(VOVWORLD) - ក្នុងសម្លៀកបំពាក់ឯកសណ្ឋានពណ៌បៃតង យុទ្ធនារីនៃកងទ័ពប្រជាជន វៀតណាមមិនត្រឹមតែបង្ហាញពីភាពទន់ភ្លន់របស់នារីវៀតណាមសុភាពរាបសារប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីឆន្ទៈ ការតាំងចិត្ត និងការតស៊ូព្យាយាមក្នុងបុព្វហេតុកសាង និងការពារមាតុភូមិក្នុងវិស័យការពារជាតិទៀតផង។ ក្នុងនោះ វរសេនីយ៍ទោ Le Thi Hang នាយិការមជ្ឈមណ្ឌល C៤ វិទ្យាស្ថានអាកាសចរណ៍អវកាស Viettel សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម - ទូរគមនាគមន៍យោធា និងវរសេនីយ៍ត្រី Vu Nhat Huong ជំនួយការនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នាយកដ្ឋានរក្សាសន្តិភាពវៀតណាម គឺជាគំរូឆ្នើមពីរនាក់ ជាមួយនឹងការរួមចំណែកដ៏ឆ្នើម។ អ្នកទាំងពីរបានបង្ហាញថា ក្នុងជួរកងទ័ព ស្ត្រីមិនត្រឹមតែជាសមរភូមិខាងក្រោយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកម្លាំងនៅខ្សែប្រយុទ្ធជួរមុខទៀតផង។
“នៅពេលដែលនាងខ្ញុំនិងក្រុមវិស្វករ ត្រូវបានចាត់តាំងឱ្យស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាមីស៊ីល ស្នូល យើងត្រូវប្រឈមមុខនឹងបញ្ហាជាច្រើន ដែលហាក់ដូចជាមិនអាចជំនះពុះពារបានដែរ។ ជាពិសេស ក្នុងនាមជាស្ត្រី សម្រាប់រូបខ្ញុំ បញ្ហាប្រឈមកាន់តែធំ នៅពេលដែលខ្ញុំត្រូវបំពេញតួនាទីជាម្តាយដែលមានកូនតូចៗ ពីរនាក់ និងការទទួលខុសត្រូវរបស់ស្ត្រីក្នុងគ្រួសារផង”។
នេះជាការសំណេះសំណាលរបស់វរសេនីយ៍ទោ Le Thi Hang ដែលជាវិស្វករយោធាស្ត្រីដ៏កម្រម្នាក់ ដែលស្រាវជ្រាវវិទ្យាសាស្ត្របច្ចេកវិទ្យាខ្ពស់ក្នុងវិស័យកាំជ្រួច ដែលជាវិស័យសម្រាប់តែបុរស។ មិនត្រឹមតែទទួលតួនាទីគ្រប់គ្រងប៉ុណ្ណោះទេ នាងក៏បានចូលរួមដោយផ្ទាល់នៅក្នុងកិច្ចការយុទ្ធសាស្ត្រ រួមទាំងការស្រាវជ្រាវ និងផលិតក្បាលនាំផ្លូវមីស៊ីលផងដែរ។ ដោយរំលឹកឡើងវិញពីពេលវេលាដែលនាងចាប់ផ្តើមដំណើរការស្រាវជ្រាវរបស់ខ្លួន វរសេនីយ៍ទោ Le Thi Hang បាននិយាយថា៖ “មានពេលខ្លះដែលសម្ពាធទាំងអស់កើតឡើងក្នុងពេលតែមួយ ធ្វើឱ្យខ្ញុំឆ្ងល់ថា តើខ្ញុំមានកម្លាំងដើម្បីបន្តដែរឬទេ? ប៉ុន្តែខ្ញុំក៏ប្រាប់ខ្លួនឯងថា បើខ្ញុំដើរថយក្រោយ តើនរណានឹងបោះជំហានទៅមុខ? បើខ្ញុំបោះបង់ តើការលំបាកនេះនឹងផ្ទេរឲ្យអ្នកណា”?
