ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែរួមចំណែកធ្វើ​ឱ្យ​ស៊ីជម្រៅថែមទៀតទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សិង្ហបុរីប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំងបញ្ជាក់ពីតួនាទីកាន់តែសកម្ម វិជ្ជមាន និងមានទំនួលខុសត្រូវរបស់វៀតណាមក្នុងបញ្ហាសន្តិភាព សន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ទៀត​ផង។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋ​នៅសិង្ហបុរីរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម​ ត្រូវបានធ្វើឡើង​រយៈពេលមួយឆ្នាំបន្ទាប់ពីប្រទេសទាំងពីរបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយសិង្ហបុរីគឺជាប្រទេសអាស៊ានដំបូងគេដែលលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានធ្វើ​ដំណើរទស្សនាផ្លូវរដ្ឋ បន្ទាប់ពីការរៀបចំ​ក្បាលម៉ាស៊ីនដឹកនាំសំខាន់ៗ​ឡើងវិញ​។

សម្រាប់កិច្ចសន្ទនា Shangri-La នេះជាលើកដំបូងដែលអគ្គលេខាបក្ស ប្រធានរដ្ឋវៀត ណាមត្រូវបានអញ្ជើញឱ្យថ្លែងសុន្ទរកថា​បើក​ប្រធានបទ។ ប្រការ​នេះ បង្ហាញពីការវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់ និងមានការទទួលខុសត្រូវរបស់វៀតណាមក្នុងបញ្ហាតំបន់ និងអន្តរជាតិ។

ធ្វើ​ឱ្យ​​ស៊ីជម្រៅ​ថែម​ទៀត​នូវទំនាក់ទំនងវៀតណាម-សិង្ហបុរី

ចំណុចលេចធ្លោនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងសិង្ហបុរី នាពេលបច្ចុប្បន្ន គឺវិស័យសេដ្ឋកិច្ច ដែលជាគំរូនៃកិច្ចសហប្រតិបត្តិការដ៏ជោគជ័យនៅក្នុងអាស៊ាន។ មណ្ឌលឧស្សាហកម្មសិង្ហបុរី (VSIP) ចំនួន ២០ ជា​គំរូនៃកិច្ច​សហប្រតិបត្តិការ​រវាង​វៀតណាម​និង​សិង្ហបុរី ដោយ​ផ្តោតលើបច្ចេកវិទ្យាខ្ពស់ និងការអភិវឌ្ឍប្រកបដោយចីរភាព មានវត្តមាននៅក្នុង​មូលដ្ឋានជាច្រើននៅ​វៀតណាម​។ ភាគីទាំងពីរក៏កំពុងខិតខំ​សម្រេចឱ្យ​បាន​មណ្ឌលឧស្សាហកម្ម VSIP ចំនួន ៣០ នៅឆ្នាំនេះ ដើម្បីរំលឹកខួប ៣០ឆ្នាំបើកដំណើរការ VSIP នៅវៀតណាម។

