ការជ្រើសតាំងអគ្គលេខាធិការអង្គការសហប្រជាជាតិថ្មីលើកនេះ ត្រូវបានគេមើលឃើញថា អាចបង្កឲ្យមានការជះឥទ្ធិពលប្រវត្តិសាស្ត្រនៅពេលដែលភូមិសាស្ត្រនយោបាយពិភពលោកកំពុងប្រែប្រួលយ៉ាងខ្លាំង។
និន្នាការសំខាន់ៗចំនួនពីរ
មុនសប្ដាហ៍ជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៨១ (UNGA-81) នៅថ្ងៃទី ១៨ ខែកញ្ញា ការបោះឆ្នោតក្រៅផ្លូវការ (straw poll) លើកទីបីលើបេក្ខជនសម្រាប់តំណែងអគ្គលេខាធិការអង្គការសហប្រជាជាតិ ត្រូវបានប្រារព្ធធ្វើឡើងនៅក្រុមប្រឹក្សាសន្តិសុខ ដែលជាស្ថាប័នដ៏មានអំណាចធំបំផុតរបស់អង្គការសហប្រជាជាតិ។ យោងតាមប្រភពព័ត៌មានជាច្រើន នៅក្នុងការបោះឆ្នោតនេះ អតីតអនុប្រធានាធិបតី កូស្តារីកា លោកស្រី Rebeca Grynspan ដែលបច្ចុប្បន្នកំពុងកាន់តំណែងជាអគ្គលេខាធិការនៃសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) ទទួលបានសំឡេងគាំទ្រ ៩ សំឡេង សំឡេងប្រឆាំង ៥ សំឡេង និងសំឡេងអនុប្បវាទ ១ សំឡេង។ ចំណាត់ថ្នាក់លេខពីរគឺលោកស្រី Carolyn Rodrigues Birkett ឯកអគ្គរដ្ឋទូត Guyana ប្រចាំអង្គការសហប្រជាជាតិ។
បន្ទាប់ពីការបោះឆ្នោតនេះ អតីតប្រធានាធិបតីឈីលី លោកស្រី Michelle Bachelet បានប្រកាសដកខ្លួនចេញពីការរត់ប្រណាំង ដោយបន្សល់ទុកបេក្ខជនចំនួន ៨ រូបដែលត្រូវបានតែងតាំងជាផ្លូវការ។ ទោះបីនៅតែមានលទ្ធភាពដែលបេក្ខជនថ្មីចូលរួមក្នុងការរត់ប្រណាំងក្នុងរយៈពេលប៉ុន្មានខែដែលនៅសល់ក៏ដោយ ប៉ុន្តែការវិវត្តន៍បច្ចុប្បន្នបានបង្ហាញថា កត្តាសំខាន់ចំនួនពីរកំពុងកំណត់រូបរាងនៃការប្រកួតប្រជែងឆ្នាំនេះគឺ៖ ភេទនិងការប្ដូរវេនខាងភូមិសាស្ត្រ។ ជាក់ស្ដែង ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ១៩៤៥ អង្គការសហប្រជាជាតិមិនដែលត្រូវបានដឹកនាំដោយស្ត្រីឡើយ។ លើសពីនេះ យោងតាមគោលការណ៍ប្ដូរវេនតំបន់ មជ្ឈដ្ឋានអ្នកសង្កេតការណ៍បានវាយតម្លៃថា ឥឡូវនេះជាវេនរបស់តំបន់អាមេរិកឡាទីននិងការ៉ាប៊ីនដើម្បីកាន់តំណែងនេះ។ នៅក្នុងសុន្ទរកថានៅឯ UNGA-81 កាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez ក៏បានគាំទ្រជាសាធារណៈចំពោះនិន្នាការទាំងពីរនេះ។
“បុរសចំនួន ៩ នាក់ធ្លាប់បានកាន់តំណែងជាអគ្គលេខាធិការនៃអង្គការនេះក្នុងរយៈពេល ៨០ ឆ្នាំកន្លងមក។ ឥឡូវនេះ ដល់ពេលហើយសម្រាប់ស្ត្រីម្នាក់ទទួលទំនួលខុសត្រូវនោះ ដែលជាស្ត្រីម្នាក់មកពីអាមេរិកឡាទីន។ អង្គការមួយដែលអះអាងដោយខ្លួនឯងថា តំណាងឱ្យមនុស្សជាតិទាំងអស់តើហេតុអ្វីមិនធ្លាប់មានស្ត្រីជាអ្នកដឹកនាំ? តើយើងអាចតំណាងឱ្យទ្វីបទាំងអស់ដោយរបៀបណា ប្រសិនបើក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ យើងមិនធ្លាប់អនុញ្ញាតឱ្យតំបន់ដែលមានប្រជាជនច្រើនបំផុតទីបីរបស់ពិភពលោក ទទួលយកតួនាទីនេះ?”