វរសេនីយ៍ទោ Le Thi Hang នាយិការមជ្ឈមណ្ឌល C៤ វិទ្យាស្ថានអាកាសចរណ៍អវកាស Viettel សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម - ទូរគមនាគមន៍យោធា (រូបថត៖ phunuquandoi.vn) |
ជាមួយនឹងចំណង់ចំណូលចិត្ត ការតស៊ូ ការច្នៃប្រឌិត និងស្មារតី "ដរាបណាមានការងារ និងកម្លាំង នោះហើយយើងនឹងបំពេញឲ្យទាល់តែបាន" នាងនិងសហការីបានដោះស្រាយបញ្ហាស្មុគស្មាញបំផុតនៃឧស្សាហកម្មបច្ចេកវិទ្យាការពារជាតិបន្តិចម្តងៗ។ ក្រុមស្រាវជ្រាវបានកាត់បន្ថយពេលវេលាផលិត និងសាកល្បងយ៉ាងសំខាន់ ដោយជួយសន្សំប្រាក់រាប់រយពាន់លានដុងសម្រាប់ថវិកាការពារជាតិ។ នៅឆ្នាំ ២០២០ ផលិតផលក្បាលគ្រាប់មីស៊ីលនាំផ្លូវដោយក្រុមស្រាវជ្រាវបង្កើតឡើង ត្រូវបានក្រសួងការពារប្រទេសទទួលស្គាល់ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅពេលដែលវៀតណាមជាលើកដំបូងដែលមានភាពគ្រប់គ្រាន់ក្នុងការស្រាវជ្រាវ រចនា និងផលិតក្បាលគ្រាប់នាំផ្លូវដោយជោគជ័យ ដែលជាផ្នែកសំខាន់បំផុតនៃប្រព័ន្ធមីស៊ីល។
“ផលិតផលមានគុណភាពដូចផលិតផលបរទេស មានសារៈសំខាន់ខ្លាំងខាងនយោបាយ យោធា និងសេដ្ឋកិច្ច... ជាពិសេសរួមចំណែកដល់សន្តិសុខ និងប្រតិបត្តិការប្រកបដោយជោគជ័យ ពង្រឹងកម្លាំង និងការត្រៀមប្រយុទ្ធរបស់កងទ័ពវៀតណាម"។
វរសេនីយ៍ទោ Le Thi Hang ធ្វើការជាមួយសហការីនៅមជ្ឈមណ្ឌលស្រាវជ្រាវផលិតផល។ រូបថត៖ phunuquandoi.vn |
មិនឈប់ត្រឹមនេះទេ ក្នុងរយៈពេល ៨ ឆ្នាំកន្លងមកនេះ នាងនិងមិត្តរួមក្រុមបានបង្កើតដោយជោគជ័យនូវ ផលិតផលចំនួន ៣ដែលជា ក្បាលម៉ាស៊ីននាំផ្លូវស្វ័យប្រវត្តិ និងរ៉ាដាសម្រាប់កាំជ្រួចប្រឆាំងនាវា ជាមួយនឹងលក្ខណៈពិសេសល្អលើសគេ ដោយហេតុនេះរួមចំណែកដល់ការកែលម្អសមត្ថភាពការពារជាតិ សន្សំថវិកាការពារជាតិ និងកសាងមូលដ្ឋានគ្រឹះសម្រាប់អាវុធទំនើបជំនាន់ក្រោយ។
ជាមួយនឹងការរួមវិភាគទានដ៏ឆ្នើម ខែសីហា ឆ្នាំ ២០២៥ វរសេនីយ៍ទោ Le Thi Hang បានទទួលកិត្តនាមជាវីរៈនារីនៃកងកម្លាំងប្រដាប់អាវុធប្រជាជនក្នុងដំណាក់កាលផ្លាស់ប្តូរថ្មី។ នេះគឺជារង្វាន់ដ៏សក្តិសមសម្រាប់ដំណើរនៃការខិតខំប្រឹងប្រែងឥតឈប់ឈរសម្រាប់បុព្វហេតុទំនើបកម្មយោធា។
វរសេនីយ៍ត្រី Vu Nhat Huong បំពេញការងារនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (រូបថត៖ phunuquandoi.vn) |
ប្រសិនបើ វរសេនីយ៍ទោ Le Thi Hang ជារូបភាពនៃភាពវៃឆ្លាត និងភាពតស៊ូក្នុងការស្រាវជ្រាវបច្ចេកវិទ្យាការពារជាតិនោះ គឺវរសេនីយ៍ត្រី Vu Nhat Huong ជំនួយការនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នាយកដ្ឋានរក្សាសន្តិភាពវៀតណាម គឺជាគំរូឆ្នើមក្នុងការងារអន្តរជាតិ នៅពេលនាំយករូបភាពរបស់យុទ្ធជនលោកអ៊ំហូ ទៅកាន់មិត្តអន្តរជាតិក្នុងតួនាទីជាមន្ត្រីរក្សាសន្តិភាពនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ អ្នកស្រី Vu