សិង្ហបុរីគឺជាដៃគូមួយក្នុងចំណោមដៃគូសេដ្ឋកិច្ចឈានមុខគេ របស់វៀតណាមទាក់ទងនឹងការវិនិយោគ ពាណិជ្ជកម្ម និងការតភ្ជាប់។ សមាជិកអចិន្រ្តៃយ៍នៃគណៈលេខា លោក ជិន គឹមទូ (Tran Cam Tu) បានអះអាងយ៉ាងដូច្នេះ នៅជំនួបសវនាការជាមួយប្រធានរដ្ឋសភាសិង្ហបុរី លោក Seah Kian Peng នារសៀលថ្ងៃទី ២៤ ខែសីហា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសសិង្ហបុរី និងធ្វើជាសហប្រធាននៃកិច្ចសន្ទនាយុទ្ធសាស្ត្រវៀតណាម-សិង្ហបុរីលើកទីមួយរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សសកម្មភាពប្រជាជនសិង្ហបុរី (PAP)។

សមាជិកអចិន្ត្រៃយ៍នៃគណៈលេខា លោក ជិន គឹមទូ បានស្នើឱ្យភាគីទាំងពីរបន្តយកចិត្តទុកដាក់ដល់ការជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ពង្រីកយន្តការសហប្រតិបត្តិការដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាព ដើម្បីរួមចំណែកដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយនាំកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យនានាមានការរីកចម្រើនគ្រប់ជ្រុងជ្រោយ ស៊ីជម្រៅ និងជាក់ស្តែង។

រីឯខ្លួនវិញ ប្រធានរដ្ឋសភា លោក Seah Kian Peng បានអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេង គ្រប់ជ្រុងជ្រោយ ដែលប្រទេសវៀតណាមសម្រេចបានក្នុងរយៈពេលកន្លងមក ព្រមទាំងបញ្ជាក់ថា សិង្ហបុរីនឹងបន្តរួមដំណើរ និងចែករំលែកបទពិសោធន៍ជាមួយ វៀតណាម ដោយពង្រីកវិស័យសហប្រតិបត្តិការជាបន្តបន្ទាប់ស្របតាមដំណាក់កាលអភិវឌ្ឍន៍ថ្មីនៃប្រទេសទាំងពីរ។

នៅថ្ងៃដដែល សមាជិកអចិន្ត្រៃយ៍នៃគណៈលេខា លោក ជិន គឹមទូ បានជួបជាមួយប្រធានគណបក្សសកម្មភាពប្រជាជន និងជារដ្ឋមន្ត្រីក្រសួងអប់រំសិង្ហបុរី លោក Desmond Lee៕