នៅក្នុងទីក្រុង វី ស្វៀន (នៃខេត្ត ទ្វៀន ក្វាង) ដែលជាសមរភូមិដ៏សាហាវកាលពីអតីតកាល សមាជិកនៃក្រុមស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី ខេត្តទ្វៀនក្វាង បានជិះកោះកាយដីយ៉ាងស្ងៀមស្ងាត់និងល្អិតល្អន់ ដោយស្វែងរកគ្រប់ស្នាមប្រេះនៅក្នុងដី។ ប៉ែលដីនីមួយៗដែលជីករកឃើញបង្កប់ដោយបំណងប្រាថ្នាយ៉ាងជ្រាលជ្រៅ៖ ដើម្បីនាំឪពុក និងបងប្អូនរបស់ខ្លួនវិលត្រឡប់មកផ្ទះវិញ! នៅក្នុងកម្មវិធីថ្ងៃនេះ យើងខ្ញុំសូមអញ្ជើញប្រិយមិត្តចូលរួមដំណើរដ៏ស្ងប់ស្ងាត់ ប៉ុន្តែពិសិដ្ឋនេះ៖ ដំណើររបស់យុទ្ធជនទៅស្វែងរកសមមិត្តរបស់ខ្លួននៅកណ្តាលព្រៃភ្នំល្វឹងល្វើយ វី ស្វៀន។
ប្រណាំងប្រជែងនឹងពេលវេលា
នៅតំបន់ដី វី ស្វៀន ខេត្ត ទ្វៀន ក្វាង ក្នុងអំឡុងពេលសង្គ្រាមការពារមាតុភូមិនៅព្រំដែនភាគខាងជើង (១៩៧៩–១៩៨៩) កម្មាភិបាល យុទ្ធជន និងជនរួមជាតិ ៤.០០០ នាក់បានពលីកម្មដើម្បីការពារទឹកដីទីនេះ។ រាប់ទសវត្សរ៍បានកន្លងផុតទៅ ប៉ុន្តែមនុស្សរាប់ពាន់នាក់នៅតែត្រូវបានកប់នៅកណ្តាលភ្នំ និងព្រៃឈើនៃតំបន់ព្រំដែន។
“បច្ចុប្បន្ននេះ ព័ត៌មានអំពីយុទ្ធជនពលី និងផ្នូរកាន់តែតិចទៅ។ ព័ត៌មានដែលផ្តល់ដោយអតីតយុទ្ធជនច្រើនតែមិនត្រឹមត្រូវដោយសារតែអាយុរបស់ពួកគេ និងការពិតដែលថា សង្គ្រាមបានបញ្ចប់ជាច្រើនមកហើយ។ ប្រការនេះបណ្តាលការលំបាកក្នុងការស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី។ លើសពីនេះ នៅរណសិរ្ស Vi Xuyen ការស្វែងរកភាគច្រើនស្ថិតនៅក្នុងភ្នំថ្ម ជ្រោះ និងរូងភ្នំ។ ដូច្នេះ ការស្វែងរកតម្រូវឱ្យបង្វែរថ្មនីមួយៗ ដែលធ្វើឱ្យវារឹតតែពិបាកខ្លាំងណាស់”។
លោកវរសេនីយ៍ឯកបម្រុង ប៊ុយ ភូ វិញ ស្នងការនយោបាយនៃក្រុមស្វែងរក ប្រមូលផ្តុំ (បញ្ជាការដ្ឋានយោធាខេត្ត ទ្វៀន ក្វាង) បានចែករំលែកយ៉ាងដូច្នេះ អំពីដំណើរការនៃការស្វែងរកអដ្ឋិធាតុយុទ្ធជនពលី។
