ក្នុងឱកាសខួបលើកទី ៧៧ ទិវាបង្កើតសាធារណរដ្ឋប្រជាមានិតចិន (ថ្ងៃទី ១ ខែតុលា ឆ្នាំ ១៩៤៩ - ថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៦) អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង ប្រធានរដ្ឋសភា លោក ជិន ថាញ់មិន និងសមាជិកអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិម លោក ជិន កឹមទូ បានផ្ញើសារទូរលេខអបអរសាទរជូនអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក ស៊ី ជីនពីង នាយករដ្ឋមន្ត្រី លោក លី ឈៀង ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន លោក ចាវ ឡេជី និងសមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ លេខានៃគណៈលេខា ប្រធានខុទ្ទកាល័យមជ្ឈិមបក្សកុម្មុយនិស្តចិន លោក កៃ ឈី។

នៅក្នុងសារទូរលេខអបអរសាទរ ថ្នាក់ដឹកនាំនៃបក្សនិងរដ្ឋវៀតណាមបានសម្តែងការជឿជាក់ថា ក្រោមការដឹកនាំរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ដែលមានអគ្គលេខាបក្ស ប្រធានរដ្ឋ លោក ស៊ី ជីនពីង ជាស្នូល ប្រទេសចិននឹងសម្រេចប្រកបដោយជោគជ័យនូវគោលដៅកសាងប្រទេសចិនឱ្យក្លាយជាប្រទេសសង្គមនិយមទំនើប ខ្លាំងមាំមួន ប្រជាធិបតេយ្យ អរិយធម៌ សុខដុមរមនា និងស្រស់ស្អាត ដែលរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដ៏រុងរឿងនៅក្នុងតំបន់ និងពិភពលោក។

ដោយសង្កត់ធ្ងន់ថា បក្សនិងរដ្ឋវៀតណាម ជានិច្ចកាលកំណត់ការពង្រឹងនិងអភិវឌ្ឍទំនាក់ទំនងអ្នកជិតខាងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ជាមួយចិន ជាគោលជំហរដ៏ខ្ជាប់ខ្ជួន ជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពចម្បងនៅក្នុងគោលនយោបាយកិច្ចការបរទេស ថ្នាក់ដឹកនាំនៃបក្សនិងរដ្ឋវៀតណាម បានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេច ដើម្បីរួមជាមួយថ្នាក់ដឹកនាំបក្សនិងរដ្ឋចិន រក្សាការផ្លាស់ប្តូរជាប្រចាំ ពង្រឹងទិសដៅយុទ្ធសាស្ត្រ តាមនោះធ្វើឱ្យស៊ីជម្រៅថែមទៀតនូវភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជំរុញការកសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិនប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ នៅកម្រិតខ្ពស់ជាងក្នុងយុគសម័យថ្មី ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងលើពិភពលោកផងដែរ៕