នៅក្នុងសុន្ទរកថាសំខាន់ក្នុងកិច្ចសន្ទនា អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានចែករំលែកទិសដៅមួយចំនួន ដើម្បីរួមគ្នាស្ថាបនា តំបន់អាស៊ី-ប៉ាស៊ីហ្វិកមួយ ប្រកបដោយសន្តិភាព ស្ថិរភាព អភិវឌ្ឍ មានភាពធន់ ជាមួយនឹងសមត្ថភាពក្នុងការកាត់បន្ថយហានិភ័យតាំងពីដំបូងទី និងពីចម្ងាយ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានបញ្ជាក់ថា ទាក់ទងនឹងសមុទ្រខាងកើត វៀតណាមគាំទ្រការដោះស្រាយជម្លោះ និងការខ្វែងគំនិតដោយសន្តិវិធី ឈរមូលដ្ឋានលើច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ វៀតណាមគោរពសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសដទៃទៀត។ ក្នុងពេលជាមួយគ្នានេះ ការពារឯករាជ្យ អធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការស្របច្បាប់របស់ខ្លួនយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួន ស្របតាមច្បាប់អន្តរជាតិ។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានសម្តែងនូវតម្រូវការក្នុងការបង្កើតរចនាសម្ព័ន្ធតំបន់បើកចំហ បរិយាប័ន្ន ដែលផ្តោតលើសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ វៀតណាមគាំទ្រ និងត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២៦ រួមជាមួយប្រទេសសមាជិក ដើម្បីពង្រឹងសន្តិភាព និងសន្តិសុខ បើកទូលាយច្រករបៀងនៃវិបុលភាព លើកកម្ពស់ការតភ្ជាប់ ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងចីរភាព ដោយយកប្រជាជនអាស៊ាននៅចំកណ្តាល។
ដោយសង្កត់ធ្ងន់លើតម្រូវការក្នុងការបង្កើតស្តង់ដារដែលមានទំនួលខុសត្រូវសម្រាប់បច្ចេកវិទ្យាថ្មីៗ និងឧស្សាហកម្មការពារជាតិ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមបានថ្លែងថា ក្នុងវិស័យការពារជាតិ និងសន្តិសុខ ត្រូវជំរុញការសន្ទនាលើបញ្ញាសិប្បនិម្មិត (AI)។ ឧស្សាហកម្មការពារជាតិត្រូវបម្រើការការពារខ្លួនស្របច្បាប់ និងស្ថិរភាពក្នុងតំបន់ ហើយមិនមែនក្លាយជាកម្លាំងចលករសម្រាប់ការប្រណាំងប្រជែងសព្វាវុធនោះទេ។
“ការពង្រឹងការការពារជាតិគឺជាតម្រូវការស្របច្បាប់ ប៉ុន្តែសន្តិសុខប្រកបដោយចីរភាពមិនអាចពឹងផ្អែកតែលើកម្លាំងយោធាបានទេ ហើយក៏មិនអាចសាងសង់លើការប្រណាំងប្រជែងសព្វាវុធ ឬដោយការបង្កើនអសន្តិសុខអភិវឌ្ឍន៍សម្រាប់ប្រទេសដទៃទៀតដែរ។ ប្រការដែលយើងត្រូវការគឺមូលដ្ឋានគ្រឹះអភិវឌ្ឍន៍ដែលមានភាពធន់ខ្ពស់ទៅនឹងការប៉ះទង្គិច ខ្សែសង្វាក់ផ្គត់ផ្គង់បើកចំហ និងចម្រុះ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដ៏រលូន កិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ បច្ចេកវិទ្យា និងធនធានមនុស្ស។ ហើយក្នុងពេលជាមួយគ្នានេះ លើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងការសង្គ្រោះគ្រោះមហន្តរាយ ការថែទាំសុខភាព សន្តិសុខទឹក សន្តិសុខស្បៀងអាហារ ថាមពល សន្តិសុខតាមអ៊ីនធឺណិត ការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងការស្វែងរក និងជួយសង្គ្រោះ។ នៅពេលដែលកិច្ចសហប្រតិបត្តិការធានាសុវត្ថិភាព ជីវភាពរស់នៅ និងកម្រិតជីវភាពរស់នៅប្រសើរឡើងរបស់ប្រជាជន ទំនុកចិត្តជាយុទ្ធសាស្ត្រនឹងត្រូវបានពង្រឹង”។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមបានថ្លែងថា អាស៊ីប៉ាស៊ីហ្វិកគឺជាលំហបើកចំហ ហើយប្រទេសទាំងអស់ដែលមានផលប្រយោជន៍ស្របច្បាប់អាចរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដោយមានការទទួលខុសត្រូវ។ ការរួមចំណែកដល់សន្តិភាពក្នុងតំបន់ក៏ការពារផលប្រយោជន៍រយៈពេលវែងរបស់វៀតណាមផងដែរ។ វៀតណាមត្រៀមខ្លួនរួចជាស្រេចរួមជាមួយប្រទេសនានាទាំងក្នុង និងក្រៅតំបន់ ដើម្បីពង្រឹងនីតិរដ្ឋ កសាងទំនុកចិត្ត លើកកម្ពស់ការសន្ទនា បង្កើនកិច្ចសហប្រតិបត្តិការ កាត់បន្ថយហានិភ័យ និងរួមគ្នាស្ថាននាតំបន់អាស៊ីប៉ាស៊ីហ្វិកមួយដែលមានសុវត្ថិភាព មានភាពធន់និងវិបុលភាពជាង៕





