ជាមួយនឹងឆ្នេរសមុទ្រប្រវែងជាង ៣.២៦០ គីឡូម៉ែត្រ តំបន់សេដ្ឋកិច្ចផ្តាច់មុខជាង ១ លានគីឡូម៉ែត្រការ៉េ និងធនធានខ្យល់នៅឯនាយសមុទ្រដ៏សម្បូរបែប គឺជាឱកាសសម្រាប់វៀតណាមក្នុងការអភិវឌ្ឍថាមពលស្អាតទ្រង់ទ្រាយធំ។ ការអភិវឌ្ឍថាមពលវាយោអគ្គិសនីនៅឯនាយសមុទ្រ នឹងរួមចំណែកដល់ការកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈនាំចូល ធ្វើពិពិធកម្មរចនាសម្ព័ន្ធប្រភពថាមពល និងបង្កើនភាពធន់នឹងការប្រែប្រួលនៃទីផ្សារពិភពលោក តាមនោះ រួមចំណែកដល់ការធានាសន្តិសុខថាមពលជាតិ។ គោលដៅរបស់វៀតណាមក្នុងការអភិវឌ្ឍសមត្ថភាពថាមពលវាយោអគ្គិសនីនៅឯនាយសមុទ្រចំនួន ៦.០០០-១៧.០០០ MW (៦-១៧ GW) ដើម្បីបម្រើតម្រូវការអគ្គិសនីក្នុងស្រុក។ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hoang Long បានឱ្យដឹងថា ជាមួយនឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យានាបច្ចុប្បន្ននេះ ថាមពលវាយោអគ្គិសនីនៅឯនាយសមុទ្រអាចក្លាយជាធនធានដ៏សំខាន់សម្រាប់តម្រូវការអគ្គិសនីក្នុងស្រុក ការនាំចេញអគ្គិសនីបៃតង និងការអភិវឌ្ឍអ៊ីដ្រូសែនបៃតង។
«គម្រោងថាមពលវាយោអគ្គិសនីនៅឯនាយសមុទ្រគឺជាគម្រោងដ៏ធំមួយ។ គោលដៅរបស់យើងនៅពេលសាងសង់គម្រោងថាមពលវាយោអគ្គិសនីនៅឯនាយសមុទ្រមិនត្រឹមតែសាងសង់គម្រោងផលិតថាមពលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតជាខ្សែសង្វាក់ឧស្សាហកម្មនិងសេវាកម្មថាមពលវាយោអគ្គិសនីនៅឯនាយសមុទ្រជាបណ្ដើរៗ ដោយបង្កើតការងារសម្រាប់មនុស្សរាប់សែននាក់ បង្កើនប្រាក់ចំណូល និងលើកកម្ពស់សមត្ថភាពឧស្សាហកម្មជាតិ។ ក្នុងរយៈពេលវែង វៀតណាមឆ្ពោះទៅរកគោលដៅក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្ម និងសេវាកម្មថាមពលវាយោអគ្គិសនីនៅឯនាយសមុទ្ររបស់តំបន់និងពិភពលោក»។
បច្ចុប្បន្ន វៀតណាមបានចាត់ទុក ថាមពលវាយោអគ្គិសនីនៅឯនាយសមុទ្រមិនត្រឹមតែជាការអភិវឌ្ឍប្រភពថាមពលប្រភេទថ្មីដើម្បីបំពេញបន្ថែមប្រភពថាមពលស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកចេញឱកាសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រដែលនាំឱ្យមានការអភិវឌ្ឍឧស្សាហកម្ម និងសេវាកម្មបច្ចេកទេសគុណភាពខ្ពស់ទៀតផង។ ពីការនាំចេញគ្រឹះទួរប៊ីនខ្យល់ទ្រង់ទ្រាយធំចំនួន ៣៣ កាលពីខែមិថុនាឆ្នាំ២០២៥ និងការធ្វើជាអ្នកម៉ៅការសម្រាប់ស្ថានីយបំលែងអគ្គិសនីនៅឯនាយសមុទ្រចំនួន ១០ ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនសេវាកម្មបច្ចេកទេសប្រេងនិងឧស្ម័នវៀតណាម (PTSC) នៃសារជីវកម្មថាមពលជាតិវៀតណាម បានបង្ហាញពីសមត្ថភាពចូលប្រើបច្ចេកវិទ្យា និងសម្រេចបានជោគជ័យនៅក្នុងវិស័យជាច្រើននៃឧស្សាហកម្មថាមពលវាយោអគ្គិសនីនៅឯនាយសមុទ្រ។ លោក Nguyen Tuan ប្រធានផ្នែកពាណិជ្ជកម្មរបស់ PTSC បានចែករំលែកថា៖
