ជិះទូកឆ្លងកាត់ជួរភ្នំ ទស្សនារូងភ្នំ ទទួលទានត្រី បង្គាទន្លេ និងមុខម្ហូបដ៏ពោរពេញទៅដោយរសជាតិពិសេសរបស់ប្រជាជនតំបន់ព្រៃភ្នំ... ដំណើរទៅកាន់ តាយ៉ា នាំមកជូនភ្ញៀវទេសចរនូវបទពិសោធន៍ដែលមិនអាចបំភ្លេចបាន។
ដោយមានទីតាំងស្ថិតនៅក្នុងបឹងវារីអគ្គិសនី ឈូងសមុទ្រតាយ៉ា ត្រូវបានមនុស្សជាច្រើនប្រៀបប្រដូចជា "ឈូងសមុទ្រហាឡុងនៅកណ្ដាលព្រៃភ្នំភាគពាយ័ព្យ"។ លក្ខណៈពិសេសនៃកន្លែងនេះ គឺជួរភ្នំថ្មកំបោរដែលព័ទ្ធជុំវិញ ដោយទឹកពណ៌ខៀវស្រស់ថ្លា។ នៅលើភ្នំថ្ម ក៏មានរូងភ្នំកំពុងសំងំលាក់ខ្លួននៅក្រោមម្លប់ដើមឈើ ដែលបង្កើតបានជាសម្រស់ដ៏អស្ចារ្យផងនិងអាថ៌កំបាំង។
គ្មានសំណង់ទេសចរណ៍ទ្រង់ទ្រាយធំ ឬសេវាកម្មទំនើបៗជាច្រើននោះទេ ប៉ុន្តែសម្រស់ដ៏រហោស្ថាននេះគឺជាអ្វីដែលបង្កើតឡើងភាពទាក់ទាញពិសេសសម្រាប់ឈូងសមុទ្រតាយ៉ា។
លោកស្រី ផាម ធីទុង ជាអ្នកទេសចរមកពីខេត្ត ថាយង្វៀន ដែលបានមកទស្សនាឈូងសមុទ្រតាយ៉ា ខេត្តឡាយចូវ ជាលើកដំបូង បានចែករំលែកថា៖
«នៅពេលមកដល់ឈូងសមុទ្រ តាយ៉ា ខ្ញុំបានឃើញថា ភ្នំនៅទីនេះពិតជាអស្ចារ្យ និងស្រស់ស្អាតណាស់។ ទេសភាពដ៏ស្រស់ត្រកាលដែរ។ ជាពិសេស ពេលដែលយើងជិះទូកគយគន់ ទេសភាពពិតជាស្រស់ស្អាតខ្លាំងណាស់។ ប្រសិនបើអ្នកបានមកទីនេះម្ដង អ្នកនឹងចង់ត្រឡប់មកវិញច្រើនដងទៀត»។
ទិដ្ឋភាពដ៏ស្រស់ស្អាតបំផុតនៃឈូងសមុទ្រ តាយ៉ា ប្រហែលជាមិនស្ថិតនៅកន្លែងជាក់លាក់ណាមួយឡើយ។ សម្រស់បែបនេះស្ថិតនៅក្នុងដំណើរទាំងមូល។
នៅពេលព្រឹកព្រលឹម អ័ព្ទនៅតែគ្របដណ្ដប់លើផ្ទៃបឹង ជួរភ្នំឆ្ងាយៗពេលខ្លះលេចឡើង ពេលខ្លះទៀតបាត់ទៅវិញ។ ពេលដែលអរុណ្យរះ ផ្ទៃទឹកប្រែជាពណ៌ខៀវស្រងាត់ជាបណ្ដើរៗ ហើយឆ្លុះបញ្ចាំងរូបភាពភ្នំថ្មកំបោរ។ នៅពេលល្ងាច ពន្លឺថ្ងៃជះពន្លឺស្រាលៗ ធ្វើឲ្យបឹងទាំងមូលមានបរិយាកាសស្ងប់ស្ងាត់ និងសុខសាន្ត។
ដំណើរទស្សនាតាយ៉ា មិនមែនគ្រាន់តែជាការអង្គុយលើទូកនោះទេ ប៉ុន្តែភ្ញៀវទេសចរក៏អាចជិះទូក Kayak ដើម្បីគយគន់អច្ឆរិយៈនៅលើឈូងសមុទ្រផងដែរ។
ទោះបីជាមានអាយុតិច ហើយក៏ជាលើកទីមួយដែលបានមកដល់តំបន់ភាគពាយ័ព្យក៏ដោយ ប៉ុន្តែសម្រស់ដ៏បរិសុទ្ធនេះបានទាក់ទាញចិត្តកំលោះ ប៊ុយ ទួនហ្វុង អាយុ ១៦ ឆ្នាំ មកពីទីក្រុងហាណូយ តាមរបៀបដ៏ពិសេស។
