អ្នកគ្រូបង្រៀននៅកណ្តាលព្រៃភ្នំ ទ្រឿងសឺន
ភូមិទាំងនេះគ្មានផ្លូវថ្នល់ គ្មានអគ្គិសនី គ្មានសញ្ញាទូរស័ព្ទ ហើយប្រជាជនភាគច្រើនជាជនជាតិ Van Kieu។ ផ្លូវទៅសាលារៀនមិនត្រឹមតែវែងឆ្ងាយដោយសារតែចម្ងាយភូមិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងក៏ពិបាកដោយសារតែលក្ខណៈដីរដិបរដុប និងការធ្វើដំណើរអាស្រ័យលើអាកាសធាតុយ៉ាងខ្លាំង។
អ្នកគ្រូ Hà Thị Tơ អាយុ ៥១ ឆ្នាំ មានបទពិសោធន៍ ២៨ ឆ្នាំធ្វើការក្នុងវិស័យអប់រំ ហើយបានស្ម័គ្រចិត្តទៅបង្រៀននៅសាលា Hoi Ray ចំណុះសាលាបឋមសិក្សាអន្តេវាសិកជនជាតិភាគតិច ទ្រឿងសឺន ឃុំទ្រឿងសឺន អស់រយៈពេលបីឆ្នាំកន្លងមក។
ជារៀងរាល់សប្តាហ៍ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ អ្នកគ្រូ ទើ ស្នាក់នៅសាលា ដោយយកតាមខ្លួនស្បៀងអាហារសម្រាប់ចម្អិន; នៅចុងសប្តាហ៍ អ្នកគ្រូឆ្លៀតឱកាសត្រឡប់ទៅផ្ទះវិញជាមួយប្ដីនិងកូន។ សាលានេះគ្មានអគ្គិសនី គ្មានសញ្ញាទូរស័ព្ទ ខណៈដែលស្ថានភាពរស់នៅជួបការលំបាកយ៉ាងខ្លាំង។ អ្នកគ្រូលើកទឹកចិត្តខ្លួនឯងឱ្យយកឈ្នះលើការលំបាកទាំងនេះ ពីព្រោះសិស្សានុសិស្សនៅទីនេះ កំពុងទន្ទឹងរង់ចាំអ្នកគ្រូជារៀងរាល់ថ្ងៃ។ អ្នកស្រី ហា ធី ទើ បានសំណេះសំណាលថា៖
“ពេលខ្ញុំមកបង្រៀននៅទីនេះ ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ។ ខ្ញុំដឹងជាមុនថា គ្មានអគ្គិសនី ឬសញ្ញាទូរស័ព្ទទេ។ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ខ្ញុំត្រឡប់ទៅផ្ទះវិញដើម្បីធ្វើកិច្ចការផ្ទះ បន្ទាប់មកនៅព្រឹកថ្ងៃច័ន្ទ ខ្ញុំត្រឡប់មកសាលាវិញ ដោយផ្តោតលើការបង្រៀន។ ពេលខ្លះ ខ្ញុំក៏នឹកផ្ទះ និងកូនដែរ ប៉ុន្តែខ្ញុំបានសម្រេចចិត្តថា ការបង្រៀនគឺជាភារកិច្ចអាទិភាពចម្បងរបស់ខ្ញុំ”។
សិស្សជាច្រើននៅក្នុងភូមិ Hôi Rấy ត្រូវដើរចម្ងាយ ៣-៤ គីឡូម៉ែត្រ ដោយឆ្លងកាត់ទន្លេ អូរ និងផ្លូវព្រៃដើម្បីទៅកាន់សាលារៀន។ ទោះបីជាមានការលំបាកយ៉ាងនេះក្ដី ប៉ុន្តែដោយមានការលើកទឹកចិត្ត និងការណែនាំដ៏ខ្នះខ្នែងពីអ្នកគ្រូ ប្អូនៗឧស្សាហ៍ព្យាយាមទៅរៀន និងខិតខំប្រឹងប្រែងក្នុងការសិក្សា។ ប្អូន Ho Van Huynh ជាសិស្សម្នាក់នៅក្នុងភូមិ Hôi Rấy បានចែករំលែកថា៖
