នាថ្ងៃទី ៣០ ខែឧសភានេះ ដើម្បីឆ្លើយតបទៅនឹងសំណួរអំពីប្រតិកម្មរបស់វៀតណាមចំពោះការដែល តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) បានប្រកាសនៅថ្ងៃទី ២៩ ខែឧសភា អំពីការផ្តួចផ្តើមការស៊ើបអង្កេតក្រោមមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្ម ឆ្នាំ ១៩៧៤របស់សហរដ្ឋអាមេរិក ចំពោះបញ្ហាមួយចំនួនទាក់ទងនឹងការគាំពារ និងអនុវត្តន៍កម្មសិទ្ធិបញ្ញារបស់វៀតណាម អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រីហ្វាម ធូ ហាំងបានថ្លែងថា៖ ទស្សនៈ កិច្ចខិតខំប្រឹងប្រែង និងលទ្ធផលរបស់វៀតណាមក្នុងវិស័យគាំពារ និងអនុវត្តន៍កម្មសិទ្ធិបញ្ញាត្រូវបានគូសបញ្ជាក់យ៉ាងច្បាស់នៅក្នុងសេចក្តីថ្លែង ដែលបានធ្វើឡើងនៅថ្ងៃទី ១ និងថ្ងៃទី ១៤ ខែឧសភាកន្លងមក។ ការពង្រឹងការគាំពារ និងការអនុវត្តកម្មសិទ្ធិបញ្ញាគឺជាគោលនយោបាយឥតងាករ៉េរបស់វៀតណាម សំដៅកសាងបរិយាកាសវិនិយោគនិងធុរកិច្ចដែលមានតម្លាភាព ជំរុញការច្នៃប្រឌិត និងការអនុវត្តយ៉ាងពេញលេញរាល់ការប្តេជ្ញាចិត្តអន្តរជាតិ។

ការដែល USTR ចាប់ផ្តើមការស៊ើបអង្កេតតាមមាត្រា ៣០១ គឺដំណើរការតាមច្បាប់សហរដ្ឋអាមេរិក។ បញ្ហាពាក់ព័ន្ធនឹងបន្តត្រូវបានពិចារណាតាមរយៈការផ្លាស់ប្ដូរ និងការពិគ្រោះយោបល់រវាងភាគីទាំងពីរក្នុងអំឡុងពេលដំណើរការស៊ើបអង្កេត។ ក្នុងរយៈពេលកន្លងមក ភាគីទាំងពីរបានរក្សាការផ្លាស់ប្ដូរយ៉ាងដិតដល់លើបញ្ហានេះ។ ភាគីសហរដ្ឋអាមេរិកទទួលស្គាល់ជាវិជ្ជមានចំពោះគោលនយោបាយ ក៏ដូចជាវិធានការរបស់វៀតណាម។ វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីបន្តពិគ្រោះយោបល់ ចែករំលែកព័ត៌មាន និងបញ្ជាក់ឱ្យច្បាស់អំពីគោលនយោបាយ បទប្បញ្ញត្តិ និងវិធានការដែលកំពុងត្រូវបានអនុវត្ត ហើយនឹងត្រូវបានអនុវត្តន៍។ ទន្ទឹមជាមួយគ្នានោះ ស្នើរឲ្យភាគីសហរដ្ឋអាមេរិកវាយតម្លៃ និងទទួលស្គាល់យ៉ាងពេញលេញនូវកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលជាក់ស្តែងរបស់វៀតណាម​ ឈរលើស្មារតីនៃកិច្ចសហប្រតិបត្តិការ និងការចូលរួមប្រកបដោយស្ថាបនា ស្របតាមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហរដ្ឋអាមេរិក ដើម្បីផលប្រយោជន៍របស់ប្រជាជន និងអាជីវកម្មនិយាយដោយឡែក និងរបស់ប្រទេសទាំងពីរនិយាយរួម៕