មុននោះ នៅក្នុងអត្ថបទមួយនៅលើបណ្តាញសង្គម លោក​ ប្រធានាធិបតី ដូណាល ត្រាំ ក៏បានជូនដំណឹងអំពីកិច្ចប្រជុំនេះ ដោយបញ្ជាក់សារ​ជាថ្មីនូវការទាមទារ​កាលពីមុន​ថា អ៊ីរ៉ង់យល់ព្រមមិនអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងបើកផ្លូវដឹកជញ្ជូន​ដ៏សំខាន់​ឆ្លងកាត់ច្រកសមុទ្រហ័រមូសឡើងវិញ។ លោ​ក ដូណាល ត្រាំ ក៏បានសរសេរថា ទីក្រុងតេអេរ៉ង់នឹងត្រូវការ​​សម្អាត​មីននៅក្នុងច្រកសមុទ្រហ័រមូស ហើយមិនគិតថ្លៃ​សម្រាប់ការឆ្លងកាត់ទេ ជាថ្នូរនឹងការដក​បទហ៊ុំព័ទ្ធរបស់​អាមេរិកលើ​កំពង់ផែអ៊ីរ៉ង់។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Esmaeil Baqaei បានបដិសេធលក្ខខណ្ឌទាំងនេះ ដោយបញ្ជាក់ថា ភាគីទាំងពីរកំពុងបន្តការពិភាក្សា ប៉ុន្តែមិនទាន់ឈានដល់កិច្ចព្រមព្រៀងចុងក្រោយឡើយ។ ទាក់ទងនឹងលទ្ធភាពនៃការបើកច្រកសមុទ្រហ័រមូសឡើងវិញ លោក Baghaei បានសង្កត់ធ្ងន់ថា ការគ្រប់គ្រងច្រកសមុទ្រនាពេលអនាគត «ទាក់ទងនឹងអ៊ីរ៉ង់ និងអូម៉ង់តែ​ប៉ុណ្ណោះ»៕​