នេះជាសំណើរបស់ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន នៅក្នុងពិធីអបអរសាទរខួបលើកទី៧០ ទិវាបង្កើតបណ្ឌិត្យសភាកសិកម្មវៀតណាម (ថ្ងៃទី១២ ខែតុលា ឆ្នាំ១៩៥៦ - ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦) និងពិធីទទួលគ្រឿងឥស្សរិយយសពលកម្ម ថ្នាក់ទី១ ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១០ ខែតុលា នៅទីក្រុងហាណូយ។

តាង​នាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោក​ប្រធានរដ្ឋសភា ជិន ថាញ់មិន បានសង្កត់ធ្ងន់ថា សេចក្តីសម្រេច​ចិត្ត​​របស់គណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ រដ្ឋសភា និងរដ្ឋាភិបាល ស្តីពីការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ បរិវត្តកម្មឌីជីថលជាតិ និង​របក់គំហើញ​ក្នុង​ការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាល បានបើកចេញនូវលំហអភិវឌ្ឍន៍ដ៏ធំធេងសម្រាប់គ្រឹះស្ថានឧត្តមសិក្សា។ បណ្ឌិត្យសភាត្រូវប្រែក្លាយគោលនយោបាយ និងទិសដៅដ៏សំខាន់ទាំងនេះ ទៅជាកម្មវិធីសកម្មភាពជាក់លាក់ សមិទ្ធផលវិទ្យាសាស្ត្រជាក់ស្តែង និងតម្លៃជាក់លាក់សម្រាប់ប្រទេសជាតិ។

«បណ្ឌិត្យសភាកសិកម្មវៀតណាមត្រូវផ្លាស់ប្តូរយ៉ាងខ្លាំងក្លាលើកម្មវិធីអប់រំនិង​បណ្តុះបណ្តាល; ត្រូវបណ្តុះបណ្តាល “ពលរដ្ឋសកល” សម្រាប់វិស័យកសិកម្មវៀតណាមទំនើប។ ត្រូវផ្លាស់ប្តូរយ៉ាងខ្លាំងពីការបណ្តុះបណ្តាលតាមអ្វីដែលមានស្រាប់ ទៅជាការបណ្តុះបណ្តាលតាមតម្រូវការរបស់សង្គម សហគ្រាស និងការអភិវឌ្ឍរបស់ប្រទេសជាតិ។ និស្សិតគ្រប់រូបនៅពេលបញ្ចប់ការសិក្សា ត្រូវមានចំណេះដឹងរឹងមាំ ជំនាញល្អ ផ្នត់គំនិតនវានុវត្តន៍ សមត្ថភាពឌីជីថល សមត្ថភាពធ្វើសមាហរណកម្មអន្តរជាតិ និងជាពិសេស គឺសេចក្តីប្រាថ្នាក្នុងការរួមចំណែកដល់សង្គម។ បណ្ឌិត្យសភាត្រូវក្លាយជាកន្លែងដែលយុវជនមានមហិច្ឆតាក្នុងវិស័យកសិកម្ម បច្ចេកវិទ្យា និងការចាប់ផ្តើមអាជីវកម្ម មកសិក្សារៀនសូត្រ ស្រាវជ្រាវ និងរីកចម្រើន»៕​