នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ធ្វើការជាមួយដៃគូឈានមុខគេរបស់វៀតណាមក្នុងវិស័យប្រេងឧស្ម័ន
25/03/2026 11:17
(VOVWORLD) - ក្នុងដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សហព័ន្ធរុស្ស៊ី កាលពីរសៀលថ្ងៃទី ២៤ ខែមីនា នៅទីក្រុងម៉ូស្គូ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានទៅទស្សនានិងធ្វើការជាមួយក្រុមហ៊ុន Zarubezhneft។

ទិដ្ឋភាពនៃកិច្ចប្រជុំ។ រូបថត៖ VOV ក្រុមហ៊ុន Zarubezhneft គឺជាដៃគូឈានមុខគេមួយរបស់វៀតណាមក្នុងវិស័យប្រេង និងឧស្ម័ន ដែលមានកិច្ចសហប្រតិបត្តិការជាង ៤០ ឆ្នាំ ជាមួយសាជីវកម្មថាមពល និងឧស្សាហកម្មជាតិវៀតណាម (Petrovietnam) និងក្រុមហ៊ុនបណ្តាក់ទុនរួមចំនួនពីរគឺ Vietsovpetro (វៀតណាម) និង Rusvietpetro (រុស្ស៊ី) ក្នុងការស្ទាបស្ទង់ភូគព្ភសាស្ត្រ និងធ្វើអាជីវកម្មប្រេងឧស្ម័ន។ នៅក្នុងជំនួននេះ ថ្នាក់ដឹកនាំ Zarubezhneft បានបញ្ជាក់ពីសក្តានុពលដ៏អស្ចារ្យសម្រាប់កិច្ចសហប្រតិបត្តិការថាមពលរវាងសហព័ន្ធរុស្ស៊ី និងវៀតណាម ហើយស្នើឱ្យពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូវៀតណាមក្នុងវិស័យថ្មីៗ ដូចជា៖ ការអនុវត្តកម្មវិធីអភិវឌ្ឍន៍ថាមពលវាយោអគ្គិសនីនៅឯនាយសមុទ្រ រួមទាំងគម្រោងកសិដ្ឋានវាយោអគ្គិសនីនៅឯនាយសមុទ្រ; ការអនុវត្តគម្រោងរួមគ្នានៅក្នុងប្រទេសទីបីជាដើម។ ចំណែកឯរដ្ឋាភិបាលរុស្ស៊ីវិញ ឧបនាយករដ្ឋមន្ត្រី លោក Alexander Novak បានបញ្ជាក់ថា លោកនឹងខិតខំប្រឹងប្រែងជាមួយភ្នាក់ងារពាក់ព័ន្ធ ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រេង ឧស្ម័ន និងថាមពល ដោយរួមចំណែកដល់ការអនុវត្តកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យារវាងសហគ្រាសវៀតណាមនិងរុស្ស៊ី ។ រូបថត៖ VOV ដោយធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យារវាងសហគ្រាសវៀតណាមនិងរុស្ស៊ី លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការថាមពលគឺជាសសរស្តម្ភមួយនៅក្នុងទំនាក់ទំនងទ្វេភាគី ហើយកិច្ចសហប្រតិបត្តិការនេះមានចក្ខុវិស័យមួយសតវត្សរ៍ ដែលជាបញ្ហាយុទ្ធសាស្ត្រសម្រាប់ប្រទេសទាំងពីរ។ លោកបានស្នើឱ្យភាគីទាំងពីរបន្តស្វែងរកដំណោះស្រាយសម្រាប់កិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ ការអនុវត្តកាន់តែលឿននិងមានប្រសិទ្ធភាពជាងមុន ចូលរួមក្នុងការរៀបចំរចនាសម្ព័ន្ធឧស្សាហកម្មប្រេងនិងឧស្ម័នសកលឡើងវិញ។ នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាជាក់លាក់មួយចំនួន ដើម្បីជំរុញការអនុវត្តគម្រោងសហប្រតិបត្តិការ៕
TAG
VOV/VOVworld/នាយករដ្ឋមន្ត្រី/ដៃគូ/វៀតណាម/ប្រេងឧស្ម័ន
Related