ឈានចូលយុទ្ធនាការ ៥០០ ថ្ងៃទាំងយប់ បញ្ជាការដ្ឋានយោធាខេត្ត ទ្វៀន ក្វាង បានប្រមូលផ្តុំកម្លាំង និងធនធានយ៉ាងច្រើន។ វរសេនីយ៍ឯកបម្រុង ប៊ុយ ភូ វិញ បានចែក រំលែកថា“អំឡុងពេល ៥០០ ថ្ងៃទាំងយប់នៅតែជាពេលវេលាខ្លីសម្រាប់ក្រុម។ ដើម្បីបញ្ចប់យុទ្ធនាការ ក្រុមត្រូវបានបែងចែកជាក្រុមតូចនីមួយៗ ដើម្បីស្វែងរកទីតាំងដែលមានព័ត៌មានអំពីយុទ្ធជនពលី។ ឈរលើមូលដ្ឋាននោះ ក្រុមបានកំណត់អត្តសញ្ញាណ និងស្នើទៅថ្នាក់លើឲ្យចល័តកម្លាំងស្វែងរកបន្ថែម ដើម្បីសម្រេចបានលទ្ធផលដែលយុទ្ធនាការដាក់ចេញ”។
មិនត្រឹមតែយុទ្ធជនសព្វថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែអតីតយុទ្ធជនធ្លាប់ចូលរួមប្រយុទ្ធនៅ វិ ស្វៀន ក៏មិនដែលបំបាត់ការព្រួយបារម្ភអំពីសមមិត្តដែលកំពុងនៅសមរភូមិឡើយ។ ក្រឡែកមើលទៅច្រាំងថ្មចោទដែលមានអ័ព្ទ អតីតយុទ្ធជន ង្វៀន វ៉ាន់ យឿង អតីតយុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន ឡាវចាយ បាននិយាយថា៖ "ការដែលអង្គភាពទាំងអស់កំពុងស្វែងរកអដ្ឋិធាតុយុទ្ធជនពលីគឺអស្ចារ្យណាស់...។ សមមិត្តជាច្រើនរបស់ខ្ញុំនៅតែដេកលើភ្នំ និងច្រាំងថ្មចោទ មិនទាន់បានត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញនៅឡើយទេ។ យើងទាំងអស់គ្នាកំពុងស្វែងរកជាមួយគ្នា។ ខ្ញុំមានតែបំណងប្រាថ្នាមួយប៉ុណ្ណោះ៖ សូមឲ្យក្រុមស្វែងរករកឃើញពួកគេទាំងអស់គ្នា ហើយប្រមូលផ្តុំពួកគេនៅទីនេះ នៅទីបញ្ចុះសពវីស្វៀន។ សមមិត្ត ក្រុមគ្រួសារ និងសាច់ញ្ញត្តិកំពុងរង់ចាំទាំងអស់គ្នា"។
ការស្វែងរកសមមិត្តនៅកណ្តាលភ្នំថ្មរត្រចៀកឆ្មា
អស់រយៈពេលជាង ៤០ឆ្នាំលន្លងផុតទៅ បន្ទាប់ពីសមរភូមិដើម្បីការពារព្រំដែនភាគខាងជើង ព្រៃឈើបានគ្របដណ្តប់ពណ៌បៃតង ចំណុចខ្ពស់ៗដែលធ្លាប់ជា "ឡដុតកំបោរអាយុមួយសតវត្សរ៍" "កូអរដោនេស្លាប់" កំណត់ ៦៨៥, ៧៧២ និង១០៣០ នៅលើតំបន់ដីវីស្វៀន។ ប៉ុន្តែនៅក្រោមលេណដ្ឋានដែលបាក់បែក និងថ្មរត្រចៀកឆ្មា នៅតែមានកុលបុត្រកុលធីតាវៀតណាមរាប់ពាន់នាក់មិនទាន់បានិលត្រឡប់មកស្រុកកំណើតវិញ។ សម្រាប់យុទ្ធជននៃក្រុមស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី បញ្ជាការដ្ឋានយោធាខេត្ត ទ្វៀន ក្វាង យុទ្ធនាការ ៥០០ថ្ងៃទាំងយប់ មិនមែនគ្រាន់តែជាការបំពេញបេសកកម្មនោះទេ ប៉ុន្តែក៏ជាបញ្ជាពីបេះដូងផងដែរ៖ ដើម្បីបន្តដំណើរនាំសមមិត្តវិលត្រឡប់ទៅមាតុភូមិរបស់ពួកគេវិញ។
