កាលពីថ្ងៃទី ២៥ ខែឧសភា នៅទីស្នាក់ការក្រសួងការបរទេសនៅទីក្រុងហាណូយ ថ្លែងនៅក្នុងជំនួបជាមួយលោក Phil Nelson អនុប្រធានប្រតិបត្តិនៃទូរទស្សន៍ CNN (សហរដ្ឋអាមេរិក) អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា ការធ្វើជាម្ចាស់ផ្ទះនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ក្នុងឆ្នាំ ២០២៧ គឺជាឱកាសដ៏សំខាន់មួយដើម្បីវៀតណាមអាចផ្សព្វផ្សាយរូបភាពនៃប្រទេសជាតិ ឧទ្ទេសនាមសមិទ្ធផលអភិវឌ្ឍន៍ អត្តសញ្ញាណវប្បធម៌ សក្តានុពលទេសចរណ៍ ក៏ដូចជាទិសដៅអភិវឌ្ឍន៍របស់ខ្លួនដល់សហគមន៍អន្តរជាតិ ជាពិសេសជំនាន់យុវជន តាមរយៈវេទិកាពហុមេឌា និងបច្ចេកវិទ្យាថ្មីៗ។
ចំណែកលោក Phil Nelson បានសម្តែងបំណងចង់បន្តនិទានរឿងរ៉ាវអំពី “ប្រទេសវៀត ណាមថ្មី” ដែលកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាក្នុងវិស័យសេដ្ឋកិច្ច នវានុវត្តន៍ បច្ចេកវិទ្យា ជាមួយនឹងវប្បធម៌ដ៏សម្បូរទៅដោយអត្តសញ្ញាណ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការជាមួយភ្នាក់ងារ និងមូលដ្ឋាននានារបស់វៀតណាមក្នុងវិស័យសារព័ត៌មាន ការផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ នវានុវត្តន៍ និងកំណើនសេដ្ឋកិច្ច។ អនុប្រធានប្រតិបត្តិនៃទូរទស្សន៍ CNN ក៏បានបញ្ជាក់ផងដែរថា CNN កំពុងយកចិត្តទុកដាក់ដល់ការស្រាវជ្រាវគំនិតសារព័ត៌មាន ខ្លឹមសារផ្សព្វផ្សាយ និងលទ្ធភាពអមដំណើរជាមួយវៀតណាមក្នុងដំណើរត្រៀមរៀបចំ APEC ២០២៧។
ភាគីទាំងពីរបានព្រមព្រៀងគ្នាបន្តរក្សាការផ្លាស់ប្តូរ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីស្រាវជ្រាវពីទម្រង់សហប្រតិបត្តិការដ៏សមស្រប រួមចំណែកដល់ការផ្សព្វផ្សាយរូបភាពនៃប្រទេសវៀតណាម និងឆ្នាំ APEC ២០២៧ ទៅកាន់សហគមន៍អន្តរជាតិប្រកបដោយប្រសិទ្ធភាព៕





