លក្ខណៈសណ្ឋានដីនិងគ្រោះធម្មជាតិផ្សេងៗគ្នា បានដាក់ចេញវិធីសាស្ត្រឆ្លើយតបផ្សេងៗគ្នាសម្រាប់ប្រជាជននៅទីនេះ។ ដោយផ្អែកលើបទពិសោធន៍ជាក់ស្តែង រួមជាមួយការជួយឧបត្ថម្ភពីអាជ្ញាធរ សហគមន៍នានាកំពុងមានភាពម្ចាស់ការជាងមុនក្នុងការសម្របខ្លួនទៅនឹងគ្រោះធម្មជាតិ តាមនោះកាត់បន្ថយហានិភ័យ និងការពារជីវភាពរស់នៅ។
នៅតាមភូមិនានា ដែលស្ថិតនៅកណ្តាលព្រៃភ្នំនៃខេត្តក្វាងទ្រី ភ្លៀងធ្លាក់ខ្លាំងហើយមានរយៈពេលយូរ បណ្ដាលឲ្យប្រជាជនត្រូវប្រឈមមុខនឹងហានិភ័យនៃការរអិលបាក់ដី ដែលកាត់ផ្ដាច់ការធ្វើដំណើរ និងប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរបស់គ្រួសារជាច្រើន។ ដូច្នេះ ស្មាតហ្វូន បានក្លាយជាកាណាល់ទំនាក់ទំនងដ៏មានប្រយោជន៍។
ភូមិ Ka Tang ឃុំ Tuyen Lam ខេត្តក្វាងទ្រី មានប្រជាជនចំនួន ១២៥ គ្រួសារដែលរស់នៅរាយប៉ាយនៅលើភ្នំ។ លោក ហ័ង វ៉ាន់ធួន មេភូមិ កាតាង បានឲ្យដឹងថាកាលពីមុន មេភូមិធ្វើដំណើរចម្ងាយច្រើនគីឡូម៉ែត្រ ឡើងភ្នំ ឆ្លងកាត់អូរ គោះទ្វារផ្ទះនីមួយៗដើម្បីដាស់តឿនឱ្យប្រជាជនជម្លៀសចេញ។ ប៉ុន្តែឥឡូវនេះ អាស្រ័យដោយមានហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតគ្របដណ្ដប់យ៉ាងទូលំទូលាយ បណ្តាញទំនាក់ទំនងរហ័សមួយ ត្រូវបានបង្កើតឡើងដោយប្រើទូរសព្ទដៃ។
“ក្នុងរដូវវស្សា អត្ថប្រយោជន៍នៃបច្ចេកវិទ្យាឌីជីថលគឺការសន្សំសំចៃពេលវេលា។ ពីមុនខ្ញុំត្រូវដើរទៅតាមផ្ទះនីមួយៗ។ ឥឡូវនេះ តាមរយៈក្រុម Zalo និង Facebook របស់ភូមិ ប្រជាពលរដ្ឋអាចទទួលបានព័ត៌មានភ្លាមៗ។ ប្រសិនបើគ្រួសារណាមួយមិនទាន់អានសារទេ ខ្ញុំទូរស័ព្ទទៅឲ្យពួកគេដោយផ្ទាល់។ លុះត្រាតែខ្ញុំមិនអាចទាក់ទងបានទេ ទើបខ្ញុំទៅផ្ទះពួកគេ”។
តំបន់ឃុំ Tuyen Lam ឥឡូវនេះទំហំបានកើនឡើងទ្វេដង បន្ទាប់ពីការរួមបញ្ចូលគ្នា ប៉ុន្តែបណ្ដុំលំនៅដ្ឋានចែកចាយរាយប៉ាយ។ ករណីជំនន់ទឹកភ្លៀងថ្មីៗនេះ បានបង្ហាញពីប្រសិទ្ធភាពនៃការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការបញ្ជូនការព្រមានទៅកាន់ប្រជាជនយ៉ាងឆាប់រហ័ស និងទាន់ពេលវេលា។ លោក Tran Manh Luc អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Tuyen Lam ខេត្តក្វាងទ្រី បាននិយាយថា៖
“បន្ទាប់ពីការរួមបញ្ចូលគ្នា ផ្ទៃដីដែលឃុំគ្រប់គ្រងបានកើនឡើងទ្វេដង។ ដូច្នេះ ការផ្លាស់ប្តូរឌីជីថលគឺជាដំណោះស្រាយគន្លឹះសម្រាប់គ្រប់គ្រងការបង្ការនិងទប់ទល់នឹងគ្រោះធម្មជាតិ។ ថ្មីៗនេះ ឃុំបានដឹកនាំការពិនិត្យឡើងវិញ និងការធ្វើឌីជីថលូបនីយកម្មទិន្នន័យទាំងអស់ទាក់ទងនឹងគ្រួសារនៅក្នុងតំបន់ដែលមានហានិភ័យនៃការរអិលបាក់ដី ដើម្បីដាក់បញ្ចូលក្នុងក្រុមឆ្លើយតបរហ័ស។ ជាលទ្ធផល បាវចនា "បួនចំណុចនៅហ្នឹងកន្លែង" ត្រូវបានអនុវត្តន៍ដោយស៊ីសង្វាក់គ្នា ត្រឹមត្រូវ និងមានប្រសិទ្ធភាព”។