ដើម្បីទៅដល់ចំណុចខ្ពស់ៗ នៃរណសិរ្ស វី ស្វៀន សមាជិកនៃក្រុមស្វែងរកត្រូវដើរកាត់ព្រៃអស់ជាច្រើនម៉ោង ដោយតោងជាប់នឹងច្រាំងថ្មចោទ និងជណ្ដើរបណ្តោះអាសន្នដែលធ្វើពីដើមឈើព្រៃ។ ភ្លៀង អ័ព្ទ និងដីដ៏គ្រោះថ្នាក់បានធ្វើឱ្យជំហាននីមួយៗ ពោរពេញដោយគ្រោះថ្នាក់។
ទាំងនេះគឺជាការណែនាំភារកិច្ចការងាររបស់អនុសេនីយ៍ឯក ជៀវ ទៀន មុនពេលកងកម្លាំងពិសេសចេញទៅស្វែងរកចំណុចខ្ពស់។
ស្ថានភាពអាកាសធាតុដ៏អាក្រក់នៅទីនេះបានសាកល្បងទាំងឆន្ទៈ និងភាពអត់ធ្មត់របស់មនុស្ស។ ភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យដីក្រហមស្អិត បិទបាំងពណ៌នៃបំណែកឆ្អឹង មីន និងគ្រឿងផ្ទុះ... ធ្វើឱ្យការស្វែងរកកាន់តែពិបាក។ អនុសេនីយ៍ឯក ហ័ង ង៉ុក ធ្វៀន ដែលកំពុងបំពេញកាតព្វកិច្ចដោយផ្ទាល់នៅភ្នំកំពូល ៤០០ បានចែករំលែកថា៖ “ភ្លៀងធ្វើឱ្យការងារស្វែងរកកាន់តែពិបាក។ ដីក្រហមមានសភាពស្អិតខ្លាំង ដូច្នេះយើងមិនអាចជីកបានលឿនទេ ដែលធ្វើឲ្យរឹតតែពិបាករកអដ្ឋិធាតុ។ ប៉ុន្តែយើងបានប្តេជ្ញាចិត្តធ្វើ ព្រោះពេលវេលាមិនរង់ចាំអ្នកណាទេ ពូអ៊ំយើងទាំងនោះបានដេកនៅទីនេះត្រជាក់យូរពេកហើយ”។
នៅកន្លែងជាច្រើន គ្រឿងចក្រមិនអាចចូលទៅក្នុងតំបន់នោះបានទេ។ យុទ្ធជនយើងមានតែដំបងដែក ញញួរ ប៉ែល និងប៉ែលតូចៗ ដើម្បីគាស់ថ្មនីមួយៗ យកស្រទាប់ដីស្តើងៗ ចេញ និងស្វែងរកដានដែលនៅសេសសល់។ ការងារនេះមិនត្រឹមតែត្រូវការកម្លាំងរាងកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការអត់ធ្មត់ និងការថ្នមប្រុងប្រយ័ត្នសម្រាប់ដំអដ្ឋិធាតុនីមួយៗផងដែរ។ វរសេនីយ៍ឯក ង្វៀន ដាំង គឿង សមាជិកនៃកងពលលេខ ៥ ដែលចូលរួមក្នុងបេសកកម្មនេះជាលើកដំបូង បាននិយាយថា អ្វីដែលបានជួយគាត់ឱ្យយកឈ្នះលើគ្រោះថ្នាក់នោះគឺការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះមនុស្សជំនាន់មុន៖
