កាលពីថ្ងៃទី ២៥ ខែឧសភា ក្នុងការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានជូនដំណឹងជាផ្លូវការដល់សហរដ្ឋអាមេរិក អំពីសកម្មភាពតបតនឹងការវាយប្រហារដែលរុស្ស៊ីហៅថា ជា "ភេរវកម្ម" ដែលធ្វើឡើងដោយរដ្ឋាភិបាលអ៊ុយក្រែនប្រឆាំងនឹងជនស៊ីវិល និងកន្លែងស៊ីវិលនៅលើទឹកដីរុស្ស៊ី។ តាមនោះ កងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្ស៊ីបានចាប់ផ្តើមធ្វើការវាយប្រហារជាប្រព័ន្ធ និងជាបន្តបន្ទាប់លើគោលដៅនានានៅក្នុងប្រទេសអ៊ុយក្រែន រួមទាំងគ្រឹះស្ថានប្រើប្រាស់ដោយកងកម្លាំងប្រដាប់អាវុធ ក៏ដូចជាមជ្ឈមណ្ឌលធ្វើការសម្រេចចិត្តពាក់ព័ន្ធ។ រដ្ឋមន្ត្រីការបរទេសលោក Lavrov ក៏បានលើកឡើងពីសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ី ដែលផ្ដល់អនុសាសន៍ថា បណ្ដាប្រទេសដែលមានស្ថាប័នតំណាងនៅទីក្រុងគៀវ រដ្ឋធានីអ៊ុយក្រែន រួមទាំងសហរដ្ឋអាមេរិក គួរតែធានាការជម្លៀសបុគ្គលិកការទូត និងពលរដ្ឋចេញពីទីក្រុងគៀវ។

លោក Lavrov ក៏បានរំលឹកឡើងវិញនូវកិច្ចព្រមព្រៀងជាន់ខ្ពស់ដែលសម្រេចបាន ទាក់ទងនឹងជម្លោះអ៊ុយក្រែន ហើយបានសម្តែងការព្រួយបារម្ភថា ការវិវត្តថ្មីៗនេះ មានហានិភ័យធ្វើឱ្យអន្តរាយដល់យថាទស្សន៍ឆ្ពោះទៅរកដំណោះស្រាយយូរអង្វែងចំពោះជម្លោះអ៊ុយក្រែន ដោយផ្អែកលើតុល្យភាពផលប្រយោជន៍រវាងភាគីពាក់ព័ន្ធទាំងអស់។

ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះដែរ ភាគីទាំងពីរក៏បានបញ្ជាក់ពីបំណងចង់បន្តកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យទំនាក់ទំនងការទូតទ្វេភាគីមានប្រក្រតីភាពឡើងវិញ ទោះបីជានៅមានភាពខុសប្លែកគ្នាក៏ដោយ៕