គណៈកម្មាធិការមជ្ឈិមបានអនុម័តលើសេចក្តីសម្រេចចិត្តថ្មីស្តីពីកម្មាភិបាល និងការងារកម្មាភិបាល ហើយក៏បានអនុម័តលើគម្រោង "យុទ្ធសាស្ត្រជាតិស្តីពីការទាក់ទាញ ការប្រើប្រាស់ និងការអភិវឌ្ឍជនមានទេពកោសល្យក្នុងវិស័យសំខាន់ៗ ដែលបម្រើដល់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពរបស់ប្រទេសជាតិ"។
គណៈកម្មាធិការមជ្ឈិមបានកំណត់ថា របក់គំហើញធនធានមនុស្សមិនត្រឹមតែជាការទាក់ទាញជនមានទេពកោសល្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអំពីការបង្កើតយន្តការសម្រាប់ជនមានទេពកោសល្យអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ជួរកម្មាភិបាលអនុវត្តប្រកបដោយប្រសិទ្ធភាព និងប្រព័ន្ធទាំងមូលដំណើរការបានកាន់តែប្រសើរ។
ការត្រិះរិះទម្លុះទម្លាយក្នុងការប្រើប្រាស់ជនមានទេពកោសល្យ
ដំបូងបង្អស់ ការប្រើប្រាស់ជនមានទេពកោសល្យត្រូវតែចាប់ផ្តើមជាមួយនឹងភារកិច្ចអភិវឌ្ឍន៍ជាក់លាក់របស់ប្រទេសជាតិ។ នៅក្នុងសុន្ទរកថាបិទសន្និបាតលើកទី៤នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤ កាលពីរសៀលថ្ងៃទី ៨ ខែតុលា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានសង្កត់ធ្ងន់ថា៖ «ត្រូវផ្អែកលើតម្រូវការនៃភារកិច្ច ដើម្បីរៀបចំប្រភពធនធានមនុស្ស បណ្តុះបណ្តាល ចាត់តាំង និងប្រើប្រាស់លទ្ធផលដើម្បីវាយតម្លៃ និងជ្រើសរើស ដោយធានា ការបន្តវេនតាមអាណត្តិនីមួយៗ។ ចរិតលក្ខណៈ ប្ញទ្ធានុភាព សមត្ថភាព និងកិត្យានុភាព ត្រូវបង្ហាញតាមរយៈលទ្ធផលការងារ; ការវាយតម្លៃលទ្ធផលត្រូវពិចារណាលើកម្រិតលំបាកនៃភារកិច្ច លក្ខខណ្ឌនៃការអនុវត្ត និងតម្លៃរយៈពេលវែង»។
សុន្ទរកថារបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានបង្ហាញពីចក្ខុវិស័យជាយុទ្ធសាស្ត្រក្នុងការងារកម្មាភិបាល គឺត្រូវផ្អែកលើភារកិច្ចយុទ្ធសាស្ត្រ ដើម្បីធ្វើការជ្រើសរើស ប្រគល់ភារកិច្ច ផ្តល់សិទ្ធិអំណាច និងបែងចែកធនធាន។ នេះជាការផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងការត្រិះរិះ មិនត្រឹមតែការជ្រើសរើសជនមានទេពកោសល្យបានប៉ុន្មាននោះទេ ប៉ុន្តែអំពីការធានាថា ជនមានទេពកោសល្យត្រូវតែក្លាយជាធនធានពិតប្រាកដសម្រាប់ការអភិវឌ្ឍរបស់ប្រទេសជាតិ។
ជាពិសេស សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបានសង្កត់ធ្ងន់ថា យុទ្ធសាស្ត្រអ្នកមានទេពកោសល្យត្រូវចាត់ទុកការប្រើប្រាស់ជនមានទេពកោសល្យជាចំណុចស្នូល។ ទោះជាយ៉ាងណាក៏ដោយ ជនមានទេពកោសល្យមិនចាំបាច់ធ្វើការតែនៅក្នុងស្ថាប័នរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែអាចចូលរួមចំណែកតាមរយៈការស្រាវជ្រាវវិទ្យាសាស្ត្រ សកម្មភាពអាជីវកម្ម កិច្ចសហប្រតិបត្តិការរវាងអ្នកជំនាញ ឬគម្រោងអភិវឌ្ឍន៍ជាក់លាក់។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានបញ្ជាក់ថា៖ «តភ្ជាប់ជនមានទេពកោសល្យក្នុងស្រុក ជនវៀតណាមនៅបរទេស និងអ្នកជំនាញអន្តរជាតិ; តភ្ជាប់សាលារៀននិងវិទ្យាស្ថានជាមួយសហគ្រាស។ យកការស្វែងរក និងការបណ្តុះបណ្តាលជនមានទេពកោសល្យជាមូលដ្ឋានរយៈពេលវែង។ ទីភ្នាក់ងារប្រើប្រាស់ត្រូវតែប្រគល់ភារកិច្ចស្របតាមសមត្ថភាព បង្កើតលក្ខខណ្ឌសម្រាប់ធ្វើជាម្ចាស់លើបច្ចេកវិទ្យា កសាងជួរកម្មាភិបាល និងផ្ទេរចំណេះដឹង; ការទទួលស្គាល់និងលើកទឹកចិត្តប្រកបដោយសមភាពសម្រាប់អ្នកដែលត្រូវបានទាក់ទាញនិងអ្នកដែលកំពុងចូលរួមចំណែក។»
