ចាប់ពីថ្ងៃទី១៩-២១ ខែសីហា ឆ្នាំ២០២៦ នៅវិមានឯករាជ្យក្នុងទីក្រុងហូជីមិញ តាមរយៈបច្ចេកវិទ្យាការពិតនិម្មិត សាធារណជននឹងត្រូវបានត្រឡប់មកទីលានបាឌីញ ដើម្បីស្តាប់លោកប្រធានហូជីមិញអានសេចក្តីប្រកាសឯករាជ្យ បង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥។
តាមរយៈបច្ចេកវិទ្យាការពិតនិម្មិត (VR) អ្នកចូលរួមនឹងមានអារម្មណ៍ដូចជាពួកគេកំពុងឈរនៅទីលានបាឌីញ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ ដោយរួមជាមួយហ្វូងមនុស្សដែលកំពុងសម្លឹងមើលវេទិកា ដើម្បីស្តាប់លោកប្រធានហូជីមិញ អានសេចក្តីប្រកាសឯករាជ្យ និងទទួលអារម្មណ៍ពីបរិយាកាសសប្បាយរីករាយរបស់ប្រជាជនរាប់ម៉ឺននាក់ នាថ្ងៃដំបូងដែលបានក្លាយជាប្រជាពលរដ្ឋនៃប្រទេសឯករាជ្យមួយ។
ក្រោមការដឹកនាំរបស់វិទ្យុសំឡេងវៀតណាម (VOV) កាសែតអនឡាញ VTC News សម្របសម្រួលជាមួយវិទ្យាស្ថានបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ CDIT នៃវិទ្យាស្ថានប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំកម្មវិធី "វិលត្រឡប់ទៅកាន់ពេលវេលាដ៏ពិសិដ្ឋ" ក្នុងឱកាសរំលឹកខួបលើកទី ៨១ នៃបដិវត្តន៍ខែសីហា (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២៦) និងទិវាបុណ្យជាតិទី ២ ខែកញ្ញា និងរំលឹកខួប៥០ឆ្នាំ ទិវាដែលទីក្រុងសៃហ្គន - យ៉ាឌិញ ត្រូវបានដាក់ឈ្មោះតាមលោកប្រធានហូជីមិញ (២ កក្កដា ១៩៧៦ - ២ កក្កដា ២០២៦)។
ដោយបង្ហាញមុខសាធារណៈជនក្នុងឱកាសរំលឹកខួបលើកទី ៨០ ទិវាបុណ្យជាតិក្នុងឆ្នាំ២០២៥ កម្មវិធី "វិលត្រឡប់ទៅកាន់ពេលវេលាដ៏ពិសិដ្ឋ" បានបង្កើតភាព ទាក់ទាញយ៉ាងខ្លាំងនៅក្នុងទីក្រុងហាណូយ ដោយមានអ្នកចូលរួមជាង ៣៥.០០០នាក់។ បន្ទាប់នោះ កម្មវិធីបានបន្តប្រព្រឹត្តទៅនៅខេត្តក្វាងនិញក្នុងខែកញ្ញា ឆ្នាំ ២០២៥។
ចាប់ពីថ្ងៃទី ១៧-១៩ ខែឧសភា ឆ្នាំ ២០២៦ នៅតំបន់កេរ្តិ៍ដំណែលជាតិពិសេស គីមលៀន (ខេត្តង៉េអាន) មានប្រជាជននិងអ្នកទេសចរជាង ៣.០០០ នាក់បានចូលរួមទទួលបទពិសោធន៍ដ៏រំជួលចិត្តនេះ។
ចាប់ពីថ្ងៃទី ១៩-២១ ខែសីហា ឆ្នាំ ២០២៦ វិមានឯករាជ្យ ក្នុងទីក្រុងហូជីមិញ នឹងក្លាយជាគោលដៅបន្ទាប់នៃកម្មវិធី "វិលត្រឡប់ទៅកាន់ពេលវេលាដ៏ពិសិដ្ឋ"។ កម្មវិធីនេះត្រូវបានរំពឹងថានឹងបម្រើអ្នកទស្សនាប្រហែល ១០.០០០ នាក់ដែលមកទស្សនា និងទទួលបទពិសោធន៍៕






