មានទីតាំងស្ថិតនៅក្នុងទីក្រុង ហាយផុង សារមន្ទីរកងទ័ពជើងទឹក ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៤ ខែមករា ឆ្នាំ ១៩៧៥ ជាទីកន្លែងដែលរក្សាឯកសារ និងវត្ថុជាង ១១.០០០ អំពីប្រវត្តិសាស្ត្រនៃការបង្កើត និងការអភិវឌ្ឍរបស់កងទ័ពជើងទឹកប្រជាជនវៀតណាម។ ដោយមានស្ថាបត្យកម្មដែលស្រដៀងនឹងនាវាធំមួយ កំពុងបើកកាត់រលក ចេញទៅនាយសមុទ្រ នេះគឺជាបណ្ណសារប្រវត្តិសាស្ត្រដ៏រស់រវើក អំពីស្មារតីអង់អាចក្លាហាន និងឆន្ទៈ ការពារអធិបតេយ្យភាពកោះសមុទ្ររបស់ប្រជាជាតិតាមរយៈជំនាន់ជាច្រើន។

សារមន្ទីរកងទ័ពជើងទឹកមានតំបន់តាំងពិព័រណ៍ក្នុងផ្ទះទំហំ ១៨០០ ម៉ែត្រការ៉េ និងតំបន់ក្រៅផ្ទះទំហំជាង ៣០០០ ម៉ែត្រការ៉េ។ សារមន្ទីរត្រូវបានរៀបចំតាមបែបវិទ្យាសាស្ត្រ ដែលណែនាំអ្នកទស្សនាចាប់ពីថ្ងៃដំបូងនៃការបង្កើតកងទ័ពរហូតដល់សម័យទំនើបកម្ម។

កន្លែងបង្អង់ដំណើរដំបូង ក្នុងដំណើររុករកសារមន្ទីរគឺសាលពិធី ដែលមានរូបសំណាកលោកប្រធានហូជីមិញ ស្លៀកសម្លៀកបំពាក់កាគីដ៏សាមញ្ញ និងមួកកងទ័ពជើងទឹក។

ពេលចាកចេញពីតំបន់នេះ អ្នកទស្សនាចាប់ផ្តើមស្វែងយល់ពីព្រឹត្តិការណ៍សំខាន់ៗក្នុងដំណើរការបង្កើតនិងប្រយុទ្ធរបស់កងទ័ពជើងទឹកប្រជាជនវៀតណាម តាមរយៈរូបថតឯកសារ គំរូនាវាចម្បាំង និងវត្ថុដើម។ ក្នុងនោះ ការតាំងពិព័រណ៍ស្តីពី "ជ័យជម្នះលើកដំបូង" ក្នុងខែសីហា ឆ្នាំ១៩៦៤ គឺជាចំណុចលេចធ្លោមួយ។ វរនាវីទោអាជីព Lai Thi Hue មគ្គុទ្ទេសក៍ទេសចរណ៍ ដែលបានធ្វើការអស់រយៈពេលច្រើនឆ្នាំនៅសារមន្ទីរ បានចែករំលែកថា៖

“រាល់ពេលដែលខ្ញុំណែនាំភ្ញៀវមកទស្សនាប្រវត្តិសាស្ត្រវីរភាពរបស់កងទ័ពជើងទឹកប្រជាជនវៀតណាម ខ្ញុំមានការរំជួលចិត្តយ៉ាងខ្លាំងចំពោះពលីកម្មដ៏អង់អាចក្លាហាន វីរភាពនិងស្មារតីមិនចេះចុះចាញ់របស់កម្មាភិបាលនិងយុទ្ធជន។ ពួកគាត់មិនខ្លាចពលីសាច់ស្រស់ឈាមស្រស់ ដើម្បីការពារអធិបតេយ្យភាពលើកោះសមុទ្រនិងខ្ពង់រាបបាតសមុទ្រដ៏ពិសិដ្ឋរបស់មាតុភូមិ។ សាច់ស្រស់ឈាមស្រស់របស់ពួកគាត់ បានលាយឡំក្នុងបាតសមុទ្រ ដើម្បីនាំមកសន្តិភាពដល់ប្រជាជនយើងសព្វថ្ងៃនេះ”។

បន្តចូលទៅក្នុងតំបន់តាំងពិព័រណ៍ អ្នកទស្សនាបានស្ដាប់រឿងរ៉ាវប្រវត្តិសាស្ត្រដោយផ្សាភ្ជាប់នឹងឥស្សរជនជាក់លាក់។ ខ្លឹមសារដ៏គួរឲ្យរំជួលចិត្តបំផុតមួយគឺប្រធានបទអំពីផ្លូវហូជីមិញនៅលើសមុទ្រ ដែលជារឿងព្រេងយោធាមួយក្នុងចំណោមរឿងព្រេងយោធានៃសតវត្សរ៍ទី ២០។ វត្ថុដែលត្រូវបានតាំងបង្ហាញនៅទីនេះមិនត្រឹមតែជាវត្ថុអនុស្សាវរីយ៍ប៉ុណ្ណោះទេ ថែមទាំងជួយអ្នកទស្សនាអាចស្រមៃមើលពីស្ថានភាពប្រយុទ្ធដ៏លំបាកលំបិនបំផុត និងឆន្ទៈដ៏មុតមាំរបស់យុទ្ធជនទ័ពជើងទឹកក្នុងអតីតកាល។

លោកវរនាវីទោ Le Hong Tien នាយកសារមន្ទីរកងទ័ពជើងទឹក បានឲ្យដឹងថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ កម្មាភិបាលនិងបុគ្គលិកនៃសារមន្ទីរបានធ្វើដំណើរដោយមិនចេះនឿយហត់ ទៅកាន់តំបន់សមុទ្រនានា ជួបជាមួយសាក្សី សំណេះសំណាលជាមួយអតីតយុទ្ធជន និងសាច់ញាតិរបស់យុទ្ធជនពលី ដើម្បីបញ្ចុះបញ្ចូលពួកគេ និងប្រមូលវត្ថុនីមួយៗ ពេលខ្លះគ្រាន់តែជាឧបករណ៍សាមញ្ញមួយដែលប្រើសម្រាប់ដោះគ្រាប់បែកក្រោមទឹក កែវយឹតដែលខូច ឬសំបុត្រពីកូនស្រីម្នាក់ផ្ញើទៅកាន់ឪពុករបស់នាងដែលយុទ្ធជននៅកោះ Truong Sa... ប៉ុន្តែនៅពីក្រោយគឺជារឿងរ៉ាវដ៏វែងឆ្ងាយអំពីស្មារតីអង់អាចក្លាហាន មនោសញ្ចេតនារវាងសមមិត្ត សេចក្ដីស្នេហាជាតិ និងសេចក្តីស្នេហាកោះសមុទ្រ។ លោកវរនាវីទោ Le Hong Tien បានសង្កត់ធ្ងន់ថា៖

“សារមន្ទីររក្សារូបភាពលេចធ្លោបំផុតនៃកងកម្លាំងក្នុងរយៈពេល ៧០ ឆ្នាំកន្លងមក។ យើងរៀបចំការតាំងពិព័រណ៍ជាប្រចាំដើម្បីឧទ្ទេសនាមដល់មហាជនលើទូទាំងប្រទេស និងភ្ញៀវទេសចរអន្តរជាតិ ជាពិសេសយុវជនជំនាន់ក្រោយ អំពីប្រពៃណីវីរភាពរបស់កងទ័ពជើងទឹកប្រជាជនវៀតណាម”។

មិនត្រឹមតែមានការតាំងបង្ហាញប៉ុណ្ណោះទេ សារមន្ទីរក៏បង្កើតការតភ្ជាប់អារម្មណ៍ដ៏ខ្លាំងក្លារវាងអតីតកាល និងបច្ចុប្បន្នកាលទៀតផង។ អតីតយុទ្ធជនជាច្រើន នៅពេលត្រឡប់មកទីនេះវិញ បានរកឃើញវត្ថុអនុស្សាវរីយ៍ដែលភ្ជាប់នឹងខ្លួនឯង ឬសមមិត្ត។ វរនាវីទោអាជីព Nguyen Thu Phuong ជាមគ្គុទ្ទេសក៍នៃសារមន្ទីរ បានរៀបរាប់ថា៖

