសទាំងពីរ; ជំរុញការតភ្ជាប់ចរាចណ៍ផ្លូវទឹក»៕