«គម្រោងគ្រឹះទួរប៊ីនខ្យល់សម្រាប់ប្រព័ន្ធថាមពលវាយោអគ្គិសនីនៅឯនាយសមុទ្រ បានបង្កើតប្រាក់ចំណូលនាំចេញជាង ៣០០-៤០០ លានដុល្លារអាមេរិក ដោយបង្កើតការងារសម្រាប់មនុស្សជិត ៣.០០០ នាក់មកពីសហគ្រាសក្នុងស្រុកជិត ១០០ ក្នុងរយៈពេល ៣ ឆ្នាំ។ សូម្បីតែកិច្ចសន្យាតូចមួយក៏បាននាំមកនូវការងារធ្វើ ប្រាក់ចំណូលនិងរូបិយប័ណ្ណបរទេស ដែលជាអត្ថប្រយោជន៍ដ៏ធំធេងណាស់។ ប្រការនេះ ក៏មានអត្ថប្រយោជន៍ផ្សេងទៀតសម្រាប់ប្រទេសជាតិ គឺភាពខ្លួនទីពឹងខ្លួន។ ប្រសិនបើវៀតណាមមិនបង្កើតឧស្សាហកម្មវាយោអគ្គិសនីនៅឯនាយសមុទ្រនោះទេ គឺមិនអាចសម្រេចបាននូវភាពខ្លួនទីពឹងខ្លួន ដើម្បីផលិតបាន ១៦-១៧ GW នៅឆ្នាំ ២០៣៥ បានទេ ដោយសារតែការពឹងផ្អែកលើប្រភពផ្គត់ផ្គង់ពីបរទេស»។
យោងតាមអ្នកជំនាញ វាយោអគ្គិសនីនៅឯនាយសមុទ្រកំពុងឈរនៅចំពោះមុខឱកាសប្រវត្តិសាស្ត្រដើម្បីទម្លុះទម្លាយ; ជាឱកាសសម្រាប់វិស័យមេកានិច ឧស្សាហកម្មគាំទ្រ សំណង់ ការដឹកជញ្ជូនតាមសមុទ្រ និងវិស័យសេវាកម្មបច្ចេកទេសដើម្បីអភិវឌ្ឍរួមគ្នា។ នៅពេលដែលអត្រាធ្វើមូលដ្ឋានីយកម្មកើនឡើង តម្លៃបន្ថែមនឹងមិនត្រឹមតែស្ថិតនៅក្នុងបរិមាណអគ្គិសនីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងសមត្ថភាពធ្វើជាម្ចាស់លើបច្ចេកវិទ្យា អភិវឌ្ឍសហគ្រាសក្នុងស្រុក និងចូលរួមនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលជាបណ្ដើរៗ។ លោកបណ្ឌិត Du Van Toan វិទ្យាស្ថានឧតុនិយម ជលសាស្ត្រ បរិស្ថាន និងវិទ្យាសាស្ត្រសមុទ្រ ក្រសួងកសិកម្មនិងបរិស្ថាន បានបញ្ជាក់ថា៖
«មិនត្រឹមតែបើកចេញឱកាសដើម្បីបង្កើតខ្សែសង្វាក់ផលិតកម្ម និងសេវាកម្មទ្រង់ទ្រាយធំប៉ុណ្ណោះទេ ប៉ុន្តែវាយោអគ្គិសនីនៅឯនាយសមុទ្រក៏បង្កើតឱកាសវិនិយោគដ៏សំខាន់សម្រាប់តំបន់ឆ្នេរសមុទ្រទៀតផង។ បច្ចុប្បន្ននេះ វៀតណាមមានខេត្ត និងទីក្រុងឆ្នេរសមុទ្រចំនួន ២១ ហើយភាគច្រើនមានលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍថាមពលវាយោអគ្គិសនីនៅឯនាយសមុទ្រ។ ជាមួយនឹងកសិដ្ឋានវាយោអគ្គិសនីនៅឯនាយសមុទ្រស្តង់ដារដែលមានសមត្ថភាពប្រហែល ៥០០MW ការវិនិយោគសរុបអាចឈានដល់ជិត ២ ពាន់លានដុល្លារអាមេរិក។ ប្រសិនបើមូលដ្ឋាននៅតាមឆ្នេរសមុទ្រ សុទ្ធតែអនុវត្តគម្រោងទ្រង់ទ្រាយធំនេះជាបណ្ដើរៗ ទុនវិនិយោគសរុបនឹងមានច្រើនណាស់ មិនត្រឹមតែបង្កើតសន្ទុះសម្រាប់កំណើននៃមូលដ្ឋាននីមួយៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ដល់ការសម្រេចបាននូវគោលដៅកំណើនពីរខ្ទង់ របស់ប្រទេសជាតិទាំងមូលទៀតផង»។
បច្ចុប្បន្ននេះ សារជីវកម្មអគ្គិសនីវៀតណាម និងសារជីវកម្មឧស្សាហកម្មថាមពលជាតិវៀតណាម បានធ្វើការពិនិត្យលើគម្រោងកសិដ្ឋានវាយោអគ្គីសនីនៅឯនាយសមុទ្រ នៅភាគខាងជើង និងភាគខាងត្បូង។ ទន្ទឹមនឹងនោះ សហគ្រាសក្នុងស្រុកនិងវិនិយោគិនបរទេសជាច្រើនមកពីប្រទេសដាណឺម៉ាក សហរដ្ឋអាមេរិក និងជប៉ុន ក៏ត្រូវបានផ្តល់អាជ្ញាប័ណ្ណឱ្យពិនិត្យសមុទ្រដែលមានសមត្ថភាពសរុបប្រហែល ១០ GW។
ស្ថានភាពជាក់ស្តែងបានសរឱ្យឃើញថា ប្រទេសណាដែលបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ថាមពលវាយោអគ្គិសនីនៅឯនាយសមុទ្រយ៉ាងឆាប់រហ័ស នឹងទទួលបានអត្ថប្រយោជន៍យ៉ាងសំខាន់ក្នុងការប្រកួតប្រជែងសម្រាប់បច្ចេកវិទ្យាបៃតង និងឧស្សាហកម្មថាមពល។ មិនត្រឹមតែប៉ុណ្ណោះទេ ថាមពលវាយោអគ្គីសនីនៅឯនាយសមុទ្រ ក៏ដើរតួនាទីជាកម្លាំងចលករដ៏សំខាន់ដើម្បវៀតណាមសម្រេចបាននូវសេចក្តីប្រាថ្នាក្លាយជា “ប្រទេសសមុទ្រដ៏រឹងមាំ” នៅក្នុងទសវត្សរ៍ខាងមុខផងដែរ៕