“យើងបំពេញការងារនេះដោយឆន្ទៈ និងជំនឿជាក់លើមនុស្សជំនាន់មុន។ ដោយមានការតាំងចិត្តខ្ពស់បំផុត យើងខិតខំអស់ពីសមត្ថភាពដើម្បីស្វែងរកសមមិត្តរបស់យើងឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីជូនពួកគេវិលត្រឡប់មកជាមួយគ្រួសារវិញ”។
ចំពោះលោក ហ័ង វ៉ាន លៀន ទោះបីជាមានអាយុ ៤៦ ឆ្នាំក៏ដោយ ក៏លោកនៅតែស្ម័គ្រចិត្តចេញដំណើរ។ បុរសដែលរងការបំផ្លិចបំផ្លាញរូបនេះ មិនអាចទប់ទឹកភ្នែកបានទេ នៅពេលនឹកឃើញដល់គ្រាដំបូងដែលគាត់បានប៉ះចំអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងថ្មត្រជាក់។ លោក លៀន បានចែករំលែកថា៖ “នៅពេលដែលយើងបានរកឃើញឆ្អឹង ឬផ្នែកខ្លះនៃសាកសពសមមិត្តរបស់យើង យើងមានការរំជួលចិត្តយ៉ាងខ្លាំង។ ដោយឃើញ ទោះបីជាពួកគាត់នៅតែមានបំណែកឆ្អឹងតិច ឬច្រើនក៏ដោយ ក្រុមនៅតែព្យាយាមយ៉ាងខ្លាំងដើម្បីស្វែងរកយ៉ាងហ្មត់ចត់ ដោយជីកបន្តិចម្តងៗ ជាមួយនឹងក្តីសង្ឃឹមថា នឹងរកមិនឃើញបំណែកណាមួយដែលនៅសេសសល់។ យើងមានអារម្មណ៍អាណិតពួកគាត់យ៉ាងក្រៃលេង”។
“គ្រោះថ្នាក់មិនត្រឹមតែមកពីភ្នំថ្ម ឬអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមកពីគ្រាប់បែកមីន និងគ្រាប់កាំភ្លើងធំរាប់ពាន់គ្រាប់ដែលមិនទាន់ផ្ទុះ នៅសេសសល់ពីសង្គ្រាម ដែលត្រៀមនឹងបំផ្ទុះគ្រប់ពេលណាៗទាំងអស់ បន្ទាប់ពីរាប់ទសវត្សរ៍ដែលដេកនៅក្រោមដី ឬនៅក្នុងស្នាមប្រេះថ្ម។ ដូច្នេះ បាវចនាដែលក្រុមនេះប្រកាន់ខ្ជាប់ជានិច្ចគឺ "កន្លែងណាដែលយើងសម្អាត យើងនឹងស្វែងរកនៅទីនោះ"។ កម្លាំងវិស្វកម្មឯកទេសតែងតែនាំមុខគេ។ អនុសេនីយ៍ឯក ហ័ង ង៉ុក ធ្វៀន បានបន្ថែមថា៖ “សុវត្ថិភាពគឺមានសារៈសំខាន់បំផុត។ ក្រុមជីកកកាយពេលផង សង្កេតមើលផង។ ប្រសិនបើរកឃើញឧបករណ៍ផ្ទុះណាមួយ គឺត្រូវតែឈប់ភ្លាមៗ ដើម្បីឱ្យកងវិស្វកម្មដោះស្រាយ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ក្រុមនេះក៏បានប្រមូលបទពិសោធន៍គឺ៖ អដ្ឋិធាតុយុទ្ធជនពលីរឿយៗត្រូវបានប្រមូលផ្តុំនៅជិតអូរ និងជ្រោះ។ ពីព្រោះបន្ទាប់ពីលំហូរទឹក ដី ថ្ម និងសូម្បីតែអដ្ឋិធាតុនឹងប្រមូលផ្តុំនៅទីនោះបន្ទាប់ពីរដូវវស្សា និងទឹកជំនន់”។
