កម្មវិធីនេះ បានចាប់ផ្តើមជាមួយនឹងពិធីបង្ហូតទង់ជាតិដ៏ឧឡារិក។ នៅពេលដែលទង់ជាតិត្រូវបានបង្ហូតលើកឡើង គណៈប្រតិភូ សិល្បករ និងអ្នកទស្សនាបានរួមគ្នាច្រៀងបទ "Tien Quan Ca"។
ថ្លែងនៅក្នុងកម្មវិធីនេះ លោក ឡេ ក្វឹកមិញ និពន្ធនាយកនៃកាសែត Nhan Dan អនុប្រធាននាយកដ្ឋានឃោសនាការមជ្ឈិម និងជាប្រធានសមាគមអ្នកកាសែតវៀតណាម បានសង្កត់ធ្ងន់ថា៖ «យើងកំពុងខិតជិតដល់ព្រឹត្តិការណ៍ដ៏ពិសិដ្ឋនោះគឺ ខួប ១០០ ឆ្នាំនៃទិវាបង្កើតបក្សនៅឆ្នាំ ២០៣០ និងខួប ១០០ ឆ្នាំនៃទិវាបង្កើតប្រទេសជាតិនៅឆ្នាំ ២០៤៥។ ដំណើរខាងមុខនៅតែមានបញ្ហាប្រឈមជាច្រើន ប៉ុន្តែយើងប្រាកដជានឹងយកឈ្នះទាំងស្រុង ពិព្រោះយើងមានចំណុចពិសេសមួយ នោះគឺ៖ មាតុភូមិនៅក្នុងបេះដូងរបស់មនុស្សគ្រប់រូប។ ស្មារតីនោះក៏ជាអារម្មណ៍ស្នូលនៃកម្មវិធីសិល្បៈនាថ្ងៃនេះផងដែរ។ ចាប់ពីអតីតកាលដ៏រុងរឿង នៃដំណើរការតស៊ូដណ្តើមឯករាជ្យ និងបង្រួបបង្រួមប្រទេសជាតិ ជំនឿទុកចិត្តយ៉ាងមុតមាំចំពោះបក្សនិងលោកប្រធានហូជីមិញ រហូតដល់មោទនភាព ឆន្ទៈលះបង់ និងសេចក្តីប្រាថ្នាកសាងអនាគត។ តន្ត្រី និងបច្ចេកវិទ្យាសម្តែងទំនើបរួមបញ្ចូលគ្នា ដើម្បីបង្ហាញពីសាច់រឿងអំពីមាតុភូមិដែលត្រូវបានថែរក្សាដោយការលះបង់ ត្រូវបានកសាងដោយកម្លាំងពលកម្ម និងតែងតែថិតថេរជានិច្ចនៅក្នុងបេះដូងរបស់ប្រជាជនវៀតណាមគ្រប់រូប។»
កម្មវិធីនេះមានបីវគ្គ៖ "មាតុភូមិរួបរួមគ្នា" "ពណ៌ក្រហមនៃមោទនភាព" និង "មាតុភូមិនៅក្នុងបេះដួងចិត្ត" ដែលបង្ហាញឡើងវិញនូវដំណើរនៃការតស៊ូដើម្បីឯករាជ្យភាព និងការបង្រួបបង្រួមប្រទេសជាតិ ហើយបង្ហាញពីសេចក្តីប្រាថ្នាដើម្បីសន្តិភាព ការអភិវឌ្ឍ និងឈានឡើងនៅក្នុងយុគសម័យថ្មីតាមរយៈបទចម្រៀងដ៏អមតៈ និងស្នាដៃសហសម័យដ៏គួរឱ្យទាក់ទាញជាច្រើន។ ទន្ទឹមនឹងនោះ គឺក្បួនដង្ហែរព្យុហយាត្រារបស់កម្លាំងកងទ័ព នគរបាល កងឈ្លបស្ត្រីនៃភាគខាងត្បូង និងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលរួមចំណែកដល់បរិយាកាសសិល្បៈដ៏ឧឡារិក ប៉ុន្តែនៅតែជិតស្និតជាមួយសាធារណៈជន៕