បច្ចុប្បន្ននេះ ប្រទេសទាំងពីរកំពុងផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលមានគុណភាពខ្ពស់ដូចជា៖ សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង បញ្ញាសិប្បនិម្មិត និង សេមីកុងដុកទ័រ។ ទាំងនេះគឺជាវិស័យមានសក្តានុពលខ្ពស់ ដែលភាគីទាំងពីរបានកំណត់ជាសសរស្តម្ភក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-សិង្ហបុរីនាពេលខាងមុខ។ នៅក្នុងបរិបទនេះ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក​អគ្គលេខាបក្ស​ ប្រធានរដ្ឋ តូ ឡឹម នៅសិង្ហបុរី គឺជាឱកាសមួយសម្រាប់ប្រទេសទាំងពីរ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗឱ្យ​កាន់តែ​ស៊ីជម្រៅ ជាពិសេសវិស័យដ៏មានសក្តានុពល​ទាំងនេះ។ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក ង្វៀន ម៉ាញ គឿង បានឱ្យ​ដឹងថា៖ “​​​ក្នុងដំណើរទស្សនកិច្ចលើក​នេះ ប្រទេសទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការលើការតភ្ជាប់បច្ចេក វិទ្យា។ យើងនឹងអនុវត្តគំនិតផ្តួចផ្តើម តភ្ជាប់បច្ចេកវិទ្យា TechConnect វៀតណាម-សិង្ហបុរី ដើម្បីត​ភ្ជាប់ "ភាគី" ទាំងបីនៃប្រទេសទាំងពីរ គឺ៖ រដ្ឋាភិបាល អ្នកវិទ្យាសាស្ត្រ និងអាជីវកម្ម ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការតភ្ជាប់បច្ចេកវិទ្យារវាងប្រទេសទាំងពីរប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង។ ឆ្ពោះ​ទៅរកការ​បង្កើត​ប្រព័ន្ធអេកូឡូស៊ីសម្រាប់កិច្ចសហប្រតិបត្តិការតភ្ជាប់បច្ចេកវិទ្យារវាងវៀតណាម និងសិង្ហបុរី”​។

កំណត់តួនាទី និងសំឡេងរបស់វៀតណាមនៅក្នុងរចនាសម្ព័ន្ធតំបន់

នៅសិង្ហបុរី លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានចូលរួម និងថ្លែងសុន្ទរកថាសំខាន់នៅក្នុងកិច្ចសន្ទនា Shangri-la ២០២៦។ នេះគឺជាវេទិកាសន្តិសុខ និងការពារជាតិឈានមុខគេនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលបង្កើតឡើងដោយវិទ្យាស្ថានយុទ្ធសាស្ត្រអន្តរជាតិចាប់តាំងពី​ឆ្នាំ ២០០២ មក។ កិច្ចសន្ទនានេះ មានអ្នកចូលរួមជាង ៥៥០ នាក់មកពីភ្នាក់ងារការពារជាតិ និងសន្តិសុខនៃប្រទេសជាង ៤០ នៅទូទាំងពិភពលោក ដោយចែករំលែកចក្ខុវិស័យ និងផ្លាស់ប្តូរទស្សនៈលើបញ្ហាយុទ្ធសាស្ត្រ ការកសាងទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការលើសន្តិសុខ និងការពារជាតិ។

អស់រយៈពេលជាច្រើនឆ្នាំមកហើយ វៀតណាមជានិច្ច​កាល​ប្រកាន់ខ្ជាប់ខ្ជួន​នូវគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម និងពិពិធកម្មទំនាក់ទំនង​អន្តរជាតិ; គោលការណ៍សន្តិភាព កិច្ចសហប្រតិបត្តិការ និងការគោរពច្បាប់អន្តរជាតិ។ ទាំងនេះ បានជួយវៀតណាមឱ្យក្លាយជាដៃគូ​ដែលអាចទុកចិត្តបាន ជាស្ពានតភ្ជាប់កិច្ចសន្ទនា និងជាកត្តារក្សាតុល្យភាពនៅក្នុងតំបន់។ ការ​ដែលលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បាន​ថ្លែងសុន្ទរកថានៅក្នុងកិច្ចសន្ទនា Shangri-La ក៏ជាឱកាសសម្រាប់វៀតណាមក្នុងការបង្ហាញ​សារដ៏​ច្បាស់លាស់​អំពីចក្ខុវិស័យរបស់ខ្លួនចំពោះសន្តិសុខ​ក្នុងតំបន់៖ មិនជ្រើសរើសខាងដើម្បីប្រឈមមុខដាក់គ្នា និងមិនប្រកួតប្រជែងអំណាចទេ ប៉ុន្តែជំរុញកិច្ចសហប្រតិបត្តិការ ការសន្ទនា និងកសាងទំនុកចិត្តជាយុទ្ធសាស្ត្រ​។ នៅក្នុងបរិបទដែលចំណុចក្តៅ​ផ្នែក​សន្តិសុខជាច្រើននៅតែមានហានិភ័យនៃការ​ឡើងជណ្ដើរ សំឡេងរបស់​វៀតណាម​ក្នុងការ​​លើក​កម្ពស់ច្បាប់អន្តរជាតិ ការគោរពអធិបតេយ្យភាព ការធានាសន្តិភាព និងស្ថិរភាពគឺមានតម្លៃជាងពេល​ណាៗទាំងអស់​។ អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក ង្វៀន ម៉ាញ គឿង បាន​លើក​ច្បាស់ថា៖ “​វៀតណាមត្រូវបាន​វាយតម្លៃ​ខ្ពស់ ពីព្រោះយើងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងពិភពលោក និងតំបន់ ប៉ុន្តែយើងនៅតែរក្សាបាន​នូវ​គោលនយោបាយឯករាជ្យ និងខ្លួនទីពឹងខ្លួន។ សុន្ទរកថារបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋរដ្ឋ តូ ឡឹម នៅក្នុងកិច្ចសន្ទនា Shangri-La ឆ្នាំនេះ នឹងផ្ញើរ​សារនិង​បង្ហាញ​ទស្សនៈ​របស់វៀតណាមលើទិសដៅយុទ្ធសាស្ត្រ ដើម្បីដោះស្រាយបញ្ហាដែ​លកំពុងកើតឡើង នៅក្នុងដំណើរការផ្លាស់ប្តូររចនាសម្ព័ន្ធតំបន់ និងអន្តរជាតិ”​។

