(VOVWORLD) - បន្ទាប់ពីប្រមូលផលដំណាំ និងត្រៀមអំណរនិទាឃរដូវថ្មី ប្រជាជនជនជាតិប៉ាកូ (Pa Ko) នៅភាគខាងលិចខេត្ត Quang Tri បានរៀបចំពិធី តភ្ជាប់ខ្សែវិញ្ញាណអរព្រះគុណអារក្សភ្នំ។ នេះជាទំនៀមទម្លាប់ដ៏វិសេសវិសាលមួយ ដែលមានតាំងពីរាប់រយឆ្នាំមកហើយ ជាកាយវិការនៃការដឹងគុណចំពោះព្រះគីរី ដែលបានថែរក្សាការពារអ្នកភូមិរស់នៅក្នុងភាពសុខសានត្រាន។
“តភ្ជាប់ខ្សែវិញ្ញាណអរព្រះគុណអារក្សភ្នំ” - ទំនៀមទម្លាប់ដ៏វិសេសវិសាលរបស់ប្រជាជនប៉ាកូ (រូបថត៖ Dinh Thieu/VOV) |
ក្នុងថ្ងៃដំបូងនៃឆ្នាំ ប្រជាជនត្រកូលក្រៃ (Kray) ជនជាតិប៉ាកូ ក្នុងភូមិ A Lieng ឃុំ Ta Rut ស្រុកភ្នំ Dakrong ខេត្ត Quang Tri បានប្រមូលផ្តុំគ្នា វិលត្រឡប់ទៅស្រុកកំណើតវិញ។ ពេលព្រលឹមស្រាងៗ មនុស្សទាំងចាស់ ក្មេង ទាំងប្រុសស្រី ក្នុងសំលៀកបំពាក់ប្រពៃណី បានប្រមូលផ្តុំគ្នានៅក្នុងទីធ្លាភូមិ ដើម្បីចូលរួមក្នុងពិធីនេះ។ នៅកណ្តាលទីធ្លាភូមិ ប្រជាជនបានសង់បង្គោលឈើដ៏ខ្ពស់រឹងមាំ (ហៅថា បង្គោលពិធីបុណ្យ)។ ខ្សែសំណាញ់ពណ៌សត្រូវបានតភ្ជាប់ពីបង្គោលពិធីបុណ្យ ទៅកាន់ វិហារគ្រួសារក្រៃ ដែលជានិមិត្តរូបនៃ ខ្សែវិញ្ញាណអរព្រះគុណដល់អារក្សភ្នំ។
“តភ្ជាប់ខ្សែវិញ្ញាណអរព្រះគុណអារក្សភ្នំ” គឺជាឱកាសមួយដើម្បីពង្រឹងសាមគ្គីភាពសហគមន៍ (រូបថត៖ Dinh Thieu/VOV) |
អារក្សភ្នំដែលការពារគ្រួសារក្រៃរបស់ប្រជាជនប៉ាកូនៅភូមិ A Lieng គឺជាព្រះនៃភ្នំ Plang ជាភ្នំខ្ពស់បំផុតនៅតំបន់ Ta Rut - Huc Nghi។ អ្នកស្រី Kray Suong នៅភូមិ A Lieng ឃុំ Ta Rut ចូលរួមពិធីបុណ្យនេះជាលើកដំបូងបានចែករំលែកថា៖
“យើងបានរៀនសូត្រច្រើនពីដូនតាយើង ដូច្នេះយើងតែងតែរក្សាវប្បធម៌ប្រពៃណីរបស់ជនជាតិប៉ាកូ។ ទំនៀមទម្លាប់គឺត្រូវបានរក្សាទុក មិនត្រូវបានលុបចោលបានឡើយ”។
ពិធីតភ្ជាប់ខ្សែវិញ្ញាណអរព្រះគុណអារក្សភ្នំរបស់ប្រជាជន Pa Ko ប្រារព្វធ្វើឡើងរៀងរាល់ពេលពី ៧ ទៅ ១០ ម្តង។ អាស្រ័យលើគ្រួសារនីមួយៗ ទម្រង់នៃពិធីគឺខុសគ្នា។ ដោយអាស្រ័យលើស្ថានភាពសេដ្ឋកិច្ច គ្រួសារបានបរិច្ចាគគោ ពពែ មាន់ អង្ករដំណើបក្នុងបំពង់ឬស្សី ត្រីក្នុងបំពង់ឬស្សី ។ល។ អ្នកភូមិ ពីចាស់ដល់ក្មេង ទាំងប្រុសស្រីក៏ត្រូវស្លៀកសម្លៀកបំពាក់ថ្មី និងសំលៀកបំពាក់ប្រពៃណីប៉ាកូដែរ ពេលចូលរួមពិធី។ ដើម្បីបង្ហាញពីសាមគ្គីភាព ពួកគេដើរជារង្វង់ជុំវិញក្រណាត់ចរបាប់មួយផ្ទាំងដែលទើបនឹងត្បាញថ្មី ហើយរាំតាមសំឡេងគងឃ្មោះ ស្គរ និងខ្លុយ។ ពួកគេរាំជុំវិញភ្លើងដែលតែងតែឆេះ ដើម្បីរក្សាភាពកក់ក្តៅពេញមួយយប់ រហូតដល់ព្រឹកបន្ទាប់ ហើយបានបញ្ចប់ដោយពិធីបួងសួងសុំសេចក្តីសុខ។
