នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានឱ្យដឹងថា អង្គភាពចំណុះកងពលធំលេខ ៣៦ នៃកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានគ្រប់គ្រងទីតាំងយុទ្ធសាស្ត្រមួយចំនួននៅភាគខាងត្បូង​ប្រទេស​លីបង់ និងបានបង្កើនសម្ពាធយោធាទៅលើក្រុមហេសបូឡា។ នេះត្រូវបានចាត់ទុកជាការវិវត្តន៍ដ៏រសើប ពីព្រោះទន្លេ Litani ជាយូរណាស់មកហើយត្រូវបានចាត់ទុកជាព្រំដែនយុទ្ធសាស្ត្រនៅភាគខាងត្បូង​ប្រទេស​លីបង់ និងជាតំបន់ទ្រនាប់សន្តិសុខដ៏សំខាន់ នៅក្នុងបណ្តាកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងក្រុមហេសបូឡា​ ក្រោយសង្គ្រាមលីបង់ឆ្នាំ ២០០៦។

នាថ្ងៃដដែលនោះ មន្ត្រីយោធាអ៊ីស្រាអែល និងលីបង់ បានបើកការចរចានៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក សំដៅស្វែងរកវិធីកាត់បន្ថយភាពតានតឹង​។ យោងតាមក្រសួងការបរទេសអាមេរិក ជុំចរចាលើកនេះ គឺមានគោល​បំណងបង្កើត «បណ្តាញសន្តិសុខ» រវាងកងទ័ពនៃប្រទេសទាំងពីរ ដើម្បីពង្រឹង​បទឈប់បាញ់នាពេលបច្ចុប្បន្ន។ ការពិភាក្សាបន្ទាប់ត្រូវបានរំពឹងថា នឹងផ្លាស់ប្តូរទៅជា «បណ្តាញនយោបាយ» សំដៅឈានទៅរកកិច្ចព្រមព្រៀងស្ថិរភាពរយៈពេលវែង៕