ពិធីបុណ្យវប្បធម៌ពិភពលោកលើកទីពីរនៅទីក្រុងហាណូយ ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៤ ខែតុលា បានប្រមូលផ្តុំអ្នកតំណាងមកពីប្រទេស និងអង្គការអន្តរជាតិប្រហែល ៥០ រួមជាមួយសិល្បករអន្តរជាតិរាប់រយនាក់។ ក្នុងអំឡុងពេលនេះ បរមរាជវាំងថាំងឡុង បានក្លាយជាកន្លែងប្រមូលផ្តុំសម្រាប់វប្បធម៌ជាច្រើន ចាប់ពីសិល្បៈ និងម្ហូបអាហារ រហូតដល់ម៉ូដនិងបេតិកភណ្ឌ។
ការទូតវប្បធម៌តាមរយៈលំហជួបប្រាស្រ័យ
មិនត្រឹមតែជាកន្លែងសម្រាប់ប្រទេសនានាដើម្បីបង្ហាញពីលក្ខណៈវប្បធម៌ពិសេស ពិធីបុណ្យវប្បធម៌ពិភពលោកលើកទីពីរនៅទីក្រុងហាណូយ ដែលមានប្រធានបទ "ប្រមូលផ្តុំបេតិកភណ្ឌ - ស្ថាបនាអនាគត" បង្កើតលំហសម្រាប់វប្បធម៌ជួបប្រាស្រ័យទាក់ទង និងចែករំលែកតម្លៃ។ ពិធីបុណ្យឆ្នាំនេះមានលំហវប្បធម៌ចំនួន ៤៥ តូបលក់អាហារចំនួន ៣៥ ការបញ្ចាំងភាពយន្តមកពី ១៨ ប្រទេស និងការចូលរួមពីក្រុមសិល្បៈអន្តរជាតិចំនួន ២០ ក្រុម។
នៅពេលដែលវប្បធម៌មានវត្តមានរួមគ្នាក្នុងទីកន្លែងតែមួយ សាធារណជនមានឱកាសទទួលបានបទពិសោធន៍ដោយផ្ទាល់អំពីសិល្បៈ ម្ហូបអាហារ សិប្បកម្ម សំលៀកបំពាក់ និងរឿងរ៉ាវនៅពីក្រោយនៃវប្បធម៌នីមួយៗ។ លោកស្រី ង្វៀន ភឿង ហ័រ នាយិកានៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានថ្លែងថា៖ “ជាមួយនឹងការប្រកាសឱ្យប្រើប្រាស់សេចក្តីសម្រេចចិត្តលេខ ៨០ របស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍវប្បធម៌ រួមជាមួយនឹងសេចក្តីសម្រេចចិត្តលេខ ៥៩ ស្តីពីការធ្វើសមាហរណកម្មអន្តរជាតិ ការកសាងម៉ាកយីហោសម្រាប់ពិធីបុណ្យវប្បធម៌ និងសិល្បៈពិភពលោកនៅវៀតណាម និងនាំវៀតណាមឲ្យក្លាយជាគោលដៅនៅលើផែនទីវប្បធម៌ និងសិល្បៈអន្តរជាតិ គឺជាកិច្ចការសំខាន់បំផុត។ តាមរយៈការរៀបចំពិធីបុណ្យវប្បធម៌ពិភពលោកជាព្រឹត្តិការណ៍ប្រចាំឆ្នាំ យើងសង្ឃឹមថានឹងកសាងម៉ាកយីហោសម្រាប់ទីក្រុងហាណូយ ដែលជាទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូរួចហើយ ប៉ុន្តែនឹងក្លាយជាគោលដៅដែលមិនអាចខកខានបាននៅលើផែនទីវប្បធម៌ និងសិល្បៈនៃតំបន់ និងពិភពលោក។ ដូច្នេះរៀងរាល់សរទៈរដូវ មិត្តភក្តិអន្តរជាតិនឹងទន្ទឹងរង់ចាំមកប្រទេសវៀតណាម ដើម្បីផ្លាស់ប្តូរនិងសហការផលិតជាមួយគ្នា ដើម្បីបង្កើតគម្រោងថ្មីៗ និងចូលរួមក្នុងការសន្ទនាជាមួយគ្នា”។
ការកសាងលំហរវប្បធម៌ស្រដៀងគ្នានេះគឺជាផ្នែកមួយនៃការតំរង់ទិស ឆ្ពោះទៅការធ្វើ សមាហរណកម្មវប្បធម៌អន្តរជាតិ។ គោលដៅនៃព្រឹត្តិការណ៍វប្បធម៌មិនមែនគ្រាន់តែណែនាំអ្វីដែលវៀតណាមមាន ផ្តល់ជូននោះទេ ប៉ុន្តែដើម្បីបង្កើតបទពិសោធន៍ដែលលើកទឹកចិត្តដល់ការចូលរួមពីសាធារណជន។ សាស្ត្រាចារ្យរង បណ្ឌិត ប៊ូយ ហ័យ សឺន អនុប្រធាននាយកដ្ឋានឃោសនាមជ្ឈិម បានសង្កត់ធ្ងន់ថា៖ “អំណាចទន់មិនមែនគ្រាន់តែនិយាយអំពីខ្លួនយើងច្រើននោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត គឺអំពីការធ្វើឱ្យពិភពលោកស្រឡាញ់ ទុកចិត្ត និងចង់រៀនអំពីប្រទេសវៀតណាម។ អ្វីដែលសំខាន់ជាងនេះទៅទៀត យើងត្រូវបង្ហាញរូបភាពពេញលេញបន្ថែមទៀតនៃប្រទេសវៀតណាម៖ ប្រទេសមួយដែលមានប្រវត្តិសាស្ត្រជ្រៅជ្រះ និងអត្តសញ្ញាណវប្បធម៌ដ៏សម្បូរបែប ប៉ុន្តែក៏ជាប្រទេសវៀតណាមសម័យទំនើប ច្នៃប្រឌិត ស្វាហាប់ រួសរាយរាក់ទាក់ មានទំនួលខុសត្រូវ និងមានទំនុកចិត្តក្នុងការធ្វើសមាហរណកម្មជាមួយពិភពលោក។ ដូច្នេះ ខ្ញុំគិតថា យើងត្រូវផ្លាស់ប្តូរយ៉ាងខ្លាំងពីផ្នត់គំនិត “ផ្សព្វផ្សាយវប្បធម៌” ទៅជា “បង្កើតភាពទាក់ទាញខាងវប្បធម៌”។ ពីការបង្ហាញអ្វីដែលយើងមាន ទៅជាការបង្កើតផលិតផល និងបទពិសោធន៍ដែលធ្វើឱ្យអ្នកដទៃស្វែងរកវៀតណាមយ៉ាងសកម្ម ស្រឡាញ់វៀតណាម និងចង់ចែករំលែករឿងរ៉ាវវិជ្ជមានអំពីវៀតណាម។ នោះគឺជាអំណាចទន់ប្រកបដោយចីរភាពពិតប្រាកដ”។
នៅពេលដែលវប្បធម៌ក្លាយជាស្ពានតភ្ជាប់
ភាពទាក់ទាញនៃវប្បធម៌មិនត្រឹមតែស្ថិតនៅក្នុងសមត្ថភាពក្នុងការទាក់ទាញចំណាប់អារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្ថិតនៅក្នុងអន្តរកម្មដោយផ្ទាល់ដែលអាចបើកការយល់ដឹងរវាងមនុស្សផងដែរ។ ពីទីក្រុងហាណូយ រហូតដល់ពិធីបុណ្យដែលបង្ហាញវប្បធម៌ វៀតណាមនៅបរទេស សកម្មភាពទាំងនេះបង្កើតកន្លែងកាន់តែច្រើនសម្រាប់មនុស្សមកពីប្រទេសផ្សេងៗគ្នាដើម្បីជួបប្រទះ និងរៀនអំពីគ្នាទៅវិញទៅមក។ ដោយចូលរួមក្នុងពិធីបុណ្យវប្បធម៌ពិភពលោកនៅទីក្រុងហាណូយ ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំប្រទេស វៀតណាម លោក Kohdayar Marri បានថ្លែងថា ទីកន្លែងដូចជាពិធីបុណ្យផ្តល់ឱកាសសម្រាប់ប្រទេសនានាក្នុងការចែករំលែកតម្លៃពិសេសរបស់ខ្លួន។
“ព្រឹត្តិការណ៍នេះផ្តល់ឱកាសឱ្យយើងបង្ហាញទេពកោសល្យ ជំនាញ សិប្បកម្ម សិល្បៈ តន្ត្រី និងរបាំរបស់យើង។ តាមរយៈនេះ យើងមានឱកាសកាន់តែច្រើនក្នុងការទំនាក់ទំនង បង្កើនការយល់ដឹងរបស់យើងអំពីវប្បធម៌របស់គ្នាទៅវិញទៅមក ក៏ដូចជាវប្បធម៌របស់ប្រទេសដែលមានតំណាងការទូតនៅវៀតណាម។ ព្រឹត្តិការណ៍ដូចនេះរួមចំណែកដល់ការនាំវប្បធម៌ ឱ្យកាន់តែជិតស្និទ្ធគ្នា។ នៅពេលដែលការយល់ដឹង ការជឿទុកចិត្ត និងការស្គាល់គ្នារវាងប្រទេសនានាត្រូវបានពង្រឹងបន្តិចម្តងៗ យើងអាចបន្តអភិវឌ្ឍទំនាក់ទំនងពាណិជ្ជកម្ម លើកកម្ពស់ទេសចរណ៍ បង្រួមគម្លាតរវាងប្រទេស និងទ្វីប និងលុបបំបាត់របាំងរាំងស្កាត់”។
ផ្ទុយទៅវិញ ពិធីបុណ្យដែលបង្ហាញពីប្រទេសវៀតណាមនៅបរទេសក៏បង្កើតទំនាក់ទំនងស្រដៀងគ្នាផងដែរ។ តាមរយៈព្រឹត្តិការណ៍ទាំងនេះ វប្បធម៌វៀតណាមត្រូវបាននាំមកក្នុងលំហដែលនៅជិតសហគមន៍ក្នុងតំបន់ ជាកន្លែងដែលមនុស្សអាចជួបប្រទះដោយផ្ទាល់នូវម្ហូបអាហារ សិល្បៈ និងលក្ខណៈពិសេសៗរបស់វៀតណាម៕