នៅលើកំពូលថ្មចំនួន ៤០០ ដែលជាចំណុចប្រសព្វដ៏សំខាន់ និងខ្លាំងក្លានៃអតីតសមរភូមិ វីស្វៀន បន្ទាប់ពីជាងពីរសប្តាហ៍នៃការបង្វែរថ្មនីមួយៗ និងជីកដីស្អិតជាប់ជានិច្ច... សេចក្តីរីករាយបានមកដល់ក្រុមរុករក នៅពេលដែលអដ្ឋិធាតុមួយឈុតត្រូវបានរកឃើញបន្ទាប់ពីជិតកន្លះសតវត្សន៍ដែលស្ថិតនៅកណ្តាលភ្នំ ថ្ម និងខ្យល់បក់ពីព្រំដែន។ អនុសេនីយ៍ឯក បម្រុង ហ័ង ង៉ុក ធ្វៀន បានចែករំលែកថា៖ “នៅពេលនោះ ខ្ញុំពិតជាសប្បាយចិត្តណាស់។ ខ្ញុំជាអ្នកដែលបានរកឃើញដោយផ្ទាល់ ហើយបន្ទាប់មកសមាជិកក្រុមបានចូលមកពិនិត្យ និងកំណត់អត្តសញ្ញាណ។ មនុស្សគ្រប់គ្នាមានការរំភើបយ៉ាងខ្លាំង ដូចជាពួកគេត្រូវបានផ្តល់កម្លាំងបន្ថែមអញ្ជឹង។ ទោះបីជាអាកាសធាតុពេលខ្លះមានពន្លឺថ្ងៃ និងពេលខ្លះមានភ្លៀងក៏ដោយ មនុស្សគ្រប់គ្នាបានប្តេជ្ញាចិត្តថា នឹងបំពេញបេសកកម្មតាមរបៀបដ៏ល្អបំផុត និងសម្រេចបានលទ្ធផលខ្ពស់បំផុត”។
អនុសេនីយ៍ឯកបម្រុង លីវ វ៉ាន់ នៀន សមាជិកក្រុមប្រមូលផ្តុំ បានចែករំលែកថា អដ្ឋិធាតុយុទ្ធជនពលីដែលបានរកឃើញ មិនថានៅដដែល ឬពេលខ្លះគ្រាន់តែជាបំណែកឆ្អឹង សន្លាក់ម្រាមដៃដែលមានប៊ូតុងរលួយនៅតែភ្ជាប់ ដប់ទឹកដែកត្រូវទម្លុះដោយការបាញ់កាំភ្លើងធំ... សុទ្ធតែមានតម្លៃដូចជាកំណប់ទ្រព្យ។ ទាំងអស់ត្រូវបានរុំដោយក្រណាត់ពណ៌ក្រហម និងគ្របដោយទង់ជាតិពណ៌ក្រហមដែលមានផ្កាយពណ៌លឿង។ នៅផ្ទះរំលឹកវិញ្ញាណក្ខន្ធ ទោះបីជាសមាជិកក្រុមញ៉ាំអ្វីក៏ដោយ វីរៈយុទ្ធជនក៏ត្រូវបានផ្តល់ជូនម្ហូបដូចគ្នា ដែលជាអារម្មណ៍កក់ក្តៅដូចជាការយកចិត្តទុកដាក់ចំពោះសមាជិកគ្រួសារ។
