logo

វៀតណាមឆ្ពោះទៅរកការ​នាំចេញប្រកបដោយចីរភាព តាមរយៈពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន

2026/1/14 | 12:24:04
(VOVWORLD) - ក្នុងបរិបទដែលពាណិជ្ជកម្មពិភពលោកកំពុងមានការផ្លាស់ប្តូរយ៉ាងខ្លាំងទៅបរិយាកាសឌីជីថល ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនបានក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការកំណត់អនាគតសេដ្ឋកិច្ចរបស់វៀតណាម។ វៀតណាមកំពុងបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការកសាងគំរូនាំចេញប្រកបដោយចីរភាព ដោយផ្អែកលើបច្ចេកវិទ្យា ស្តង់ដារអន្តរជាតិ និងតម្លៃយូរអង្វែង។

តាមពិតទៅ វៀតណាមបានអភិវឌ្ឍសមត្ថភាពចូលរួមយ៉ាងសកម្មនៅក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិកសកល។ សហគ្រាសវៀតណាមរាប់ពាន់ ជាពិសេសសហគ្រាសធុនតូច និងមធ្យម គ្រួសារផលិតកម្ម សហករណ៍ និងភូមិសិប្បកម្ម បានបង្កើនវត្តមាននៅលើបណ្តាវេទិកាអន្តរជាតិដូចជា Amazon, Alibaba, Shopee Global និង TikTok Shop ជាដើម។

រូបភាព៖ huflit.edu.vn

វេទិកាទាំងនេះ មិនត្រឹមតែបើកចេញឱកាសដើម្បីទាក់ទងដោយផ្ទាល់ជាមួយអ្នកប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសហគ្រាសវៀតណាមកាត់បន្ថយការពឹងផ្អែកលើអន្តរការី បង្កើនប្រាក់ចំណេញ ហើយសំខាន់ជាងនេះទៅទៀត គឺកសាងម៉ាក់យីហោទំនិញវៀតណាមនៅក្នុងបរិយាកាសឌីជីថល។ លោក Tran Thanh Hai អនុប្រធាននាយកដ្ឋាននាំចូល-នាំចេញ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានចាត់ទុកថា៖ “យើងកំពុងសង្កេតឃើញការផ្លាស់ប្តូរគំរូពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន។ យើងបានទាក់ទងដោយផ្ទាល់ជាមួយអ្នកទិញ ដោយមិនចាំបាច់ឆ្លងកាត់តាមអន្តរការីឡើយ។ ម្យ៉ាងវិញទៀត យើងអាចទទួលបានមតិយោបល់របស់អតិថិជន ដើម្បីប្រមូលទិន្នន័យ ដែលជួយសម្រួលដល់ការកែលម្អផលិតផល”

នៅឆ្នាំ ២០២៥ ប្រាក់ចំណូលពីការនាំចូលនិងនាំចេញសរុបរបស់វៀតណាមសម្រេចបានជាង ៩៣០ ពាន់លានដុល្លារអាមេរិក ក្នុងនោះពាណិជ្ជកម្មអេឡិចត្រូនិកស្រូបយក ១៦៥ ពាន់លានដុល្លារ នាំវៀតណាមរក្សាទីតាំងរបស់ខ្លួនក្នុងចំណោមប្រទេសកំពូលទាំង ១០ មានអត្រាកំណើនពាណិជ្ជកម្មអេឡិចត្រូនិកលឿនបំផុតនៅលើពិភពលោក និងជាប់ចំណាត់ថ្នាក់លេខ ៣ ទាក់ទងនឹងទំហំទីផ្សារនៅក្នុងតំបន់អាស៊ាន (បន្ទាប់ពីឥណ្ឌូនេស៊ី និងថៃ)។

លោក Tran Thanh Hai  អនុប្រធាននាយកដ្ឋាននាំចូល-នាំចេញ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម។ រូបថត៖ VOV1

ការអភិវឌ្ឍយ៉ាងខ្លាំងនៃពាណិជ្ជកម្មអេឡិចត្រូនិកបានបង្កើតមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សហគ្រាសវៀតណាម «ចេញទៅពិភពលោក» ជាជំហានៗ តាមរយៈការធ្វើឌីជីថលូបនីយកម្ម។ ទោះជាយ៉ាងណាក៏ដោយ យុទ្ធសាស្ត្រនាំចូលនិងនាំចេញមិនអាចផ្តោតលើទំហំតែប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវការឆ្ពោះទៅរកនិរន្តរភាព តុល្យភាពទីផ្សារ និងភាពធន់ចំពោះផលប៉ះពាល់ពីខាងក្រៅផងដែរ។