«រដូវក្ដៅឆ្នាំនេះ ខ្ញុំមានឱកាសទៅជិះទូក កាយ៉ាក់ នៅឈូងសមុទ្រតាយ៉ា ខេត្តឡាយចូវ ហើយខ្ញុំបានរកឃើញថា ខ្យល់អាកាសនៅទីនេះបរិសុទ្ធម៉ែនទែន។ នៅទីនេះ ខ្ញុំមានអារម្មណ៍ស្រស់ស្រាយណាស់ ដែលជាបទពិសោធន៍ដ៏សុខសាន្តមួយ»។
ក្រៅពីទេសភាពដ៏ស្រស់ស្អាត ម្ហូបអាហារក៏ជាប្រការមួយដែលធ្វើឲ្យភ្ញៀវទេសចរមិនអាចបំភ្លេចបានទីកន្លែងនេះ។
ត្រីនិងបង្គាដែលចាប់បានពីបឹង ត្រូវបាអ្នកស្រុកកែច្នៃតាមរបៀបប្រពៃណី។ ត្រីអាចត្រូវបានដុតលើធ្យូង បង្គាត្រូវបានចម្អិនខណៈពេលដែលនៅស្រស់។ រួមជាមួយនោះគឺជាមុខម្ហូបដែលធ្លាប់ស្គាល់នៃព្រៃភ្នំភាគពាយ័ព្យ។
គ្មានការបង្ហាញដ៏ស្មុគស្មាញទេ អាហារនៅ តាយ៉ា មានភាពទាក់ទាញដោយសារតែគ្រឿងផ្សំស្រស់ៗ និងរសជាតិស្រុកស្រែរបស់វា។ នៅក្នុងអាកាសធាតុដ៏ត្រជាក់នៅកណ្ដាលព្រៃភ្នំ អង្គុយក្បែរចង្ក្រានដុតអុស ទទួលទានត្រីដុតដ៏ឈ្ងុយឆ្ងាញ់ ធ្វើឲ្យរឿងរ៉ាវរវាងម្ចាស់ផ្ទះនិងភ្ញៀវហាក់ដូចជាកាន់តែជិតស្និទ្ធ។
លោក ង្វៀន យីហ៊ុង (Nguyen Duy Hung) ជាអ្នកទេសចរមកពីទីក្រុងហាណូយ មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទេសភាព និងម្ហូបអាហារនៅទីនេះ៖
«យើងផ្តល់អាទិភាពដល់ការធ្វើដំណើរកំសាន្តទៅកាន់កន្លែងណាដែលមានបរិយាកាសស្រស់ស្រាយ អាកាសធាតុល្អ មនុស្សស្លូត និងទេសភាពរហោស្ថាន។ គោលដៅទេសចរណ៍ជាច្រើនឥឡូវនេះ មានមនុស្សច្រើនកកកុញ និងអ៊ូអរពេក ដូច្នេះខ្ញុំពិតជាចូលចិត្តឈូងសមុទ្រតាយ៉ា ជាមួយនឹងទេសភាពដ៏រហោស្ថានបែបនេះ។ នៅទីនេះ ទេសភាពស្រស់បំព្រង មនុស្សរួសរាយរាក់ទាក់ ហើយម្ហូបអាហារ និងអាកាសធាតុពិតជាអស្ចារ្យណាស់»។
យោងតាមទិសដៅអភិវឌ្ឍន៍ទេសចរណ៍នៃខេត្តឡាយចូវ តំបន់រមណីយដ្ឋានឈូងសមុទ្រ តាយ៉ា ក៏ត្រូវបានរួមបញ្ចូលនៅក្នុងបញ្ជីតំបន់ដែលមានសក្តានុពលសម្រាប់ធ្វើអាជីវកម្មបន្ថែមទៀត និងពង្រីកតម្លៃ។ តាយ៉ា រួមជាមួយឈូងសមុទ្រ ប៉ាខុម វាលស្រែ មឿងថាន និងគោលដៅជាច្រើនទៀត កំពុងបង្កើតខ្សែសង្វាក់ផលិតផលទេសចរណ៍ដ៏ពិសេសមួយសម្រាប់តំបន់ភាគអាគ្នេយ៍របស់ខេត្ត។
នៅតំបន់ភាគពាយ័ព្យដ៏ល្បីល្បាញជាមួយនឹងជម្រាលភ្នំ វាលស្រែកាំជណ្ដើរ និងសមុទ្រពពកនៅលើកំពូលភ្នំនោះ តាយ៉ា ផ្តល់ជូននូវបទពិសោធន៍ខុសប្លែកមួយ៖ ការគយគន់ភាគពាយ័ព្យពីផ្ទៃទឹក៕








