ដំណើរទស្សនកិច្ចបញ្ជាក់ជាថ្មីម្ដងទៀតថា វៀតណាមជានិច្ចកាលផ្ដល់អាទិភាពខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងការតភ្ជាប់យុទ្ធសាស្ត្ររវាងវៀតណាមនិងឡាវ។
ដំណើរទស្សនកិច្ចលើកនេះ ប្រព្រឹត្តទៅនៅពេលដែលឡាវកំពុងអនុវត្តន៍ភារកិច្ចបន្ទាប់ពីមហាសន្និបាតលើកទី ១២ នៃបក្សប្រជាជនបដិវត្តន៍ឡាវ ដោយពង្រឹងក្បាលម៉ាស៊ីនដឹកនាំសម្រាប់អាណត្តិ ២០២៦-២០៣១ ព្រមទាំងជំរុញកំណែទម្រង់ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកែលម្អបរិយាកាសវិនិយោគ និងអាជីវកម្មផងដែរ។
នៅក្នុងបរិបទនោះ ដំណើរទស្សនកិច្ចបានបញ្ជូនសារអំពីការរួមដំណើរ ការគាំទ្រ និងការចែករំលែករបស់វៀតណាមជាមួយឡាវក្នុងការធានាស្ថិរភាព និងការអភិវឌ្ឍ។ មូលដ្ឋានគ្រឹះនៃទំនុកចិត្តនយោបាយ ដែលត្រូវបានពូនជ្រុំតាមរយៈកិច្ចប្រជុំកម្រិតខ្ពស់ និងសម័យប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាល បន្តផ្តល់កម្លាំងចលករសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ក្រៅពីការការពារជាតិ និងសន្តិសុខ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគកំពុងត្រូវបានជំរុញកាន់តែខ្លាំង តាមទិសដៅពង្រឹង "ការតភ្ជាប់យុទ្ធសាស្ត្រ"។ ភាគីទាំងពីរកំពុងផ្តោតលើការតភ្ជាប់ការដឹកជញ្ជូន ភស្តុភារកម្ម ថាមពល និងទូរគមនាគមន៍ តាមនោះជួយប្រទេសឡាវ ពង្រីកតួនាទីជាកន្លែងតភ្ជាប់និងឆ្លងកាត់ក្នុងតំបន់ ព្រមទាំងពង្រីកលំហអភិវឌ្ឍន៍សម្រាប់សហគ្រាសនៃប្រទេសទាំងពីរ។
ពីទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ១,៣ ពាន់លានដុល្លារអាមេរិក គោលដៅ ៥ ពាន់លានដុល្លារអាមេរិក និងឆ្ពោះទៅរក ១០ ពាន់លានដុល្លារអាមេរិក បានដាក់ចេញតម្រូវការឲ្យបន្តលុបបំបាត់របាំង និងសម្រួលបន្ថែមទៀតដល់ពាណិជ្ជកម្ម និងវិនិយោគ។
ដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក៏ជាឱកាសសម្រាប់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដើម្បីចែករំលែកចក្ខុវិស័យ និងទិសដៅនៅចំពោះមុខបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ការស្រុះចិត្តគំនិតនិងការសម្របសម្រួលរវាងវៀតណាមនិងឡាវនៅវេទិកាពហុភាគីដូចជាអាស៊ាន អង្គការសហប្រជាជាតិ និងក្របខ័ណ្ឌសហប្រតិបត្តិការអនុតំបន់មេគង្គ ដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងស្មារតីសាមគ្គីភាពក្នុងប្លុក ធានាសំឡេងរួម និងរក្សាបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់តំបន់ទាំងមូល៕





