ក្នុងជំនួបនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានអះអាងនូវគោលនយោបាយដ៏ឥតងាករេរបស់វៀតណាម ដែលផ្តល់អាទិភាពខ្ពស់ជានិច្ចដល់ទំនាក់ទំនងជាមួយឥណ្ឌា។ វៀតណាមគាំទ្រតួនាទីកាន់តែខ្លាំងឡើង របស់ឥណ្ឌានៅក្នុងវេទិកាពហុភាគីក្នុងតំបន់ និងអន្តរជាតិ គាំទ្រការជំរុញគោលនយោបាយ "ធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើត" របស់ឥណ្ឌា ហើយការតភ្ជាប់យ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

ដោយជម្រាបពីលទ្ធផលប្រកបដោយជោគជ័យនៃកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅថ្ងៃដដែលនោះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានមានប្រសាសន៍ថា ភាគីទាំងពីរបានឯកភាពគ្នាលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្រិតខ្ពស់ ដោយឈរលើស្មារតីនៃការចែករំលែកចក្ខុវិស័យ ការប្រសព្វគ្នាយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការជាក់ស្តែង។

រីឯខ្លួនវិញ លោកស្រីប្រធានាធិបតី Droupadi Murmu បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលភាគីទាំងពីរបានលើកកម្ពស់ទំនាក់ទំនងទៅជា "ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្រិតខ្ពស់" ក្នុងដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម ស្របពេលដែលប្រទេសទាំងពីររំលឹកខួបលើកទី ១០ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ លោកស្រីប្រធានាធិបតី Droupadi Murmu បានបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងចំពោះការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនៅក្នុងក្របខ័ណ្ឌថ្មី។

ផ្លាស់ប្ដូរទស្សនៈអំពីបញ្ហាតំបន់និងអន្តរជាតិ មេដឹកនាំទាំងពីរបានឯកភាពគ្នាបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាពហុភាគីនានា ដូចជាអង្គការសហប្រជាជាតិ និងអាស៊ាន។
ភាគីទាំងពីរបានបញ្ជាក់ពីសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងការដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) ផងដែរ។

បន្ទាប់ពីជំនួបសវនាការ ប្រធានាធិបតីឥណ្ឌា លោកស្រី Droupadi Murmu បានអញ្ជើញជាអធិបតីក្នុងពិធីជប់លៀងជូនចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋ​ តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម។ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ក៏បានចូលរួមក្នុងពិធីនេះ
ផងដែរ៕