សិប្បករឆ្នើម Kray Suc |
សិប្បករឆ្នើម Kray Suc ដែលមានជំនាញក្នុងការប្រមូល និងស្រាវ ជ្រាវវប្បធម៌ពិធីបុណ្យរបស់ជនជាតិ Pa Ko នៅខេត្ត Quang Tri ជឿជាក់ថា ពិធីតភ្ជាប់ខ្សែវិញ្ញាណអរព្រះគុណអារក្សភ្នំ គឺជាទំនៀមទម្លាប់ដ៏សំខាន់ និងមានអត្ថន័យក្នុងជីវភាពរស់នៅរបស់ប្រជាជនប៉ាកូ។ នេះជាពិធីថ្លែងអំណរគុណនិងនិងបង្កប់អត្ថន័យ ជោគវាសនារបស់ជនជាតិប៉ាកូ ដែលមនុស្សជាច្រើនមិនទាន់ស្គាល់ ព្រោះពិធីបុណ្យនេះមានតាំងពីយូរយារណាស់មកហើយ និងគងវង្សស្ថិរភាពរាប់រយឆ្នាំមកហើយ។ ការស្តារនិងរៀបចំពិធីនេះឡើងវិញ ជួយមនុស្សជំនាន់ក្រោយក្នុងគ្រួសារបានដឹងពីអំពើល្អរបស់បុព្វបុរស ទំនៀមទម្លាប់កត្តាញូវធម៌រវាងព្រះគីរីនិងជីវភាពប្រចាំថ្ងៃរបស់មនុស្ស។ យោងតាម សិប្បករឆ្នើម Kray Suc នេះក៏ជាឱកាសមួយដើម្បីពង្រឹងសាមគ្គីភាពសហគមន៍នៅតាមភូមិនីមួយៗ និងត្រកូលរបស់ប្រជាជនប៉ាកូ។
“ពិធីបុណ្យនេះមានសារៈសំខាន់ និងពោរពេញដោយអត្ថន័យ ចំពោះជីវភាពរស់នៅរបស់ជនជាតិប៉ាកូ។ តាមរយៈពិធីបុណ្យនេះ មនុស្សគ្រប់រូបដឹងគុណរបស់មនុស្សចំពោះព្រៃភ្នំ និងធម្មជាតិ។ ដោយសារការប្រទានពររបស់ព្រះភ្នំ ប្រជាជន A Lieng បានបង្កើតកូន មានជីវិតសុខសាន្ត និងរស់នៅរហូតដល់សព្វថ្ងៃ។ យើងត្រូវអភិរក្ស និងលើកតម្កើងតម្លៃវប្បធម៌នៃពិធីបុណ្យតភ្ជាប់វិញ្ញាណអរព្រះគុណអារក្សភ្នំនេះ”។
មានពេលខ្លះដែលជីវភាពបានផ្លាស់ប្តូរច្រើន ហើយពិធីភ្ជាប់វិញ្ញាណអរព្រះគុណព្រះគីរី របស់ប្រជាជន Pa Ko ក្នុងខេត្ត Quang Tri ត្រូវបានបាត់បង់បន្តិចម្តងៗ។ ប៉ុន្តែក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ត្រកូល Kray ជនជាតិប៉ាកូនៅភូមិ A Lieng ឃុំ Ta Rut ស្រុកភ្នំ Dakrong ខេត្ត Quang Tri បានស្ដារ និងរៀបចំឡើងវិញ ធ្វើឲ្យរស់រានមានជីវិតវិញនូវទំនៀមទម្លាប់ដ៏វិសេសវិសាលមួយនេះ។ ហើយនេះក៏ជាឱកាសមួយដើម្បីបង្រៀនមនុស្សជំនាន់ក្រោយពីរបៀបប្រព្រឹត្តជាមួយធម្មជាតិ និងពិភពលោកជុំវិញ។ អាស្រ័យហេតុនេះ ថែរក្សា អភិរក្សនិងលើកតម្កើងសោភ័ណភាពវប្បធម៌ ដែលបង្កប់ដោយអត្តសញ្ញាណរបស់ជនជាតិ Pa Ko៕