ការចូលរួមរបស់មេដឹកនាំកំពូលវៀតណាមនៅក្នុងវេទិកានេះ ក៏ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនៅ​ក្នុង​ការត្រិះតិះនៃ​កិច្ច​ការបរទេសរបស់ប្រទេសផងដែរ៖ ពីម្ចាស់ការធ្វើសមាហរណកម្ម ទៅជា​ម្ចាស់​ការចូលរួមចំណែកក្នុងការបង្កើតរូប​រាង​បញ្ហាក្នុងតំបន់ និងពិភពលោក។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសិង្ហបុរី លោក ត្រឹន ភឿក អាញ បានបញ្ជាក់ថា៖ “​ឆ្នាំនេះ មេដឹកនាំជាន់ខ្ពស់បំផុតរបស់វៀតណាម គឺលោក​អគ្គលេខាបក្ស ប្រធាន​រដ្ឋ ត្រូវបានអញ្ជើញ​ធ្វើ​​​ជាវាគ្មិន។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ហើយក៏​ជាឱកាសដើម្បីបញ្ជូនសារមួយ តាមនោះបង្ហាញពី​ឋានៈ កិត្យានុភាព និងសំឡេងរបស់វៀតណាមនៅលើឆាកអន្តរជាតិ ជាពិសេសក្នុងវិស័យសន្តិសុខ និងការពារជាតិក្នុងតំបន់ និងពិភពលោក”​។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសិង្ហបុរី និងការចូលរួមក្នុងកិច្ចសន្ទនា Shangri-La របស់លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម គឺជាជំហានការទូតដ៏មានអត្ថន័យជាយុទ្ធសាស្ត្រ។ នេះគឺជាការបន្ត​គោលនយោបាយការបរទេសឯករាជ្យ និងខ្លួនទីពឹងខ្លួនរបស់វៀតណាមផង ហើយបង្ហាញយ៉ាងច្បាស់អំពី​តួនាទីកាន់តែខ្ពស់របស់វៀតណាមនៅលើឆាកអន្តរជាតិ​ទៀត ផង។ នៅក្នុងពិភពលោក​ដែល​មាន​ភាពមិនប្រាកដប្រជាជាច្រើន វៀតណាមកំពុងបង្ហាញ​ពី​រូបភាព​នៃប្រទេសមួយដែលមានទំនួលខុសត្រូវ ម្ចាស់ការ ដែលត្រៀមខ្លួនជាំស្រេច​សម្រាប់​ចូលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងទូទាំងពិភពលោក៕​