នោះគឺជារូងភ្នំហួម៉ាក់ (Hua Mạ) ដែលជាគ្រាប់ត្បូងសំងំលាក់ខ្លួននៅកណ្ដាលព្រៃភ្នំ ហើយឥឡូវនេះ បានក្លាយជាចំណុចលេចធ្លោនៅក្នុងដំណើររុករកទេសចរណ៍នៃខេត្ត ថៃង្វៀន បន្ទាប់ពីការរួមបញ្ចូលគ្នា។
សំងំលាក់ខ្លួននៅក្នុងឧទ្យានជាតិ Ba Be រូងភ្នំហួម៉ាក់ (ថៃង្វៀន) ដូចជាខ្លោងទ្វារទៅកាន់ពិភពមួយផ្សេងទៀតអញ្ចឹង ជាកន្លែងដែលពន្លឺ ភាពងងឺត និងដុំថ្មស្តាឡាក់ទីត លាយបញ្ចូលគ្នាទៅជាបទភ្លេងនៃថ្មនិងពេលវេលា។
រូងភ្នំហួម៉ាក់ មានប្រវែងជាង ៧០០ ម៉ែត្រ ដែលមានកម្ពស់ជាមធ្យមប្រហែល ៥០ ម៉ែត្រពីលើដី។ លំហខាងក្នុងរូងភ្នំ ត្រូវបានបែងចែកជាផ្នែកទាំងធំ និងតូចជាច្រើន ដែលបង្កើតជាទេសភាពចម្រុះ។ រចនាសម្ព័ន្ធបែបនេះ បានធ្វើឱ្យរូងភ្នំមានទាំងជម្រៅផង និងភាពធំទូលាយផង ដែលមិនបណ្ដាលឲ្យអ្នកទស្សនាមានអារម្មណ៍តូចចង្អៀតនោះឡើយ។ ដោយធ្វើអត្ថាធិប្បាយអំពីសម្រស់នៃរូងភ្នំ ហួម៉ា អ្នកទេសចរស្ត្រីជនជាតិបារាំងម្នាក់បាននិយាយថា៖
“រូងភ្នំនេះ ពិតជាអស្ចារ្យណាស់ជាមួយនឹងពណ៌ដ៏ស្រស់ភ្លឺថ្លា។ ពន្លឺពណ៌ក្រហម ពណ៌ទឹកក្រូច និងពណ៌បៃតងក៏ស្រស់ស្អាតដែរ។ អ្នកអាចមើលឃើញលម្អិតនីមួយៗនៃដុំថ្មស្តាឡាក់ទីតយ៉ាងច្បាស់។ រូងភ្នំនេះពិតជាអស្ចារ្យណាស់”។
ចូលជ្រៅនៅខាងក្នុង សម្រស់នៃរូងភ្នំ ហួម៉ា កាន់តែរស់រវើក។ បង្គោលថ្មស្តាឡាក់ទីតមានអាយុកាលរាប់លានឆ្នាំបានដុះឡើងពីផែនដី ហើយភ្ជាប់ទៅនឹងពិដានរូងភ្នំ ដូចជាសសរនៃ «វិមានធម្មជាតិ» មួយអញ្ចឹង។ បង្គោលថ្មនីមួយៗមានរូបរាងផ្សេងៗគ្នា ដែលកាន់តែជំរុញការស្រមើលស្រមៃរបស់អ្នករុករក។
អ្នកទស្សនាជាច្រើនបានប្រៀបប្រដូចកន្លែងនេះទៅនឹង «សារមន្ទីរចម្លាក់រស់» ដែលគ្មានបាតដៃមនុស្សទេ ប៉ុន្តែស្រស់ស្អាតយ៉ាងល្អឥតខ្ចោះមិនគួរឱ្យជឿ។ អ្នកស្រី Bui Thi Hong Hanh ជាអ្នកទេសចរមកពីទីក្រុងហាណូយ បានចែករំលែកអារម្មណ៍ថា៖
“ខ្ញុំបានទៅទស្សនា និងរុករករូងភ្នំជាច្រើននៅតំបន់ភ្នំភាគខាងកើត និងភាគពាយ័ព្យហើយ។ ខ្ញុំបានសង្កេតឃើញថា រូងភ្នំហួម៉ា មានលក្ខណៈពិសេស និងគួរឱ្យចាប់អារម្មណ៍ខ្លាំង។ នៅក្នុងរូងភ្នំ មានលក្ខណៈសណ្ឋានដីរាបស្មើ។ ហើយទេសភាពគឺងាយស្រួលរុករក ដោយមិនចាំបាច់ឡើងទេ”។
លោក Dang Van Khang ជាអ្នកទេសចរម្នាក់មកពីទីក្រុងហាណូយ ក៏មានមតិស្រដៀងគ្នានេះដែរ បន្ទាប់ពីបានទស្សនារូងភ្នំហួម៉ា៖
“រូងភ្នំហួម៉ា គឺជារូងភ្នំធម្មជាតិទាំងស្រុង។ ការឡើងរូងភ្នំពិបាកបន្តិច ដោយតម្រូវឱ្យអ្នកឡើងខ្ពស់ និងចូលជ្រៅរហូតដល់ទៅ ៧០០ ម៉ែត្រ ប៉ុន្តែផ្ទុយទៅវិញ នៅក្នុងរូងភ្នំនេះមានថ្មស្តាឡាក់ទីតធម្មជាតិជាច្រើនដែលត្រូវបានបង្កើតឡើងតាំងពីយូរលង់ណាស់មកហើយ”។
ដើម្បីអភិរក្សនិងលើកកម្ពស់តម្លៃនៃរូងភ្នំនៅក្នុងបរិបទថ្មី ផ្នែកទេសចរណ៍នៃខេត្តថៃង្វៀន បាននិងកំពុងអនុវត្តន៍ដំណោះស្រាយជាច្រើនដោយព្រមៗគ្នា។ លោកស្រី Nguyen Hong Lien កម្មាភិបាលនៅមជ្ឈមណ្ឌលធ្វើអាជីវកម្មនិងជំរុញការអភិវឌ្ឍទេសចរណ៍ខេត្តថៃង្វៀន បានឲ្យដឹងថា៖
“រូងភ្នំហួម៉ា ត្រូវបានអ្នកទេសចរជាច្រើនវាយតម្លៃថា ជារូងភ្នំដ៏ស្រស់ស្អាតនិងធម្មជាតិបំផុតនៅតំបន់ភាគឦសាននាពេលបច្ចុប្បន្ន។ ដើម្បីធានាសុវត្ថិភាពសម្រាប់អ្នកទេសចរ អង្គភាពបានជួសជុលបរិវេណ និងដំឡើងកៅអីនិងកន្លែងសម្រាក ដើម្បីឱ្យភ្ញៀវទេសចរអាចសម្រាក បន្ទាប់ពីដំណើរកំសាន្ត។ បច្ចុប្បន្ននេះ ប្រព័ន្ធភ្លើងបំភ្លឺជាច្រើន ក៏ត្រូវបានដំឡើងនៅខាងក្នុងរូងភ្នំ ដើម្បីជួយឱ្យភ្ញៀវទេសចរកាន់តែងាយស្រួលទស្សនានិងគយគន់សម្រស់ដ៏ស្ងប់ស្ងាត់ អាថ៌កំបាំង និងបុរមបុរាណនៃរូងភ្នំហួម៉ា”។
ការដាក់បញ្ចូលរូងភ្នំហួម៉ានៅក្នុងផែនទីទេសចរណ៍ មិនត្រឹមតែជួយបង្កើនចំនួនអ្នកទស្សនាប៉ុណ្ណោះទេ ថែមទាំងបង្កើតរបរចិញ្ចឹមជីវិតសម្រាប់ប្រជាជនក្នុងតំបន់ទៀតផង។ សេវាកម្មនៅហ្នឹងកន្លែង មគ្គុទ្ទេសក៍ទេសចរណ៍ក្នុងស្រុក និងផលិតផលទេសចរណ៍សហគមន៍ កំពុងត្រូវបានអភិវឌ្ឍន៍បន្តិចម្តងៗ ដែលនាំមកនូវប្រភពចំណូលស្ថេរភាព។
រូងភ្នំហួម៉ា កំពុងក្លាយជាចំណុចភ្លឺជាបណ្ដើរៗនៅលើផែនទីទេសចរណ៍របស់ខេត្តថៃង្វៀន។ ប៉ុន្តែដំណើរនេះនឹងអាចបន្តបាន លុះត្រាតែជំហានអភិវឌ្ឍន៍នីមួយៗ ត្រូវបានអមដោយការទទួលខុសត្រូវអភិរក្សប៉ុណ្ណោះ៕








