VOV WorldVOV World
អង្គការសហប្រជាជាតិ អនុម័តលើសេចក្តីសម្រេចចិត្តជំរុញការស្តារសេដ្ឋកិច្ច និងឧបត្ថម្ភប៉ាឡេស្ទីន
27/11/2026 04:48
[VOVWORLD] - នាថ្ងៃទី២៦ ខែវិច្ឆិកា សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) បានអនុម័តជាឯកច្ឆន្ទលើសេចក្តីសម្រេចចិត្តមួយ ដោយអំពាវនាវឱ្យបង្កើនការគាំទ្រដល់ប្រជាជនប៉ាឡេស្ទីន និងជួយស្តារសេដ្ឋកិច្ចរបស់ពួកគេឡើងវិញ។

អង្គការសហប្រជាជាតិ អនុម័តលើសេចក្តីសម្រេចចិត្តជំរុញការស្តារសេដ្ឋកិច្ច និងឧបត្ថម្ភប៉ាឡេស្ទីន

សេចក្តីសម្រេចចិត្តនេះគឺជាការកត់សម្គាល់ជាលើកដំបូងក្នុងរយៈពេល ៣០ឆ្នាំ ដែលប្រទេសជាសមាជិក UNCTAD សម្រេចបាននូវការឯកភាពគ្នាលើការដាក់បញ្ចូលមាត្រាពាក់ព័ន្ធនឹងរដ្ឋប៉ាឡេស្ទីន ទៅក្នុងកម្មវិធីការងារដែលបានព្រមព្រៀងគ្នានៅក្នុងអង្គការនេះ។

សេចក្តីសម្រេចចិត្តនេះបានបញ្ជាក់យ៉ាងច្បាស់អំពីទិសដៅអនាគតរបស់ UNCTAD ដោយផ្អែកលើលទ្ធផលនៃសន្និសីទកាលពីឆ្នាំមុន ព្រមទាំងអំពាវនាវឱ្យពង្រឹងអង្គភាពជំនួយប្រជាជនប៉ាឡេស្ទីនរបស់ UNCTAD និងបង្កើនការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចប៉ាឡេស្ទីនឡើងវិញ។ ចាប់តាំងពីសង្គ្រាមនៅតំបន់ហ្គាហ្សា (Gaza) បានផ្ទុះឡើង បើយោងតាមការិយាល័យស្ថិតិប៉ាឡេស្ទីន អត្រាអ្នកអត់ការងារធ្វើនៅតំបន់វេសប៊ែង (West Bank) បានកើនឡើងដល់ ២៨% ដែលខ្ពស់ជាងទ្វេដងបើធៀបនឹងមុនពេលមានសង្គ្រាម។ ការដែលអ៊ីស្រាអែលបង្កកប្រាក់ចំណូលពន្ធដែលត្រូវផ្ទេរជូនអាជ្ញាធរប៉ាឡេស្ទីន (PA) ដើម្បីឆ្លើយតបទៅនឹងការដែល PA បន្តផ្តល់ប្រាក់ឧបត្ថម្ភដល់ជនទាំងឡាយណាដែលអ៊ីស្រាអែលចោទប្រកាន់ថាជា “ភេរវករ” បានធ្វើឱ្យការលំបាកផ្នែកហិរញ្ញវត្ថុនៃសេដ្ឋកិច្ចប៉ាឡេស្ទីនកាន់តែធ្ងន់ធ្ងរឡើង។ ជំនួសឱ្យការបញ្ឈប់ការបើកប្រាក់ឧបត្ថម្ភទាំងនេះ PA បានជ្រើសរើសវិធីកាត់បន្ថយប្រាក់បៀវត្សរ៍របស់មន្ត្រីរដ្ឋការ និងបុគ្គលិកសន្តិសុខប្រមាណ ១៤០.០០០នាក់ ព្រមទាំងកាត់បន្ថយថ្ងៃសិក្សាក្នុងមួយសប្តាហ៍មកត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះ៕

TAG
VOV/VOVWORLD/អង្គការសហប្រជាជាតិ/សេចក្តីសម្រេចចិត្ត/សេដ្ឋកិច្ច/ឧបត្ថម្ភ/ប៉ាឡេស្ទីន

More