លើកកម្ពស់ប្រសិទ្ធភាពនៃអភិបាលកិច្ចជាតិ
ទោះជាយ៉ាងណាក៏ដោយ ត្រឹមតែមានជនមានទេពកោសល្យគឺមិនគ្រប់គ្រាន់ទេ។ គោលនយោបាយដ៏ត្រឹមត្រូវអាចបង្កើតលទ្ធផល លុះត្រាតែត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។ ដូច្នេះ ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពតម្រូវឱ្យមានការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការអនុវត្ត។ ការកែលម្អគុណភាពជួរកម្មាភិបាលត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការកែទម្រង់វិធីសាស្រ្តវាយតម្លៃ តភ្ជាប់សិទ្ធិអំណាចជាមួយនឹងការទទួលខុសត្រូវ និងយកលទ្ធផលអនុវត្តន៍ភារកិច្ចជារង្វាស់ដ៏សំខាន់។
ដោយតាមដានសន្និបាតមជ្ឈិមលើកទី ៤ ឧត្តមសេនីយ៍ត្រី សាស្ត្រាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់សៅ អនុប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ និងប្រវត្តិសាស្ត្រការពារជាតិវៀតណាម ក្រសួងការពារប្រទេស បានសម្តែងការយល់ព្រមចំពោះសេចក្តីសម្រេចចិត្តស្តីពីការងារកម្មាភិបាលដែលត្រូវបានអនុម័ត ដោយចាត់ទុកថា៖ «បន្ទាប់ពីសុន្ទរកថារបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ខ្ញុំមានការរំពឹងយ៉ាងមុតមាំថា ការងារកម្មាផិបាលនឹងផ្លាស់ប្តូរយ៉ាងខ្លាំង ពីការគ្រប់គ្រងមនុស្ស ទៅជាការអភិវឌ្ឍនិងការប្រើប្រាស់ធនធានមនុស្ស។ ពីការរៀបចំកម្មាភិបាលតាមអាណត្តិនីមួយៗ យើងនឹងផ្លាស់ប្តូរទៅរកការរៀបចំប្រភពធនធានមនុស្សសម្រាប់តួនាទីដឹកនាំ ដើម្បីបំពេញភារកិច្ចយុទ្ធសាស្ត្ររយៈពេលវែងរបស់ប្រទេសជាតិ។ ហើយប្រការដ៏សំខាន់បំផុត គឺត្រូវបង្កើតយន្តការមួយដែលធានាថា អ្នកមានសមត្ថភាពត្រូវបានប្រគល់ភារកិច្ចសំខាន់ៗ អ្នកដែលបំពេញការងារបានល្អត្រូវបានផ្តល់សិទ្ធិអំណាចធំធេង។ អ្នកដែលបង្កើតបានតម្លៃ ត្រូវបានទទួលស្គាល់ឱ្យបានសមស្រប។ ហើយទន្ទឹមនឹងនេះ អ្នកដែលមិនអាចបំពេញតាមតម្រូវការក៏ត្រូវការជំនួសមកវិញ ឱ្យបានទាន់ពេលវេលាផងដែរ។»
ការតម្រងទិសដែលបានកំណត់នៅក្នុងសន្និបាតលើកទី៤ នៃគណៈកម្មាធិការមជ្ឈិម បានបញ្ជាក់ជាថ្មីម្តងទៀតអំពីតួនាទីស្នូលរបស់មនុស្សចំពោះអនាគតប្រទេសជាតិ។ ការវិនិយោគលើមនុស្ស ការប្រើប្រាស់ជនមានទេពកោសល្យ និងការលើកកម្ពស់សមត្ថភាពអនុវត្ត គឺជាការវិនិយោគលើសមត្ថភាពអភិវឌ្ឍន៍រយៈពេលវែងរបស់ប្រទេសជាតិ ដែលបង្កើតមូលដ្ឋានគ្រឹះឱ្យវៀតណាមពង្រីកកម្លាំងផ្ទៃក្នុង លើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងសម្រេចបាននូវសេចក្តីប្រាថ្នាក្នុងការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពរបស់ប្រទេសជាតិ ក្នុងដំណាក់កាលថ្មី៕








