(VOVWORLD) - នៅក្នុងបញ្ជីឈ្មោះអត្តពលិកលេចធ្លោបំផុតនៃវិស័យកីឡាវៀតណាម ដែលត្រៀមចូលរួម Seagames 30 នៅប្រទេសហ្វីលីពីននោះ គឺត្រូវនិយាយដល់នាង Le Tu Chinh មានអាយុ ២២ ឆ្នាំ ជាមហាក្សត្រីល្បឿននៅលើសង្វៀនអាស៊ីអាគ្នេយ៍។ នាងចូលរួម Seagames 30 ដោយមានគោលបំណងខ្ពស់បំផុតគឺការពារកិត្តិនាមជា “មហាក្សត្រិយានីល្បឿននៃតំបន់អាស៊ីអាគ្នេយ៍” របស់នាង។
កើតនៅឆ្នាំ ១៩៩៧ ក្នុងគ្រួសារដែលមានស្ថានភាពលំបាកមួយ នៅទីក្រុងហូជីមិញ កញ្ញា Le Tu Chinh មាននិស្ស័យជាមួយកីឡាអត្តពលិក នៅពេលដែលនាងរៀននៅថ្នាក់ទី ៥ម្លេះ។ នាគ្រានោះ គ្រូបង្ហាត់កីឡាហាត់ប្រាណបានចុះឈ្មោះ ឲ្យ Tu Chinh ចូលប្រឡងពានរង្វានកម្រិតសាលារៀន ហើយនាងបានឈ្នះរង្វាន់លេខមួយ។ ក្នុងឆ្នាំ ២០០៨ នៅពេលដែល ទីក្រុងហូជីមិញបានជ្រើសរើសអត្តពលិកនៅខ័ណ្ឌទី ៨ កញ្ញា Tu Chinh ត្រូវបានគ្រូបង្វឹក Nguyen Thi Thanh Huong ជ្រើសរើស ដោយសារចរិតនិងការប្តេជ្ញាចិត្តជំនះការលំបាករបស់នាង។ គ្រូបង្វឹក Nguyen Thi Thanh Huong បានមានប្រសាសន៍ថា៖ “វិញ្ញាសារអត្តពលិកគឺខ្លាំងណាស់។ ប្រហែលជាមាននិស្ស័យរវាងគ្រូនិងសិស្ស បានជានាងខ្ញុំបានជួបជាមួយTu Chinh។ Chinh គឺល្អជាងអ្នកដទៃទៀត ហេតុដូច្នេះ នាងខ្ញុំតែងតែយក Tu Chinh ដើរតាមខ្ញុំដើម្បីខ្ញុំបង្ហាត់បង្រៀន ដើម្បីប្អូនអាចទទួលបានសមិទ្ធិផលនៅក្នុងក្រុមជម្រើសជាតិទីក្រុងហូជី មិញ”។
គ្រូបង្វឹក Nguyen Thi Thanh Huong មិនត្រឹមតែជាគ្រូបង្ហាត់បង្រៀនប៉ុណ្ណោះទេ ថែមទាំងដើរតួជាអ្នកម្តាយទី ២ របស់ កញ្ញា Tu Chinh ទៀតផង។ អ្នកជំនាញរូបនេះ បានយកសេចក្តីស្រឡាញ់និងវិន័យក៏ដូចជាស្មារតីតឹងរឹង ចូលក្នុងការបង្ហាត់បង្រៀនអោយកញ្ញា Tu Chinh។ យ៉ាងណាមិញ អត្តពលិកគឺជាវិញ្ញាសារដែលលំបាកណាស់ ហើយគ្រូបង្វឹក Nguyen Thi Thanh Huong បានសារភាពថា មានពេលខ្លះដែលសិស្សរបស់នាងជួបការលំបាកដែរ។ ទោះយ៉ាងណាក៏ដោយ ការយកឈ្នះលើអ្វីៗទាំងអស់ Tu Chinh បានព្យាយាមហ្វឹកហាត់ ហើយការខិតខំរបស់នាងក៏បានបំពេញតាមក្តីសង្ឃឹមរបស់គ្រូបង្វឹក Nguyen Thi Thanh Huong ផងដែរ។
នៅឆ្នាំ ២០១៦ កីឡាការិនី Tu Chinh បានចូលរួមការប្រកួតកីឡាអត្តពលិកអន្តរជាតិដោយយកឈ្នះជើងឯកនារី ១០០ ម៉ែត្រ ចំណាយអស់វេលា ១១ វិនាទី ៦៤។ នេះជាមេដាយមាសនារី ១០០ ម៉ែត្រដំបូងគេ នៃវិញ្ញាសារអត្តពលិករបស់នៅទីក្រុងហូជី មិញ បន្ទាប់ពីរយៈពេល ២១ ឆ្នាំ ចាប់តាំងពីឆ្នាំ ១៩៩៥។ នៅឆ្នាំ ២០១៧ ក្នុងវ័យអាយុ ២០ ឆ្នាំ Le Tu Chinh ត្រូវបានកោះហៅអោយចូលរួមក្រុមអត្តពលិកជាតិ បន្ទាប់មក នាងល្បីឈ្មោះនៅ Seagames ប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ីដោយទទួលបានមេដាយមាសចំនួន ៣ គ្រឿង ក្នុងវិញ្ញាសារត់ ១០០ ម៉ែត្រសម្រាប់នារី និង២០០ ម៉ែត្រសម្រាប់នារី ផងដែ។ នៅឆ្នាំ ២០១៨ Tu Chinh ត្រូវបានបញ្ចូនទៅហ្វឺកហ្វឺននៅសហ រដ្ឋអាមេរិក ប៉ុន្តែជាអកុសលវាគឺជាដំណើរមិនជោគជ័យដែលនាំឱ្យមានការបរាជ័យទាំងស្រុងនៅការប្រកួត Asiad។ កីឡាការិនី Tu Chinh បានចែករំលែកថា៖ “សង្វៀន Asiad គឺជាសង្វៀនធំមួយសម្រាប់រូបនាងខ្ញុំ នេះគឺជាលើកទី ១ ដែលរូបខ្ញុំបានចូលរួម។ ខ្ញុំពិតជាមានកិត្តិយសណាស់ ហើយខ្ញុំត្រូវតែលើកទឹកចិត្តខ្លួនអោយព្យាយាម ថែមទៀត ដើម្បីទទួលបានលទ្ធផលល្អ។ តាមពិតទៅ នាងខ្ញុំក៏បានខកចិត្តនឹងខ្លួនឯងដែរ ប៉ុន្តែខ្ញុំតែងតែគិតថា ថ្វីត្បិតតែចុះចាញ់ ក៏ត្រូវព្យាយាមធ្វើវាម្តងទៀត”។
ដូចទៅនឹងការប្តេជ្ញាចិត្តថា "បរាជ័យត្រូវក្រោកឈរឡើងហើយធ្វើវាម្តងទៀត" កីឡាការិនី Tu Chinh បានព្យាយាមហើយ ព្យាយាមទៀត ឈ្នះមេដាយមាសជាបន្តបន្ទាប់នៅមហោស្រពកីឡាទូទាំងប្រទេសឆ្នាំ ២០១៨ ហើយនៅខែកញ្ញាកន្លងមក នាងបានឈ្នះរង្វាន់អត្តពលិកជើងឯកជាតិឆ្នាំ ២០១៩ នៅកីឡដ្ឋាន Thong Nhat នៃទីក្រុង ហូជីមិញ។ ស្តីអំពីការប្រកួតកីឡាស៊ីហ្គេមនាពេលខាងមុខនេះនៅប្រទេសហ្វីលីពីន កីឡាការិនី Tu Chinh បានសំណេះសំណាលថា៖ “នាងខ្ញុំក៏ព្យាយាមដណ្តើមអោយបានមេដាយមាសជាច្រើនថែមទៀត។ ខ្ញុំនៅខ្វះជាច្រើនទៀត។ នាងខ្ញុំក៏បានតស៊ូជាមួយខ្លួនឯង ដោយតែងតែបានចាត់ទុកខ្លួនឯងជាគូប្រជែងធំជាងគេសម្រាប់រូបខ្ញុំ ។ តាមពិតទៅ នាងខ្ញុំនៅតែមិនបានឈ្នះលើខ្លួនឯងនៅឡើយ។ ខ្ញុំត្រូវព្យាយាមបន្ថែមទៀត”។
បន្ទាប់ពីកីឡាការិនី Vu Thi Huong មក កីឡាការិនី Tu Chinh បានក្លាយជាអ្នកស្នងមរតកដែលសក្តិសមបំផុតនៃដំណែងស្តេចស្ត្រីនៃវិញ្ញាសារអត្តពលិករបស់វៀត ណាម។ ឆ្លងផុតរាល់ឧបសគ្គទាំងអស់ Le Tu Chinh គឺជាគំរូដ៏ភ្លឺចិញ្ចាចនៃការជំនះ ពុះពាររាល់ការលំបាក សម្រាប់អត្តពលិកវ័យក្មេងជាច្រើនរូបទៀតធ្វើត្រាប់តាម៕