ប្រសិនបើនៅតំបន់ភ្នំ Tuyen Lam ប្រជាជនស្វែងរកវិធីដើម្បីទទួលបានព័ត៌មានលឿនជាងមុន នៅក្នុងតំបន់ដែលត្រូវទឹកជន់លិចជាប្រចាំ ដូចជាឃុំ Kim Phu ប្រជាជនបានរៀបចំកន្លែងជម្រកនិងការពារទ្រព្យសម្បត្តិរាល់ពេលដែលទឹកជំនន់ជន់ឡើង។
ភូមិ Tan Hoa ស្ថិតនៅក្នុងតំបន់ "ផ្ចិតទឹកជំនន់" នៃឃុំ Kim Phu។ ពីភាពច្នៃប្រឌិត និងបទពិសោធន៍របស់ប្រជាជន រួមជាមួយនឹងការជួយឧបត្ថម្ភពីមូលដ្ឋាន និងអង្គការនានា ផ្ទះអណ្តែតទឹកជាង ៦០០ ខ្នងត្រូវបានដាក់ឱ្យប្រើប្រាស់ ដែលបានក្លាយជាជម្រកសុវត្ថិភាពសម្រាប់ប្រជាជន Tan Hoa នៅពេលណាដែលទឹកជំនន់កើនឡើង។ ផ្ទះអណ្តែតទឹកនីមួយៗមានទំហំប្រហែល ២០ ម៉ែត្រការ៉េ ដែលមានធុងទទេចំនួន ៨-១២ ធុងភ្ជាប់នៅខាងក្រោម។ ដំបូលនិងជញ្ជាំងធ្វើពីស័ង្កសី មានបង្អួចសម្រាប់គេចចេញ និងបង្គោលទ្រទ្រង់ជាប់នឹងដី កម្ពស់ ៦-៨ ម៉ែត្រ។ នៅពេលដែលទឹកជំនន់មកដល់ ផ្ទះនឹងអណ្ដែតលើផ្ទៃទឹក ហើយនៅពេលដែលទឹកជំនន់ស្រក ផ្ទះនឹងត្រឡប់ទៅទីតាំងដើមវិញ។ លោក Dinh Xuan Vu នៅភូមិ Tan Hoa បាននិយាយថា៖
“គ្រួសារនីមួយៗបានស្តុកទុកអាហារជាមុន។ ពេលដែលឃើញទឹកចាប់ផ្តើមជន់ឡើង អាហារក៏ត្រូវបានត្រៀមនៅក្នុងផ្ទះអណ្តែតទឹករួចហើយ របស់របរត្រូវបានផ្លាស់ទីទៅផ្ទះអណ្តែតទឹក ដូច្នេះមិនខូចខាតទេ។ អ្វីៗគ្រប់យ៉ាងមានភាពងាយស្រួលនៅលើផ្ទះអណ្តែតទឹក។ ផ្ទះចាស់របស់ខ្ញុំធ្លាប់ត្រូវទឹកជន់លិចរហូតដល់ដំបូល”។
អាស្រ័យដោយមានផ្ទះអណ្តែតទឹក ឥឡូវនេះ ទឹកជំនន់លែងជារឿងគួរឱ្យភ័យខ្លាចសម្រាប់ប្រជាជនក្នុងតំបន់ទៀតហើយ។ លោកស្រី ង្វៀន ហុងភឿង នាយិការងមន្ទីរកសិកម្ម និងបរិស្ថានខេត្តក្វាងទ្រី បាននិយាយថា៖
“គំរូផ្ទះអណ្តែតទឹកនៅ Tan Hoa គឺជាការច្នៃប្រឌិតមួយរបស់ប្រជាជនក្នុងតំបន់ និងសហគមន៍ ដើម្បីម្ចាស់ការសម្របខ្លួនទៅនឹងគ្រោះធម្មជាតិ។ យើងវាយតម្លៃនេះមិនត្រឹមតែជាគំរូសម្រាប់ការបង្ការទប់ទល់នឹងគ្រោះធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្ហាញពីភាពបត់បែន ភាពធន់ និងភាពច្នៃប្រឌិតរបស់សហគមន៍ក្នុងតំបន់ទៀតផង”។
មិនអាចបញ្ឈប់គ្រោះធម្មជាតិបានទេ ប៉ុន្តែវិធីដែលសហគមន៍ត្រៀមរៀបចំដើម្បីប្រឈមមុខនឹងគ្រោះធម្មជាតិអាចផ្លាស់ប្តូរបាន។ សារមួយដែលបានមកដល់ទាន់ពេលវេលា ផ្ទះអណ្តែតទឹកមួយខ្នងដែលត្រៀមរួចជាស្រេច គឺជាមធ្យោបាយសម្រាប់ប្រជាជននៅខេត្តក្វាងទ្រី សម្របខ្លួនទៅនឹងទឹកជំនន់៕








