ហ័ញ ម៉ូ គឺជាឃុំព្រំដែនមួយ នៅតំបន់ព្រៃភ្នំខេត្ត ក្វាង និញ ដែលប្រជាជនភាគច្រើនជាជនជាតិ យ៉ាងវ ថាញ់ ផាន។ ចាប់តាំងពីដើមខែកក្កដាមក ឃុំបានសម្របសម្រួលជាមួយគណៈកម្មាធិការដឹកនាំសកម្មភាពរដូវក្តៅ បានបើកថ្នាក់ប៉ាក់ប្រពៃណី និងថ្នាក់ច្រៀង ប៉ា យ៊ុង សម្រាប់ប្អូនៗកុមារ ដែលមានរយៈពេលរហូតដល់ចុងខែសីហា។ នៅក្នុងថ្នាក់ប៉ាក់នេះ ប្អូនៗ កុមារចាប់ផ្តើមជាមួយនឹងការដេរប៉ាក់ជាមូលដ្ឋាន បន្ទាប់មករៀនពីរបៀបបង្កើតលំនាំនិងក្បូរក្បាច់។ អ្វីដែលសំខាន់ជាងបច្ចេកទេសគឺការយល់ដឹងថា ហេតុអ្វីបានជាសំលៀកបំពាក់របស់ជីដូន និងអ្នកម្តាយរបស់ខ្លួន មានការរចនាយ៉ាងល្អិតល្អន់បែបនេះ។ នៅក្នុងថ្នាក់ច្រៀង ប៉ា យ៊ុង មានសិស្សជាង ៤០ នាក់។ សិប្បការិនី លី ធិ ហាញ់ ដែលជាគ្រូបង្រៀន បានចែករំលែកជាមួយប្អូនៗ កុមារនូវបទភ្លេង ប៉ា យ៊ុង ជាបទចម្រៀងប្រជាប្រិយដែលជនជាតិ យ៉ាវ ថាញ់ ផាន ច្រៀងក្នុងឱកាសរីករាយ នាពិធីបុណ្យ និងនៅពេលបង្ហាញពីអារម្មណ៍របស់ខ្លួនចំពោះគ្នាទៅវិញទៅមក។
“នៅពេលដែលប្អូនៗទន្ទីញចាំចង្វាក់បទភ្លេង ប៉ា យ៊ុង ប្អូនៗនឹងមានទំនុកចិត្តពេលច្រៀងនៅចំពោះមុខមនុស្សច្រើននាក់។ ប្អូនៗអាចច្រៀងសម្រាប់អ្នកទេសចរដែលចង់ស្វែងយល់អំពីបទភ្លេង ប៉ាយ៊ុង របស់ជនជាតិយ៉ាវ”។
ចាកចេញពីឃុំព្រំដែន ហ័ញ ម៉ូ ឆ្ពោះទៅទិសខាងលិច ក្រោមជើងភ្នំ អៀន ទឺ មានថ្នាក់រៀនមួយទៀត។ នេះគឺជាសកម្មភាពរដូវក្តៅពិសេសមួយនៅក្នុងតំបន់ ខែស៊ូ សង្កាត់ អៀន ទឺ ជាកន្លែងដែលមានសហគមន៍ជនជាតិ យ៉ាវ ថាញ់ អី រស់នៅច្រើនបំផុត។ នៅល្ងាចថ្ងៃអាទិត្យ នៅឯការតាំងពិព័រណ៍វប្បធម៌ជនជាតិ យ៉ាវ នៅក្នុងតំបន់ដែលមានពន្លឺភ្លឺចែងចាំង សម្ព័ន្ធយុវជនបានរៀបចំ និងណែនាំសកម្មភាពរដូវក្តៅតាមប្រធានបទ។ កុមារជាច្រើនបានចូលរួមយ៉ាងរីករាយ ដោយស្លៀកពាក់សម្លៀកបំពាក់ជនជាតិភាគតិចប្រពៃណីរបស់ខ្លួន។
សកម្មភាពនេះបានចាប់ផ្តើមជាមួយនឹងរបស់របរដែលប្អូនៗកុមារឃើញ ជារៀងរាល់ថ្ងៃ ប៉ុន្តែប្រហែលជាមិនយល់ច្បាស់ពីអត្ថន័យរបស់វាទេ ដូចជា៖ មួកដែលមាននេវប្រាក់ ដែលយោងទៅតាមជំនឿរបស់ជនជាតិ យ៉ាវ គឺដើម្បីបណ្តេញឧបទ្រុពចង្រៃ និងការពារសុខភាព; អាវអៀម និងខ្សែក្រវ៉ាត់ដែលត្បាញដោយដៃជាមួយនឹងលំនាំសត្វស្លាប សត្វ និងរុក្ខជាតិ។ សមាជិកសម្ព័ន្ធយុវជនបានសួរសំណួរកំប្លែងៗ អំពីពិធីបុណ្យទាន ហើយប្អូនៗកុមារបានប្រកួតប្រជែងឆ្លើយសំណួរទាំងនោះ ដោយបែងចែករវាងកូនក្រមុំ និងកូនកំដរ រៀនជំហានទាំងបីនៃពិធីចូលដណ្តឹង ពិធីភ្ជាប់ពាក្យ និងពិធីមង្គលការ ព្រមទាំងស្តាប់រឿងរ៉ាវអំពីពិធីពេញវ័យរបស់ជនជាតិយ៉ាវ ថាញ់ អី។ ល្បែងផ្គុំរូបជាភាសារបស់ពួកគេ និងល្បែងដែលមានរង្វាន់។ ទ្រឿង ហុង ឌៀប ជាសិស្សថ្នាក់ទី៩ បានចូលរួមក្នុងសកម្មភាពនេះ ដែលជួយនាងឱ្យដឹងថា សម្លៀកបំពាក់ប្រពៃណីរបស់ក្រុមជនជាតិរបស់នាងមានភាពស្រស់ស្អាតយ៉ាងណា៖
“ខ្ញុំចូលចិត្តសម្លៀកបំពាក់ប្រពៃណីរបស់ក្រុមជនជាតិខ្លួនណាស់ ព្រោះវាមានសម្រស់ប្លែក មិនដូចអ្វីផ្សេងទៀតទេ។ ខ្ញុំពិតជារីករាយណាស់ ដែលត្រូវបានណែនាំអំពីទិដ្ឋភាពប្រពៃណីនៃសម្លៀកបំពាក់ និងពិធីប្រពៃណី ដែលជួយខ្ញុំឱ្យយល់កាន់តែច្បាស់អំពីវប្បធម៌របស់ក្រុមជនជាតិខ្លួន”។
ប្រការគួរឱ្យចាប់អារម្មណ៍គឺនៅខែស៊ូនេះ ថ្នាក់រៀនមិនត្រឹមតែមានសិស្សជនជាតិយ៉ាវចូលរួមប៉ុណ្ណោះទេ។ ប៊ូយ យួ ភុក ជាសិស្សថ្នាក់ទី១១ ជាជនជាតិ គីញ ហើយប្អូនតែងតែចូលរៀនគ្រប់ថ្នាក់ដែរ។
“ទោះបីជាខ្ញុំជាជនជាតិគីញក៏ដោយ ប៉ុន្តែខ្ញុំចង់រៀនអំពីវប្បធម៌របស់ជនជាតិយ៉ាវណាស់។ ខ្ញុំក៏ចូលរួមក្នុងក្លឹបជាមួយមិត្តភក្តិជាជនជាតិយ៉ាវដែរ ដើម្បីសៀនសូត្រពីគ្នានិងស្រូបយកចំណេះដឹងពីពួកគេ។ វប្បធម៌របស់មិត្ត មានលក្ខណៈពិសេស និងគួរឱ្យចាប់អារម្មណ៍ណាស់”។
មិនត្រឹមតែក្មេងៗ ប៉ុណ្ណោះទេ ប៉ុន្តែឪពុកម្តាយក៏ចូលរួមយ៉ាងរីករាយផងដែរ។ អ្នកស្រី ហ្វាមធិ ធួស លីញ នៅក្នុងតំបន់ ខែស៊ូ បានចែករំលែកថា៖ “ប្អូនៗកុមាររីករាយយ៉ាងខ្លាំង នាំគ្នាមកដល់មុនម៉ោង ទន្ទឹងរង់ចាំថ្ងៃ ជួបមិត្តភក្តិរបស់ពួកគេ។ ប្រការនេះល្អណាស់សម្រាប់កុមារក្នុងការយល់ដឹងបន្ថែមអំពីអត្តសញ្ញាណជនជាតិរបស់ខ្លួន យល់ដឹងបន្ថែមអំពីទំនៀមទម្លាប់របស់ ហើយនៅពេលធំឡើង ពួកគេអាចណែនាំទៅកាន់អ្នកដទៃនិងមិត្តភក្តិរបស់ខ្លួន”។
លោក ដាំង វ៉ាន់ ខុយ អនុលេខានៃសម្ព័ន្ធយុវជនសង្កាត់ អៀន ទឺ បានឲ្យដឹងថា វិធីសាស្រ្តរបស់សម្ព័ន្ធយុវជនសង្កាត់ ខែស៊ូ កំពុងត្រូវបានលើកទឹកចិត្តឱ្យចម្លង ជាពិសេសឥឡូវនេះដែល អៀនទឺ បានក្លាយជាតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោក។
“សម្ព័ន្ធយុវជនសង្កាត់មានគម្រោងលើកទឹកចិត្តសាខានានាឱ្យរៀបចំសកម្មភាពតាមប្រធានបទ ជាពិសេសសកម្មភាពទាក់ទងនឹងវប្បធម៌ ដោយហេតុនេះជួយកុមារឱ្យយល់កាន់តែស៊ីជម្រៅអំពីប្រភពដើម និងលើកកម្ពស់តម្លៃវប្បធម៌ដ៏លេចធ្លោរបស់ អៀន ទឺ”។
រដូវក្ដៅនេះ សម្រាប់ប្អូនៗកុមារនៅខេត្ត ក្វាង និញ សេចក្ដីស្រឡាញ់របស់ពួកគេចំពោះអត្តសញ្ញាណវប្បធម៌ចាប់ផ្តើមជាមួយនឹងរឿងសាមញ្ញៗ ចាប់ពីការរំភើបនៃការបញ្ចូលម្ជុល និងការច្រៀងចម្រៀងដែលជីដូន និងម្ដាយរបស់ពួកគេបានថែរក្សា៕