ក្នុងបរិបទនេះ ដើម្បីឆ្ពោះទៅរកគោលដៅក្លាយជាមជ្ឈមណ្ឌលនាំចេញពាណិជ្ជកម្មអេឡិចត្រូនិកក្នុងតំបន់ វៀតណាមបានប្រញាប់ប្រញាល់សុក្រឹត្យក្របខ័ណ្ឌច្បាប់ ដោយបង្កើតមូលដ្ឋានគ្រឹះសម្រាប់ដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍ។ នោះគឺ ផែនការមេសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិកដំណាក់កាលឆ្នាំ ២០២៦-២០៣០ ដែលមានសុពលភាពចាប់ពីថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៥ និងច្បាប់ស្តីពីពាណិជ្ជកម្មអេឡិចត្រូនិក ជាច្បាប់ដំបូងគេដែលគ្រប់គ្រងយ៉ាងទូលំទូលាយលើវិស័យពាណិជ្ជកម្មអេឡិចត្រូនិក ដែលត្រូវបានរដ្ឋសភាអនុម័តជាផ្លូវការនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៥។

លោក Nguyen Van Thanh ប្រធានការិយាល័យគោលនយោបាយនៃនាយកដ្ឋានពាណិជ្ជកម្មអេឡិចត្រូនិកនិងសេដ្ឋកិច្ចឌីជីថល ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ជឿជាក់ថា ការកសាងក្របខ័ណ្ឌគោលនយោបាយទាំងនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិករបស់វៀតណាមអភិវឌ្ឍន៍នាពេលខាងមុខ៖ “ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិករបស់វៀតណាមកំពុងអភិវឌ្ឍន៍ក្នុងអត្រាកំណើនយ៉ាងឆាប់រហ័ស និងមានកម្រិតអន្តរជាតិ ដូច្នេះហើយ ការអនុម័តលើច្បាប់ពាណិជ្ជកម្មអេឡិចត្រូនិកគឺជាប្រការចាំបាច់។ ពោលគឺច្បាប់នេះ បានកំណត់រាល់សកម្មភាព ព័ត៌មានអំពីផលិតផល និងទំនិញ កំណត់អត្តសញ្ញាណ ការទទួលខុសត្រូវ និងកាតព្វកិច្ចចំពោះវេទិកាអន្តរការី ដើម្បីជួយអភិវឌ្ឍន៍បរិយាកាសពាណិជ្ជកម្មអេឡិចត្រូនិកឲ្យកាន់តែមានយុត្តិធម៌ និងតម្លាភាព ក៏ដូចជាការគ្រប់គ្រង់រដ្ឋ ឲ្យកាន់តែប្រសើរឡើងផងដែរ”

លោក Tran Van Trong អគ្គលេខាធិការនៃសមាគមពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាម។ រូបថត៖ VGP

ទន្ទឹមនឹងនោះ ស្តង់ដារបៃតង និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើបរិស្ថាននិងសង្គម ក៏ជាលក្ខណៈវិនិច្ឆ័យចាំបាច់សម្រាប់សហគ្រាសវៀតណាមនៅពេលនាំចេញតាមរយៈពាណិជ្ជកម្មអេឡិចត្រូនិក។ លោក Tran Van Trong អគ្គលេខាធិការនៃសមាគមពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាម បានបញ្ជាក់ថា៖ “ពាណិជ្ជកម្មអេឡិចត្រូនិករបស់វៀតណាមកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ប៉ុន្តែពាណិជ្ជកម្មអេឡិចត្រូនិកក៏មានផលប៉ះពាល់ដល់បរិស្ថានដែរ។ ដូច្នេះហើយ ដើម្បីឱ្យពាណិជ្ជកម្មអេឡិចត្រូនិករបស់វៀតណាមអភិវឌ្ឍន៍ប្រកបដោយចីរភាព យើងត្រូវយកចិត្តទុកដាក់លើស្តង់ដារអភិវឌ្ឍន៍បៃតង។ ក្នុងនោះ រួមបញ្ចូលទាំងយន្តការ និងគោលនយោបាយដើម្បីជួយសហគ្រាសអនុវត្តដំណោះស្រាយផ្ទាល់ខ្លួន”។

ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនកំពុងបើកចេញ "មាគ៌ាចូលរួមសមាហរណកម្មថ្មី" សម្រាប់ការនាំចេញរបស់វៀតណាម៖ លឿនជាង ឆ្លាតវៃជាង និងមានលទ្ធភាពបង្កើតតម្លៃប្រកបដោយស្ថេរភាពជាង។ ក្របខ័ណ្ឌច្បាប់យ៉ាងពេញលេញ ការគាំទ្រយ៉ាងសកម្មពីរដ្ឋ ការផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តធ្វើអាជីវកម្មរបស់សហគ្រាសតាមរយៈការអនុវត្តន៍ស្តង់ដារផលិតកម្ម ការកែលម្អគុណភាព បំពេញតាមស្តង់ដារតឹងរ៉ឹងស្តីពីសុវត្ថិភាព បរិស្ថាន និងការទទួលខុសត្រូវសង្គម...។ កិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ គឺកំពុងឆ្ពោះទោរកគោលដៅនាំទំនិញវៀតណាមទៅកាន់ទីផ្សារពិភពលោក ដោយគុណភាព កិត្យានុភាព និងគុណតម្លៃប្រកបដោយចីរភាព៕

TAG
VOV/VOVworld/វៀតណាម/ការ​នាំចេញ/ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន/សេដ្ឋកិច្ច​

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត