លោកបានចាត់ទុកថា ទាំងនេះគឺជាទិសដៅដែលមានលក្ខណៈជាប្រព័ន្ធ វិទ្យាសាស្ត្រ ទំនើប និងយក​ប្រជាជនជាស្នូល។

តាមសាស្ត្រាចារ្យ Qu Qiang ទិសដៅអភិវឌ្ឍន៍ក្រោយមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម គ្របដណ្តប់លើវិស័យជាច្រើន ចាប់ពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា បរិស្ថាន សន្តិសុខ រហូតដល់ជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍ​។ ចំណុចគួរឱ្យកត់សម្គាល់ គឺតម្រូវការផ្លាស់ប្តូរគំរូកំណើន​តាមទិសទំនើប លើកកម្ពស់គុណភាពនៃការអភិវឌ្ឍ ព្រមទាំងធានាឱ្យប្រជាជនទទួលបានផលប្រយោជន៍ពីសមិទ្ធផលនៃកំណើន។​

ក្នុងចំណោមសេចក្តីសម្រេចចិត្តទាំងនេះ សាស្ត្រាចារ្យ Qu Qiang បានចាប់អារម្មណ៍​ជាពិសេសចំពោះសេចក្តីសម្រេចចិត្តលេខ៥៧ ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល ដោយចាត់ទុកនេះជាទិសដៅមូលដ្ឋានសម្រាប់ដំណើរការលើកកម្ពស់គំរូអភិវឌ្ឍន៍របស់វៀតណាម។

«ការអភិវឌ្ឍរបស់វៀតណាមនាពេលអនាគត ជាពិសេសនៅដំណាក់កាលក្រោយមហាសន្និបាតលើកទី ១៤ មិនគ្រាន់តែជាការបង្កើនទិន្នផល ឬការពន្លឿនល្បឿន​កំណើនសេដ្ឋកិច្ចទៀត​ហើយ។ ប៉ុន្តែផ្ទុយទៅវិញ គោលដៅគឺការលើកកម្ពស់គុណភាពឱ្យដើរទន្ទឹមគ្នាជាមួយល្បឿន និងទំហំ។ គុណភាពនេះ ត្រូវបានពង្រឹងតាមរយៈវឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិវត្តកម្មឌីជីថល រួមមានវិស័យដូចជា បញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យាអវកាស អាកាសចរណ៍ ការដឹកជញ្ជូនទំនើប ភស្តុភារកម្មតាមផ្លូវដែក និងបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប»។

យោង​តាមអ្នកជំនាញចិន ការផ្លាស់ប្តូរជាយុទ្ធសាស្ត្រដែលវៀតណាមបានដាក់ចេញ បង្ហាញពីវិធីសាស្ត្រអភិក្រម​ប្រកបដោយតុល្យភាពរវាងការលើកកម្ពស់សមត្ថភាព​អភិបាលកិច្ច ការធ្វើទំនើបកម្ម ការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ជាមួយនឹងគោលដៅលើកកម្ពស់ជីវភាពរស់នៅ និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជន ដែលឆ្លុះបញ្ចាំងពីចក្ខុវិស័យប្រកបដោយតុល្យភាព និងគ្រប់ជ្រុងជ្រោយ សម្រាប់ការអភិវឌ្ឍរបស់វៀតណាមនាពេលអនាគត។ នេះគឺជាវិធីសាស្ត្រដ៏ល្អ និងមានលក្ខណៈវិទ្យាសាស្ត្រយ៉ាងខ្លាំង៕​