ព្រឹត្តិការណ៍នេះបានទាក់ទាញក្រុម​ចូលរួមចំនួន ៦៦៦ ក្រុមមកពីប្រទេសចំនួន ១៦ នៅទូទាំងទ្វីបទាំង ៦ ដោយមានមនុស្សយន្តជាង ២.០០០ ចូលរួម​ប្រកួតប្រជែងក្នុង​វិញ្ញាសារចំនួន ៥១ និងមាន​ការប្រកួតចំនួន ១.៣០១ លើក​​។ ចំនួនក្រុមចូលរួម​សរុប​បានកើនឡើង ១៣៨% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយចំនួន​មនុស្សយន្តបានកើនឡើងជិត ៤ ដង។

នៅឆ្នាំនេះ គណៈរៀបចំ​បានបន្ថែម​វិញ្ញាសារប្រកួតប្រជែងដែលមានកម្រិត​ធន់ទ្រាំខ្ពស់ ដូចជា លោតចម្ងាយ លើកទម្ងន់ ទាញព្រ័ត្រ និងវាយកូនបាល់លើតុ ដែលទាំងអស់នេះជាការធ្វើតេស្តយ៉ាងខ្លាំងក្លាលើរចនាសម្ព័ន្ធ និងសមាសធាតុស្នូលរបស់មនុស្សយន្ត។

ការប្រកួតប្រជែងនាឆ្នាំនេះ ក៏បានពង្រីកវិសាលភាពប្រកួតទៅកាន់បរិស្ថានជាក់ស្តែង ដូចជា៖ ឧស្សាហកម្ម សណ្ឋាគារ ផ្ទះសម្បែង និងភស្តុភារកម្ម។ ក្រៅពីនេះ ការប្រកួតពិសេសៗក៏ត្រូវបានបង្កើតឡើងដើម្បីពិនិត្យមើលភាពប៉ិនប្រសប់ ដូចជា៖ ការដំឡើង និងផ្ទេរផ្ទុកទំនិញ ការបោសសំអាតផ្ទះ ការពន្លត់អគ្គិភ័យ និងការបែងចែក​ប្រភេទសៀវភៅ; ការថ្លឹងម្សៅ ការរើសសណ្តែក និងការបើកដប ដើម្បីពិនិត្យមើលភាពប៉ិនប្រសប់នៃចុងម្រាមដៃ ចក្ខុវិស័យ សមត្ថភាពកាន់ឱ្យ​ណែន និងការអនុវត្តបា​នយ៉ាងត្រឹមត្រូវ៕​