វៀតណាមនិងឥណ្ឌា ជំរុញកិច្ចសហប្រតិបត្តិការសមុទ្រ រួមចំណែកដល់សន្តិសុខក្នុងតំបន់
នេះគឺជាសារដ៏លេចធ្លោនៅក្នុងកិច្ចពិភាក្សាស្តីពីតួនាទីជាសហប្រធានដឹកនាំរបស់វៀតណាម ក្នុងសសរស្តម្ភ “លើកកំពស់សមត្ថភាពនិងចែករំលែកធនធាន” ក្រោមគំនិតផ្តួចផ្តើមមហាសមុទ្រឥណ្ឌូ-ប៉ាស៊ីហ្វិក (IPOI) ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែវិច្ឆិកា នៅរដ្ឋធានីញូវដេលី។
កិច្ចពិភាក្សានេះត្រូវបានស្ថានទូតវៀតណាមប្រចាំប្រទេសឥណ្ឌារៀបចំឡើង ដោយសហការជាមួយមូលនិធិសមុទ្រជាតិឥណ្ឌា។ ថ្លែងមតិក្នុងកិច្ចពិភាក្សានេះ លោកឯកអគ្គរដ្ឋទូត ទ្រិញ មិញ ម៉ាញ (Trinh Minh Manh) បានអះអាងថា៖ “សន្តិសុខនិងស្ថិរភាពនៃផ្លូវនាវាចរណ៍សមុទ្រ មិនត្រឹមតែមានអត្ថន័យស្លាប់រស់ចំពោះបណ្តាប្រទេសក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានអត្ថន័យយ៉ាងជ្រាលជ្រៅចំពោះសេដ្ឋកិច្ចសកលទៀតផង។ ប៉ុន្តែបរិស្ថានសមុទ្ររបស់យើងកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាបន្តបន្ទាប់ដែលមានទំនាក់ទំនងគ្នាទៅវិញទៅមក។ បញ្ហាប្រឈមទាំងនេះរួមមាន ក្តីបារម្ភអំពីសន្តិសុខប្រពៃណី ជម្លោះដែនសមុទ្រ អំពើចោរសមុទ្រ ការនេសាទខុសច្បាប់ ការបំពុលបរិស្ថានសមុទ្រ គ្រោះមហន្តរាយធម្មជាតិ និងការពារអ្នកនេសាទ ព្រមទាំងបញ្ហាផ្សេងៗទៀត។ បញ្ហាប្រឈមទាំងនេះតម្រូវឱ្យយើងពង្រឹងកិច្ចសហប្រតិបត្តិការលំហសមុទ្រលើគ្រប់វិស័យ ចាប់ពីការលើកកម្ពស់ការយល់ដឹងអំពីវិស័យសមុទ្រ រហូតដល់ការបង្កើនការចែករំលែកព័ត៌មាន និងការលើកកម្ពស់សមត្ថភាពអនុវត្តច្បាប់នៅលើសមុទ្រ”។
លោកឯកអគ្គរដ្ឋទូត ទ្រិញ មិញ ម៉ាញ បានឱ្យដឹងថា ប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើនក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើការចែករំលែកព័ត៌មាននាវាចរណ៍ ការស្រាវ ជ្រាវវិទ្យាសាស្ត្រសមុទ្រ ជលសាស្ត្រ ការស្វែងរក និងជួយសង្គ្រោះ និងការការពារបរិស្ថានសមុទ្រ៕