Nhat Huong រំលឹកឡើងវិញ៖ “ក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ ខ្ញុំមានកិត្តិយសជាយុទ្ធនារីទី ៧ ដែលត្រូវបានបញ្ជូនទៅបំពេញបេសកកម្មនៅបេសកកម្មសាធារណៈរដ្ឋអាហ្រ្វិកកណ្តាលក្នុងនាមជាបុគ្គលម្នាក់ ដោយទទួលបានមុខតំណែងជាមន្ត្រីទំនាក់ទំនងដំបូងរបស់វៀតណាមនៅក្នុងបេសកកម្ម។ ទទួលបានកិច្ចការនេះ ខ្ញុំសប្បាយចិត្តផងទាំងបារម្ភផង។ រីករាយដែលអាចបំពេញក្តីស្រមៃបានស្លៀកឯកសណ្ឋានទាហានមួកខៀវវៀតណាម។ សាធារណរដ្ឋអាហ្រ្វិកកណ្តាលមានអាកាសធាតុអាក្រក់ អសន្តិសុខ សង្គ្រាម ជម្លោះ ភាពខុសគ្នានៃភាសា និងវប្បធម៌ក៏ជាឧបសគ្គមើលមិនឃើញផងដែរ។ ជាពិសេសសម្រាប់ស្ត្រីយើង ការលំបាកទាំងអស់គឺកើនឡើងទ្វេដង”។
ជីវភាពក្រីក្រ អាកាសធាតុអាក្រក់ គ្រុនចាញ់ និងជំងឺអេបូឡា... បានធ្វើឱ្យការងារគ្រាដំបូងរបស់នាងជួបការលំបាកខ្លាំង។ ប៉ុន្តែ ដោយឆន្ទៈនិងការទទួលខុសត្រូវ អ្នកស្រី Huong បានជម្នះគ្រប់យ៉ាង។ ក្រៅពីការងារផ្សព្វផ្សាយ នាងក៏ចូលរួមក្នុងសមយុទ្ធ បង្កើតយុទ្ធសាស្ត្រព័ត៌មាន និងរៀបចំសកម្មភាពស្ម័គ្រចិត្តឆ្ពោះទៅសហគមន៍។ នាងបានចូលរួមដោយផ្ទាល់ក្នុងការគាំទ្រការអប់រំផ្លូវភេទដល់ក្មេងស្រី ការថែរក្សាសុខភាពរបស់ស្ត្រីរាប់រយនាក់ ចែកចាយសម្ភារៈសិក្សា ណែនាំមនុស្សឱ្យបង្កើនផលិតកម្ម... សកម្មភាពនីមួយៗ ត្រូវបានអនុវត្តដោយមោទនភាព និងស្មោះត្រង់។
អ្នកស្រី Vu Nhat Huong ជាមួយសិស្សស្រីនៃសាលា Lakouanga រដ្ឋធានី Bangui ក្នុងឱកាសទិវាអន្តរជាតិនារី (រូបថត៖ phunuquandoi.vn) |
“ជាពិសេស ក្នុងនាមខ្ញុំជានាយទាហានស្ត្រី ខ្ញុំតែងតែព្យាយាម និងខិតខំប្រឹងប្រែងផ្សព្វផ្សាយរូបភាពរបស់កងទ័ពលោកអ៊ំហូ និងគុណសម្បតិ្តរបស់នារីវៀតណាម ទៅកាន់មេបញ្ជាការបេសកកម្ម សហការីអន្តរជាតិ និងសហគមន៍មូលដ្ឋាន”។
បន្ទាប់ពីបំពេញការងារនៅបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល វរសេនីយ៍ត្រី Vu Nhat Huong គឺជានាយទាហានស្រីមួយរូបក្នុងចំណោមនាយទាហានស្រីមួយចំនួនដែលអង្គការសហប្រជាជាតិលើកតម្កើងជាគំរូធ្វើសកម្មភាពដើម្បីអភិវឌ្ឍន៍ប្រកបដោយចេរភាព។ វរសេនីយ៍ទោ Le Thi Hang និងវរសេនីយ៍ត្រី Vu Nhat Huong គឺជានាយទាហានស្រី្តពីរនាក់ក្នុងចំណោមនាយទាហានស្រី្តជាច្រើនដែលបានធ្វើការ និងកំពុងធ្វើការក្នុងជួរកងទ័ព។ ទោះបីជាធ្វើការក្នុងវិស័យផ្សេងៗគ្នាក៏ដោយ ក៏ពួកគេចែករំលែកនូវឧត្តមគតិដូចគ្នា គឺការលះបង់ខ្លួនឯងចំពោះមាតុភូមិដោយទេពកោសល្យ ភាពវៃឆ្លាត និងភាពក្លាហានរបស់ខ្លួន។ អ្នកទាំងពីរបានរួមចំណែកក្នុងការសរសេររឿងដ៏ស្រស់ស្អាតអំពីនាយទាហានស្រី្តនៃយុគសម័យថ្មី៖ រឹងមាំក្នុងការងារ សុភាពរាបសារក្នុងជីវភាពប្រចាំថ្ងៃ ក្លាហានក្នុងគ្រាលំបាករាប់មិនអស់។ នាយទាហានស្រីទាំងនោះគឺជារូបភាពដ៏ស្រស់ស្អាតនៃ "ផ្កាកុលាបដែកថែប" នៅក្នុងជួរកងទ័ពប្រជាជនវៀតណាម៕