ជារៀងរាល់ថ្ងៃ នៅលើជម្រាលថ្ម វីស្វៀន សំឡេងស្នាមជើងរបស់ក្រុមប្រមូលផ្តុំបន្តដើរកាត់ថ្មមុតស្រួច។ សម្រាប់ពួកគេ ការនាំសមមិត្តមាតុភូមិនិវត្តន៍មិនមែនគ្រាន់តែជាការបំពេញបេសកកម្មនោះទេ ប៉ុន្តែក៏អំពីរបៀបដែលមនុស្សជំនាន់នេះរក្សាការសន្យារបស់ខ្លួនចំពោះអ្នកដែលបានលះបង់ជីវិតដើម្បីសន្តិភាពនៃមាតុភូមិផងដែរ។
សំឡេងតន្រ្តីនៃខែកក្កដា
ខែកក្កដានៅ វី ស្វៀន ក្បួនរថយន្តពីតំបន់ទំនាបបានតម្រង់ជួរ ដឹកអតីតយុទ្ធជនទៅកាន់តំបន់ព្រំដែន។ រថយន្តនីមួយៗបានបង្ហាញបដាពណ៌ក្រហមដែលសរសេរថា "វិលត្រគប់ទៅរកសមរភូមិចាស់"។ ហើយនៅថ្ងៃទី១២ ខែកក្កដា ដែលជាខួបនៃសមរភូមិ ភ្នំ និងព្រៃឈើ វី ស្វៀន បានបើកទឹកចិត្តម្តងទៀត ដើម្បីស្វាគមន៍អ្នកគ្រប់គ្នាដែលត្រឡប់មកវិញ ដើម្បីឱ្យអ្នកដែលនៅរស់អាចរកឃើញអ្នកស្លាប់ ហើយអ្នកស្លាប់អាចរង់ចាំថ្ងៃដែលឈ្មោះរបស់ពួកគេនឹងត្រូវបានហៅ។
ក្នុងចំណោមហ្វូងមនុស្សស្ងាត់ៗ ដែលកំពុងអុជធូបនៅទីបញ្ចុះសព គឺមានវត្តមានអតីតយុទ្ធជនជាច្រើនដែលមានសក់ស្កូវ និងជើងមិនរឹងមាំ។ សម្រាប់ពួកគេ ខែកក្កដាគឺជាខែពិសិដ្ឋជាមួយសមមិត្តរបស់ពួកគេដែលនៅតែត្រូវបានបញ្ចុះនៅកន្លែងណាមួយក្នុងចំណោមថ្ម និងច្រាំងថ្មចោទនៃភ្នំ វី ស្វៀន លោក ហាន ឌិញ ងឺ អតីតយុទ្ធជនកងកម្លាំងពិសេស តែអតែត្រឡប់ទៅ វី ស្វៀន ជារៀងរាល់ឆ្នាំ ដោយចែករំលែក៖ “ជារៀងរាល់ឆ្នាំ យើងនៅតែមកអុជធូបសម្រាប់សមមិត្តរបស់យើងដែលរួមមួយយើងប្រយុទ្ធនៅទីនេះ។ មានសមមិត្តខ្លះ ដែលមិនដឹងថា ស្រុកកំណើត ឬគ្រួសាររបស់ពួកគេយ៉ាងម៉េចទេ ហើយនៅតែដេកលើច្រាំងថ្មចោទ។ ប្រសិនបើខ្ញុំមិនទៅជារៀងរាល់ឆ្នាំទេ ខ្ញុំមានអារម្មណ៍ថា មានកំហុសចំពោះសមមិត្តរបស់ខ្ញុំ”។
អតីតយុទ្ធជន ង្វៀន វ៉ាន់ កា យុទ្ធជននៃកងពលលេខ ៣៥៦ សំឡេងរបស់គាត់ញ័រដោយអារម្មណ៍ ខណៈពេលដែលគាត់រំលឹកពីសមរភូមិនៅយប់ថ្ងៃទី ១១ ខែកក្កដា នៅកំពូលលេខ ៦៨៥៖ “នៅក្នុងសមរភូមិនោះនៅយប់ថ្ងៃទី ១១ អង្គភាពមានអ្នកស្លាប់ច្រើននាក់។ ថ្មភ្នំត្រូវបានបំផ្លាញដោយគ្រាប់កាំភ្លើងធំរាប់រយតោន។ មនុស្សជាច្រើននៅតែបាត់ខ្លួន”។
