យោងតាមអនុរដ្ឋមន្ត្រី លោក ង្វៀន ម៉ាញ គឿង ដំណើរទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរីរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម គឺមានសារៈសំខាន់ជាពិសេស ក្នុងការបន្តអនុវត្ត និងធ្វើឱ្យក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរកាន់តែច្បាស់លាស់។ ទាក់ទងនឹងសេដ្ឋកិច្ច ភាគីទាំងពីររំពឹងថា នឹងជំរុញបន្ថែមទៀតកិច្ចសហប្រតិបត្តិការក្នុងការវិនិយោគ ពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់។ ចំណុចសំខាន់មួយទៀតគឺដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនិងជាក់ស្តែង ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល។ ភាគីទាំងពីរត្រូវបានរំពឹងថា នឹងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យបញ្ញាសិប្បនិម្មិត ទិន្នន័យធំ បច្ចេកវិទ្យាស៊ីមីកុងដុកទ័រ ទីក្រុងឆ្លាតវៃ សេដ្ឋកិច្ចឌីជីថល រដ្ឋាភិបាលឌីជីថល និងការផ្លាស់ប្តូរបៃតង។

លោកអនុរដ្ឋមន្ត្រី ង្វៀន ម៉ាញ គឿង បានថ្លែងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅសិង្ហបុរី អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម នឹងថ្លែងសុន្ទរកថាសំខាន់មួយនៅក្នុងកិច្ចសន្ទនា Shangri-La។ សុន្ទរកថារបស់អគ្គលេខាបក្ស ប្រធានរដ្ឋត្រូវបានរំពឹងថា នឹងបង្ហាញពីទស្សនៈ និងសាររបស់វៀតណាមទៅកាន់ប្រទេសដទៃទៀតទាក់ទងនឹងទិសដៅសម្រាប់ការដោះស្រាយបញ្ហាប្រឈមជាយុទ្ធសាស្ត្រដែលកំពុងដាក់ចេញនៅក្នុងតំបន់ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងរចនាសម្ព័ន្ធតំបន់ដែលកំពុងវិវត្ត។

នៅថ្ងៃដដែលនោះ ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅវៀតណាម លោក Rajpal Singh បានសម្តែងក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម នឹងនាំមកនូវដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ដោយវាយតម្លៃពីសារៈសំខាន់នៃការចូលរួម និងថ្លែងសុន្ទរកថាសំខាន់នៅក្នុងកិច្ចសន្ទនា Shangri-La លើកទី ២៣ របស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ឯកអគ្គរដ្ឋទូត Rajpal Singh បានអះអាងថា៖ តំបន់និងពិភពលោកចង់ស្តាប់ទស្សនៈរបស់លោកអគ្គលេខាបក្សនិងវៀតណាមលើស្ថានភាពភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ចបច្ចុប្បន្ន។ នេះគឺជាការទទួលស្គាល់ដ៏សំខាន់មួយចំពោះសមិទ្ធផលរបស់វៀតណាម និងបង្ហាញពីការត្រៀមខ្លួនក្នុងការដើរតួនាទីកាន់តែសកម្មក្នុងការដោះស្រាយអស្ថិរភាពភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច៕