បណ្តាសមាជិកសភាបានស្នើឱ្យមានការផ្លាស់ប្តូរថ្មីក្នុងការត្រិះរិះ និងស្ថាប័ន ដោយផ្លាស់ប្តូរពីការគ្រប់គ្រងទៅជាការស្ថាបនាអភិវឌ្ឍន៍ ពីផ្នត់គំនិតគ្រប់គ្រងដែលផ្តោតលើការបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេស ទៅជាផ្នត់គំនិតដែលផ្តោតលើការអភិវឌ្ឍធនធានមនុស្សជាតិ តាមរយៈការចូលរួមយ៉ាងសកម្មរបស់វៀតណាមនៅក្នុងទីផ្សារពលកម្មអន្តរជាតិ។ ជាពិសេស បន្ថែមទៅក្នុងសេចក្តីព្រាងច្បាប់ថា ពលករវៀតណាមដែលធ្វើការនៅក្រៅប្រទេសក្រោមកិច្ចសន្យាត្រូវបានចាត់ទុកជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សជាតិ។ លោក ង្វៀន ង៉ុក សឺន សមាជិកសភាមកពីទីក្រុងហៃផុង បានធ្វើអត្ថាធិប្បាយថា៖
«នៅឆ្នាំ ២០២៥ ប្រាក់ខែជាមធ្យមសម្រាប់ពលករនៅប្រទេសជប៉ុន និងតៃវ៉ាន់(ចិន) មានប្រហែល ១.៣០០ ដុល្លារអាមេរិក/ខែ នៅកូរ៉េខាងត្បូងគឺ ១.៦០០ ដុល្លារ/ខែ ខណៈពេលដែលនៅអាល្លឺម៉ង់និងដាណឺម៉ាក គឺប្រងែល ២.៩០០ - ៤.០០០ ដុល្លារ/ខែ។ ប្រការនេះមានន័យថា ជាមួយនឹងកម្លាំងពលកម្មដូចគ្នា គ្រាន់តែលើកកម្ពស់ជំនាញរបស់ពួកគេនិងផ្លាស់ប្តូរទីផ្សារ នឹងបង្កើនតម្លៃដែលខ្ពស់ជាង ២-៣ ដង ដោយមិនចាំបាច់បង្កើនចំនួនពលករដែលធ្វើការនៅបរទេសនោះទេ។ ដូច្នេះ ខ្ញុំស្នើឱ្យបន្ថែមទៅក្នុងច្បាប់នូវក្របខ័ណ្ឌអប្បបរមាសម្រាប់យន្តការពិសេស ដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ ភាសាបរទេស និងឥណទានអនុគ្រោះសម្រាប់កម្មករមកពីតំបន់ជនជាតិភាគតិច។ ទីពីរ គឺប្រែក្លាយការទទួលខុសត្រូវទៅជាបទបញ្ញត្តិ របស់ច្បាប់ និងទទួលស្គាល់ជំនាញវិជ្ជាជីវៈនៅបរទេស ទៅក្នុងមូលដ្ឋានទិន្នន័យដោយមានយន្តការសម្រាប់កត់ត្រា និងវាយតម្លៃជំនាញនៅពេលពួកគេត្រឡប់មកប្រទេសវិញ»។
ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៦ វៀតណាមបានបញ្ជូនពលករជាង ៦៦.០០០ នាក់ទៅធ្វើការនៅក្រៅប្រទេសក្រោមកិច្ចសន្យា ដែលសម្រេចបានជិត ៦០% នៃផែនការឆ្នាំ ២០២៦ គឺបញ្ជូនពលករប្រមាណ ១១២.០០០ នាក់ទៅធ្វើការនៅក្រៅប្រទេស៕






