អ៊ីរ៉ង់ប្រកាសពីបំណងប្រាថ្នាចង់បញ្ចប់ជម្លោះទាំងស្រុង
27/03/2026 09:04
(VOVWORLD) - អ៊ីរ៉ង់សង្ឃឹមថា នឹង "បញ្ចប់ទាំងស្រុង" ជម្លោះជាមួយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល។ នេះគឺជាសារដែលត្រូវបានប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian លើកឡើងក្នុងអំឡុងពេលជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim នាថ្ងៃទី ២៦ ខែមីនា។
ប្រធានាធិបតីអ៊ីរ៉ង់ ម៉ាស៊ូដ ប៉េហ្សេសគីយ៉ាន (រូបថត៖ គេហទំព័រប្រធានាធិបតីអ៊ីរ៉ង់/WANA/Handout តាមរយៈ REUTERS) លោកប្រធានាធិបតី Pezeshkian បានថ្លែងថា ទីក្រុងតេអេរ៉ង់កំពុងស្វែងរកដំណោះស្រាយដ៏ទូលំទូលាយមួយដើម្បីបញ្ចប់សង្គ្រាម អមដោយការធានាសន្តិភាពយូរអង្វែងនៅក្នុងតំបន់។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះ គោលជំហោរបស់ម៉ាឡេស៊ីក្នុងការថ្កោលទោសការវាយប្រហារ លើគោលដៅអ៊ីរ៉ង់ ដោយចាត់ទុកថា នេះជាការគាំទ្រជាគោលការណ៍ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។ ចំពោះលោកវិញ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានសម្តែងការចូលរួមរំលែកទុក្ខជាមួយអ៊ីរ៉ង់ចំពោះការខូចខាតដែលបង្កឡើងដោយជម្លោះ និងបានសង្កត់ធ្ងន់លើការប្រឆាំងរបស់លោកចំពោះសកម្មភាពណាមួយដែលរំលោភ លើអធិបតេយ្យភាពជាតិ។ ថ្នាក់ដឹកនាំម៉ាឡេស៊ីក៏បានអំពាវនាវឱ្យមានការធានាពីអន្តរជាតិ ដើម្បីការពារការវាយប្រហារនាពេលអនាគត។ នៅក្នុងការវិវឌ្ឍពាក់ព័ន្ធ នៅថ្ងៃដដែលនោះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា អ៊ីរ៉ង់បានអនុញ្ញាតឱ្យនាវាដឹកប្រេងចំនួន ១០ គ្រឿងឆ្លងកាត់ច្រកសមុទ្រហ័រមូស ជា “កាយវិការនៃសុច្ឆន្ទៈ” ក្នុងអំឡុងពេលនៃការចរចាដែលកំពុងបន្តដើម្បីបញ្ចប់ជម្លោះរវាងភាគីទាំងពីរ។ ទន្ទឹមនឹងនេះ លោក Steve Witkoff បេសកជនពិសេសអាមេរិក បាននិយាយថា មាន “សញ្ញាវិជ្ជមានច្បាស់លាស់” ដែលបង្ហាញពីលទ្ធភាពនៃការឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់ជម្លោះជាមួយអ៊ីរ៉ង់៕
TAG
VOV/VOVworld/អ៊ីរ៉ង់/ប្រកាស/បំណងប្រាថ្នា/ចង់បញ្ចប់/ជម្លោះ/ទាំងស្រុង
Related