“មានពេលមួយ ក្រុមអតីតយុទ្ធជនមកពីកងពលតូចលេខ ១២៦ នៃកងកម្លាំងពិសេសកងទ័ពជើងទឹក បានមកទស្សនាការតាំងពិព័រណ៍អំពីកងពលតូចរបស់ខ្លួន ហើយបានឃើញដៃអាវមួយបំណែក របស់សមមិត្ត Nguyen Van Tinh ដែលគាត់បានប្រើដើម្បីរុំរបួសឲ្យសមមិត្តម្នាក់។ អតីតយុទ្ធជនទាំងអស់មានការរំជួលចិត្តយ៉ាងខ្លាំង។ ស្ទើរតែគ្រប់គ្នាបានជូតទឹកភ្នែកចេញ ហើយសូម្បីតែមគ្គុទ្ទេសក៍ក៏មិនអាចទប់អារម្មណ៍របស់ខ្លួនបានដែរ។ វត្ថុបែបនេះបានក្លាយជាសក្ខីភាពដ៏ច្បាស់លាស់បំផុតនៃភាពអង់អាចក្លាហាន និងពលីកម្មរបស់កម្មាភិបាល យុទ្ធជនកងទ័ពជើងទឹកក្នុងបុព្វហេតុការពារអធិបតេយ្យភាពកោះសមុទ្រ ក៏ដូចជាក្នុងដំណើរការពារដែនសមុទ្រផងដែរ"។

ការតាំងពិព័រណ៍បន្តពង្រីកដល់ជាន់ទីពីរជាមួយនឹងបញ្ហាសហសម័យ និងភារកិច្ចការពារអធិបតេយ្យភាពកោះសមុទ្រក្នុងស្ថានភាពថ្មី។ នៅទីនេះ អ្នកទស្សនាអាចស្វែងយល់អំពីតំបន់ពិសេស Hoang Sa និង Truong Sa ក៏ដូចជាផ្ទះរន្ទា DK1។ លើសពីនេះ គឺរូបភាពអំពីយុទ្ធភណ្ឌទំនើបៗ ដូចជានាវាពិឃាតមីស៊ីល នាវាមុជទឹកថ្នាក់ Kilo ដែលបញ្ជាក់ពីកម្លាំងកាន់តែខ្លាំងឡើងរបស់កងទ័ពជើងទឹកប្រជាជនវៀតណាមនាពេលបច្ចុប្បន្ន។

សារមន្ទីរកងទ័ពជើងទឹកបានក្លាយជាថ្នាក់រៀនជាក់ស្តែង ដែលជួយសិស្សឱ្យយល់ដឹងកាន់តែច្បាស់អំពីតម្លៃនៃសន្តិភាព និងអធិបតេយ្យភាពទឹកដី។

“ខ្ញុំបានរៀនចំណេះដឹងជាច្រើន ហើយត្រូវបានបណ្ដុះដោយសេចក្ដីស្នេហាជាតិផងដែរ។ ពីនោះ ខ្ញុំនឹងខិតខំប្រឹងប្រែងបណ្ដុះសេចក្តីស្នេហាចំពោះកោះសមុទ្រ នៅក្នុងសិស្សានុសិស្សរបស់ខ្លួន”។

“ការទៅទស្សនាសារមន្ទីរកងទ័ពជើងទឹកជួយខ្ញុំឱ្យយល់កាន់តែច្បាស់អំពីប្រវត្តិសាស្ត្រជាតិ។ ខ្ញុំពិតជាស្រឡាញ់រាប់អានពូៗទ័ពជើងទឹកច្រើនណាស់”។

បញ្ចប់នៃដំណើរទស្សនាសារមន្ទីរកងទ័ពជើងទឹក អ្វីដែលនៅសេសសល់គឺស្មារតីអង់អាចក្លាហាន និងឆន្ទៈការពារអធិបតេយ្យភាពកោះសមុទ្ររបស់ប្រទេសជាតិ។ ដូច្នេះ សារមន្ទីរកងទ័ពជើងទឹកមិនត្រឹមតែជាកន្លែង ថែរក្សាប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជាគោលដៅមួយដែលជួយអ្នកទស្សនាឱ្យយល់កាន់តែច្បាស់អំពីតម្លៃនៃសន្តិភាព និងការទទួលខុសត្រូវក្នុងការការពារអធិបតេយ្យភាពកោះសមុទ្រដ៏ពិសិដ្ឋរបស់មាតុភូមិទៀតផង៕