(VOVWORLD) - វៀតណាមតែងតែចាត់ទុក បែលហ្ស៊ិកជាដៃគូសំខាន់មួយ នៅក្នុងសហភាពអឺរ៉ុប (EU)។ នេះជាការបញ្ជាក់របស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតបែលហ្ស៊ិកប្រចាំនៅវៀតណាម លោក Karl Van Den Bossche នាថ្ងៃទី ២៦ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិ បត្តិការវៀតណាម-បែលហ្ស៊ិក។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតបែលហ្ស៊ិកប្រចាំនៅវៀតណាម (រូបថត៖ VGP/Nhat Bac) |
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរ បន្តបង្កើនប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការទ្វេភាគី និងសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងវេទិកា និងអង្គការអន្តរជាតិ។ ទន្ទឹមជាមួយគ្នានោះ ភាគីទាំងពីរបន្តរក្សានិងជំរុញ កិច្ចសហប្រតិបត្តិការក្នុងវិស័យប្រពៃណីដូចជា ការពារជាតិ សន្តិសុខ វប្បធម៌ អប់រំ និងបណ្តុះបណ្តាល ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ទេសចរណ៍ ក៏ដូចជា ពង្រីកកិច្ចសហប្រតិបត្តិការទៅក្នុងវិស័យយុទ្ធសាស្ត្រអំពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា បន្ទះឈីបស៊ីមីកុងដុកទ័រ ការដឹកជញ្ជូន។ល។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យបែលហ្ស៊ិកផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគ រវាង វៀតណាម និងសហភាពអឺរ៉ុប (EVIPA) ឱ្យបានឆាប់ៗ និងមានសំឡេងគាំទ្រគណៈកម្មការអឺរ៉ុប (EC) ចំពោះការដកកាតលឿង IUU លើអាហារសមុទ្រវៀតណាម។ លើកទឹកចិត្តអាជីវកម្មបែលហ្ស៊ិកឱ្យបង្កើនការវិនិយោគនៅវៀតណាម; បន្តផ្តល់ជំនួយឥតសំណង់ ជាពិសេសសម្រាប់គម្រោងនានាក្នុងវិស័យអប់រំនិងបណ្តុះបណ្តាល ការបណ្តុះបណ្តាលវិជ្ជាជីវៈ សុខភាព បរិស្ថាន និងការដោះស្រាយផលវិបាកនៃសង្គ្រាម។
រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Karl Van Den Bossche បានបញ្ជាក់ថា បែលហ្ស៊ិកតែងតែត្រៀមខ្លួនជាស្រេចដើម្បីរួមដំណើរជាមួយវៀតណាមក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខ្លួន រួមទាំងការដោះស្រាយផលវិបាកនៃសង្គ្រាមផងដែរ៕