“ជារៀងរាល់ថ្ងៃ ខ្ញុំទៅសាលារៀនដោយជិះទូក។ ពេលព្រឹកទៅសាលា ត្រឡប់មកផ្ទះវិញសម្រាប់អាហារថ្ងៃត្រង់ ហើយបន្ទាប់មកត្រឡប់ទៅសាលារៀនវិញនៅពេលរសៀល។ នៅពេលល្ងាច ខ្ញុំនៅតែមានពន្លឺពីចង្កៀងដើរដោយថាមពលព្រះអាទិត្យដើម្បីសិក្សា”។
នៅសាលា Hoi Ray សម្ភារៈបរិក្ខារនៅតែខ្វះខាត។ គ្មានអគ្គិសនី គ្មានអ៊ីនធឺណិត សិស្សានុសិស្សមានចំនួនតិច និងរប៉ាក់រប៉ាយ។ ថ្នាក់រៀនត្រូវតែរួមបញ្ចូលគ្នានូវកម្រិតថ្នាក់ពីរឬបី ដោយមានសិស្សអតិបរមា ១២ នាក់។ នៅក្នុងថ្នាក់ចម្រុះបែបនេះ អ្នកគ្រូបែងចែកក្តារជាពីរផ្នែក ដើម្បីបង្រៀនកម្មវិធីសិក្សាពីរផ្សេងគ្នា។ ប្អូន Ho Thi Kim Tue សិស្សម្នាក់នៅភូមិ Hoi Ray បាននិយាយថា៖
“ខ្ញុំទៅសាលារៀនជារៀងរាល់ថ្ងៃ។ ទោះបីជាថ្នាក់រៀនងងឹតបន្តិចក៏ដោយ ខ្ញុំនៅតែអាចរៀនបាន។ ខ្ញុំក៏ពិតជាចង់មានភ្លើងអគ្គីសនី ដើម្បីខ្ញុំអាចសរសេរបានច្បាស់ជាងមុន។ ខ្ញុំដឹងគុណអ្នកគ្រូមកពីតំបន់ទំនាប ដែលបានឆ្លងកាត់ទន្លេ ព្រៃឈើដើម្បីមកបង្រៀននៅទីនេះ។ ខ្ញុំក៏មានក្ដីសុបិនក្លាយជាគ្រូបង្រៀនដូចគាត់ដែរ ដើម្បីទៅបង្រៀនកុមារនៅតំបន់ខ្ពង់រាប”។
មិនត្រឹមតែ បង្រៀននៅក្នុងថ្នាក់រៀនប៉ុណ្ណោះទេ អ្នកគ្រូនៅក្នុងភូមិ Hoi Ray ថែមទាំងបានទៅគោះទ្វារផ្ទះនីមួយៗ ដោយលើកទឹកចិត្តក្រុមគ្រួសារឲ្យជួយណែនាំ និងរំលឹកកូនៗក្នុងការសិក្សា។ អ្នកស្រី Ho Thi Hoa នៅភូមិ Hoi Ray ឃុំ Truong Son មានបំណងថា កូនៗនឹងសង្វាតសិក្សា ទទួលបានចំណេះដឹង ដើម្បីឱ្យមានជីវភាពកាន់តែប្រសើរឡើងនៅពេលក្រោយ។
“នេះជាតំបន់ឆ្ងាយដាច់ស្រយាល និងលំបាកពិសេស។ បើគ្មានផ្លូវទេ កូនចៅនឹងមានការលំបាកយ៉ាងខ្លាំងនៅពេលក្រោយ។ រាល់ពេលដែលកូនៗទៅសាលារៀន ក្រុមគ្រួសារក៏មានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះខ្លាចថា កូនអាចធ្លាក់ចូលទៅក្នុងទន្លេ និងលង់ទឹកនៅពេលធ្វើដំណើរតាមទូក។ ឪពុកម្ដាយដូចខ្ញុំមានការថប់បារម្ភយ៉ាងខ្លាំងណាស់”។
នៅចំពោះមុខការលំបាកជាច្រើននៅតំបន់ព្រៃភ្នំ អ្នកគ្រូនៅតែបែងចែកពេលវេលាយ៉ាងយកចិត្តទុកដាក់ក្នុងអំឡុងពេលបង្រៀន។ ចំពោះអ្នកគ្រូ To សេចក្តីរីករាយមិនចាំបាច់ជាអ្វីដ៏ធំធេងនោះទេ - វាគ្រាន់តែឃើញកូនសិស្សប្រសើរឡើងជារៀងរាល់ថ្ងៃ មានទំនុកចិត្តក្នុងការទំនាក់ទំនង ហើយកាន់តែសកម្មក្នុងការសិក្សា៕