លោកស្រី Annalena Baerbock ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៨០ ក៏បានចាត់ទុកផងដែរថា ការសម្រេចចិត្តលើអគ្គលេខាធិការអង្គការសហប្រជាជាតិថ្មី នឹងផ្ញើសារសំខាន់មួយថា តើអង្គការសហប្រជាជាតិពិតជាប្តេជ្ញាចិត្តធ្វើកែទម្រង់ដែរឬអត់។
"ការសម្រេចចិត្តរបស់អង្គការសហប្រជាជាតិអំពីតំណែងអគ្គលេខាធិការទី ១០ នឹងផ្ញើសារថា តើអង្គការនេះពិតជាតំណាងឱ្យប្រជាជនដែលខ្លួនមានបេសកកម្មបម្រើដែរឬអត់ ហើយដូចដែលលោកអ្នកបានដឹងហើយថា ពាក់កណ្តាលក្នុងចំណោមនោះគឺជាស្ត្រី និងកុមារី។ មេដឹកនាំនៃអង្គការនេះមានសារៈសំខាន់មិនត្រឹមតែចំពោះអ្នកដែលធ្វើការនៅទីនេះប៉ុណ្ណោះទេ ថែមទាំងសម្រាប់មនុស្សរាប់ពាន់លាននាក់នៅជុំវិញពិភពលោកទៀតផង"។
សំឡេងសន្លឹកសម្រេចចិត្តលើសមាជិកចំនួន ៥
ទោះបីជានិន្នាការបោះឆ្នោតមានភាពច្បាស់លាស់ក៏ដោយ ប៉ុន្តែបញ្ហាធំនៅក្នុងដំណើរការជ្រើសតាំងអគ្គលេខាធិការអង្គការសហប្រជាជាតិថ្មីគឺថា មិនមែនបេក្ខជនណាមួយដែលទទួលបានសំឡេងគាំទ្រភាគច្រើន នឹងក្លាយជាបេក្ខជនចុងក្រោយដែលត្រូវបានជ្រើសរើសនោះទេ។ គន្លឹះស្ថិតនៅក្នុងសំឡេងសន្លឹករបស់សមាជិកអចិន្ត្រៃយ៍ទាំង៥នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង រុស្ស៊ី និងចិន) ដែលមានអំណាចវេតូ។ ការបោះឆ្នោតវេតូណាមួយដោយសមាជិកទាំង ៥ នេះ នឹងមានន័យថា បេក្ខជននោះមិនត្រូវបានអនុម័តទេ។
ដូច្នេះដំណើរការជ្រើសតាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងស្ថានភាពភូមិសាស្ត្រនយោបាយពិភពលោកបច្ចុប្បន្ន។ ការប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងចិន រួមជាមួយនឹងការប្រឈមមុខដាក់គ្នារវាងរុស្ស៊ី និងលោកខាងលិច ដោយសារតែជម្លោះនៅអ៊ុយក្រែន កំពុងបង្កើតបរិយាកាសចរចាដ៏ស្មុគស្មាញខ្លាំង នៅក្នុងក្រុមប្រឹក្សាសន្តិសុខ។
មជ្ឈដ្ឋានអ្នកសង្កេតការណ៍ចាត់ទុកថា មហាអំណាចទាំងនេះទំនងជាមិនគាំទ្របេក្ខជនណាមួយដែលគេជឿថា ដើរផ្ទុយនឹងផលប្រយោជន៍យុទ្ធសាស្ត្ររបស់ពួកគេទេ។ ដូច្នេះ បេក្ខជនដែលមានទស្សនៈមធ្យម ហានិភ័យនយោបាយទាប ឬមាន “កំណត់ត្រា” ទំនោរទៅបញ្ហាបច្ចេកទេស (ដូចជាសេដ្ឋកិច្ច បច្ចេកវិទ្យា។ល។) អាចមានប្រៀបខ្លាំងមួយ ជាពិសេសនៅក្នុងបរិបទដែលអង្គការសហប្រជាជាតិត្រូវការកំណែទម្រង់ដើម្បីបង្កើនសមត្ថភាពម្ចាស់ការចំពោះបច្ចេកវិទ្យាថ្មីៗ។ លោកសាស្ត្រាចារ្យ Dirk Druet ទីប្រឹក្សាជាន់ខ្ពស់មិនប្រចាំនៅវិទ្យាស្ថានសន្តិភាពអន្តរជាតិ (IPI) ក្នុងទីក្រុងញូវយ៉ក និងជាគ្រូឧទ្ទេសនៅសាលាគោលនយោបាយសាធារណៈ Max Bell នៅសាកលវិទ្យាល័យ McGill (កាណាដា) បានធ្វើអត្ថាធិប្បាយថា៖
"ប្រការនេះតម្រូវឱ្យមានបុគ្គលិកប្រភេទថ្មី វិស័យជំនាញថ្មីៗ និងទម្រង់សហប្រតិបត្តិការថ្មីជាមួយតំបន់នានាដែលជាចំណុចកណ្តាលនៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស - ការផ្លាស់ប្តូរដែលកំពុងបង្កើតរូបរាងពិភពលោកឡើងវិញតាមវិធីសំខាន់ៗដែលអង្គការសហប្រជាជាតិត្រូវចូលរួម"។
ទោះជាយ៉ាងណាក៏ដោយ អ្នកណាដែលជំនួសលោក Antonio Guterres ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៧ នឹងប្រឈមមុខនឹងការទទួលខុសត្រូវដ៏ធ្ងន់ធ្ងរ។ អគ្គលេខាធិការថ្មីនឹងត្រូវពង្រឹងសមត្ថភាពស្ថាបនាសន្តិភាពរបស់អង្គការសហប្រជាជាតិ គ្រប់គ្រងការផ្ទុះឡើងនៃបញ្ញាសិប្បនិម្មិត និងដឹកនាំការឆ្លើយតបជាសកលចំពោះវិបត្តិកាន់តែស្មុគស្មាញ ក្នុងបរិបទដែលថវិកាប្រតិបត្តិការកាន់តែតិចទៅៗ៕








