នៅព្រឹកថ្ងៃទី ៧ ខែឧសភា នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ដើម្បីបំពេញទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៨ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៦ តាមការអញ្ជើញរបស់ប្រធានាធិបតីសាធារណរដ្ឋហ្វីលីពីន លោក Ferdinand Romualdez Marcos Jr ដែលជាប្រធានអាស៊ានឆ្នាំ ២០២៦។

នេះគឺជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ក្នុងនាមជាប្រមុខរដ្ឋាភិបាលថ្មី និងក៏ជាកិច្ចប្រជុំពហុភាគីលើកដំបូងដែលលោកនាយករដ្ឋមន្ត្រីបានចូលរួមដោយផ្ទាល់ផងដែរ។ លោកស្រីឯកអគ្គរដ្ឋទូត តុន ធីង៉ុកហឿង ប្រធានបេសកកម្ម
អចិន្ត្រៃយ៍វៀតណាមប្រចាំអាស៊ាន បានឲ្យដឹងថា៖

«ការដែលលោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ ជាលើកដំបូងក្នុងឋានៈថ្មី បានបន្តអះអាងនូវការសន្យាដ៏ខ្លាំងរបស់វៀតណាមចំពោះអាស៊ាន និងកិច្ចខិតខំប្រឹងប្រែងដែលវៀតណាមនឹងបន្តរួមចំណែកដល់ការរីកចម្រើន ការអភិវឌ្ឍ និងតួនាទី ឋានៈកាន់តែខ្ពស់របស់អាស៊ាននៅក្នុងតំបន់ និងពិភពលោក។ វៀតណាមនឹងបន្តចូលរួមចំណែកយ៉ាងសកម្ម ជាមួយប្រទេសអាស៊ាននានា ដែលដំបូងបង្អស់គឺបង្កើនសមត្ថភាពរបស់អាស៊ានក្នុងការឆ្លើយតបនិងសម្របសម្រួលនៅចំពោះមុខការវិវឌ្ឍដ៏ស្មុគស្មាញក្នុងស្ថានភាពអន្តរជាតិ និងអាស៊ាន ជាពិសេសផលប៉ះពាល់នៃជម្លោះនៅមជ្ឈិមបូព៌ាលើតំបន់អាស៊ាន”។

យោងតាមលោកស្រីឯកអគ្គរដ្ឋទូត តុន ធីង៉ុកហឿង នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង នឹងផ្លាស់ប្តូរទស្សនៈជាមួយមេដឹកនាំអាស៊ាន ហើយស្នើទិសដៅឆ្លើយតបនិងសម្របសម្រួលរបស់អាស៊ានចំពោះបញ្ហាប្រឈមពីបរិយាកាសភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ចដែលកំពុងប្រែប្រួលយ៉ាងឆាប់រហ័សនិងស្មុគស្មាញនៅក្នុងតំបន់ និងពិភពលោក៕