លោក ឌិញ ឌឹក ឡុង យុទ្ធជននៃកងពលលេខ ៣១៣ តែងតែធ្វើដំណើរទៅកាន់ វី ស្វៀន រាប់សិបដងក្នុងមួយឆ្នាំ ដោយផ្តល់ហិរញ្ញប្បទានផ្ទាល់ខ្លួនសម្រាប់ការធ្វើដំណើរ ឡើងភ្នំ និងឆ្លងកាត់អូរ ដើម្បីណែនាំក្រុមជួយសង្គ្រោះ ដោយនាំអដ្ឋិធាតុសមមិត្តរបស់គាត់ជាងដប់នាក់មាតុភូមិនិវត្តន៍៖ “រាល់ពេលដែលខ្ញុំមកទីនេះ ខ្ញុំមានអារម្មណ៍ស្រងូតស្រងាត់ណាស់ ស្រលាញ់សមមិត្តរបស់ខ្ញុំខ្លាំងណាស់។ សមមិត្តរបស់ខ្ញុំនៅតែខ្ចាត់ខ្ចាយតាមព្រំដែន។ សាកសពសមមិត្តជាង ២.០០០ នាក់មិនទាន់ត្រូវបានរកឃើញនៅឡើយទេ។ មានតែពួកយើងជាអ្នកនៅរស់និងធ្លាប់ចូលរួមប្រយុទ្ធប៉ុណ្ណោះដែលដឹងថាពួកគេនៅឯណា”។
យុទ្ធជននាអតីតកាលបានប្រែក្លាយទុក្ខសោករបស់ពួកគេទៅជាសកម្មភាព ការសន្យារបស់ពួកគេទៅជាជំហានដែលមិនចេះនឿយហត់។ ដូចដែលយុទ្ធជនម្នាក់ធ្លាប់បានសរសេរថា៖ “ពេលពួកគេស្លាប់ប្រែទៅជាថ្មអមតៈ នៅតែរស់នៅទីនេះ ការពារព្រំដែន…”។
លោកអ្នកនាងជាទីមេត្រី! យើងទើបតែបានតាមដានកម្មាភិបាល និងយុទ្ធជនក្រុមស្វែងរក និងមាតុភូមិនិវត្តន៍ខេត្ត ទ្វៀន ក្វាង ក្នុងដំណើរស្វែងរករបស់អ្នកដែលនៅរស់រានមានជីវិត ដើម្បីបំពេញការសន្យាដែលមិនទាន់បានបំពេញអស់រយៈពេលជិតកន្លះសតវត្សរ៍។ អដ្ឋិធាតុ និងវត្ថុជាច្រើនត្រូវបានរកឃើញ។ ប៉ុន្តែនៅខាងមុខ ឈ្មោះរាប់ពាន់ទៀតកំពុងរង់ចាំការហៅ នៅកណ្តាលភ្នំថ្មនៃព្រំដែន។ យុទ្ធនាការ ៥០០ ថ្ងៃទាំងយប់នេះបានបញ្ចប់ត្រឹមតែជាងមួយភាគប្រាំនៃដំណើររបស់ខ្លួនប៉ុណ្ណោះ ហើយយុទ្ធជននៅថ្ងៃនេះបានប្រាប់យើងថា៖ មិនឈប់រហូតដល់យុទ្ធជនចុងក្រោយត្រូវបាននាំយកមកផ្ទះវិញ”។
តាមរយៈកម្មវិធីនេះ យើងសូមសម្តែងការដឹងគុណចំពោះយុទ្ធជនពលីដែលបានលះបង់ដើម្បីឯករាជ្យភាព និងសេរីភាពរបស់មាតុភូមិ ដល់សាច់ញាតិរបស់យុទ្ធជនពលី អតីតយុទ្ធជនដែលនៅតែរង់ចាំទាំងយប់ទាំងថ្ងៃសម្រាប់ការវិលត្រឡប់របស់សមមិត្ត និងមនុស្សជាទីស្រលាញ់របស់ពួកគេ និងដល់យុទ្ធជនដែលកំពុងបន្តសរសេររឿងរ៉ាវនៃការដឹងគុណចំពោះវីរៈយុទ្ធជនពលីរបស់ប្រជាជាតិតាមរយៈដំណើរដ៏មានអត្ថន័យ និងពិសិដ្ឋនេះ៕








