តំបន់ទេសចរណ៍អេកូឡូស៊ី Ngoc Dong (ខេត្ត Phu Tho) ទាក់ទាញភ្ញៀវទេសចរបរទេស
22/04/2026 10:43
[VOVWORLD] - ក្នុងចំណោមជួរភ្នំខៀវស្រងាត់នៃតំបន់ជ្រលង់ភ្នំ Phu Tho គោលដៅថ្មីមួយកំពុងត្រូវបានភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើនស្គាល់ដល់ ដូចជា "អូអាស៊ីសដ៏សុខសាន្ត" អញ្ចឹង។

20-26.4-kham_pha-anh_1.jpg បរិយាកាសស្ងប់ស្ងាត់ ខ្យល់អាកាសបរិសុទ្ធ និងបទពិសោធន៍ដ៏ស្និទ្ធស្នាល គឺជាអ្វីដែលភ្ញៀវទេសចរបរទេសជាច្រើន ចាប់អារម្មណ៍នៅពេលទៅទស្សនាតំបន់ទេសចរណ៍អេកូឡូស៊ី Ngoc Dong ខេត្ត Phu Tho។ រូបថត៖ The Hung/VOV5 នេះគឺជាតំបន់ទេសចរណ៍អេកូឡូស៊ី Ngoc Dong នៅឃុំ Thanh Son ជាកន្លែងដែលធម្មជាតិនិងមនុស្សចុះចម្រុងគ្នា បង្កើតឡើងបទពិសោធន៍ទេសចរណ៍បៃតង ស្និទ្ធស្នាល និងពោរពេញទៅដោយចំណាប់អារម្មណ៍។ ដោយមានចម្ងាយជាង ១០០ គីឡូម៉ែត្រពីភាគពាយ័ព្យទីក្រុងហាណូយ ហើយស្ថិតយ៉ាងស្ងប់ស្ងាត់នៅក្នុងលំហព្រៃភ្នំនៃឃុំ Thanh Son តំបន់ទេសចរណ៍អេកូឡូស៊ី Ngoc Dong នាំមកនូវអារម្មណ៍បំបែកចេញពីភាពអ៊ូអរមមាញឹកនៃតំបន់ទីក្រុង។ ផ្លូវដីតូចៗដែលបត់ខ្វាត់ខ្វែងកាត់តាមជួរដើមឫស្សី សួនបន្លែ និងស្រះត្រី បានបង្កើតជាផ្ទាំងគំនូរជនបទដ៏សាមញ្ញនិងបរិសុទ្ធ។ ដោយលាតសន្ធឹងលើផ្ទៃដីជាង ១០ ហិកតា តំបន់អេកូទេសចរណ៍ Ngoc Dong ត្រូវបានសាងសង់ឡើងតាមគំរូទេសចរណ៍កសិកម្ម ដោយរួមផ្សំជាមួយនឹងការសម្រាកលំហែកាយ ជាមួយនឹងតំបន់ផ្ទះសំណាក់ តំបន់ទេសភាព និងការឆ្លងកាត់បទពិសោធន៍ដោយភ្ជាប់ជាមួយនឹងធម្មជាតិ។ គ្មានសំណង់បេតុងច្រើនលើសលុប គ្មានការបំផ្លិចបំផ្លាញទេសភាពទេ តំបន់អេកូទេសចរណ៍Ngoc Dong នៅតែរក្សារចនាសម្ព័ន្ធអេកូឡូស៊ីដើម ស្ទើរតែទាំងស្រុង ដែលកំពុងក្លាយជា "ទ្រព្យសម្បត្តិដ៏មានតម្លៃ" នៅក្នុងនិន្នាការទេសចរណ៍បៃតងបច្ចុប្បន្ន។ 20-26.4-kham_pha-anh_2.jpg លោក Daniel Galloway Green និងអ្នកស្រី Gina Mably ភ្ញៀវទេសចរមកពីអង់គ្លេស។ រូបថត៖ The Hung/VOV5 បរិយាកាសដ៏ស្ងប់ស្ងាត់ ខ្យល់អាកាសបរិសុទ្ធ រួមជាមួយនឹងបទពិសោធន៍ស្និទ្ធស្នាលគឺជាអ្វីដែលធ្វើឲ្យភ្ញៀវទេសចរបរទេសជាច្រើនស្រឡាញ់គោលដៅនេះ។ លោក Daniel Galloway Green ភ្ញៀវទេសចរមកពីទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានចែករំលែកថា៖ “ដំណើរកម្សាន្តនេះពិតជាអស្ចារ្យណាស់។ យើងបានរកឃើញផ្ទះហូមស្ទេនេះនៅលើផែនទី Google។ នេះគឺជាទីកន្លែងដ៏អស្ចារ្យដើម្បីទៅទស្សនា។ យើងបានមើលមតិវាយតម្លៃ ហើយគិតថា នេះជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់ការសម្រាកលំហែកាយ។ ទីនេះមានបរិយាកាសដ៏សុខសាន្ត និងទេសភាពដ៏ស្រស់បំព្រង”។ នៅផ្ទះហូមស្ទេ ក្នុងតំបន់ទេសចរណ៍អេកូឡូស៊ី ភ្ញៀវទេសចរមិនត្រឹមតែសម្រាកប៉ុណ្ណោះទេ ថែមទាំងរស់នៅជាមួយអ្នកស្រុកទៀតផង។ ពីផ្ទះឈើសាមញ្ញៗ គយគន់ទេសភាពទួលភ្នំតែបៃតងខៀវស្រងាត់ និងចម្ការដើមឈើហូបផ្លែដ៏សម្បូរបែប។ ភាពសាមញ្ញនេះ បានបង្កើតភាពទាក់ទាញពិសេសសម្រាប់ Ngoc Dong ដែលពិបាករកឃើញនៅគោលដៅទេសចរណ៍លំដាប់ខ្ពស់ជាច្រើនផ្សេងទៀត។ អ្នកស្រី Gina Mably ជាភ្ញៀវទេសចរជនជាតិអង់គ្លេសម្នាក់ បានធ្វើអត្ថាធិប្បាយថា៖ “យើងបានចំណាយពេលពេញមួយថ្ងៃនៅទីនេះ។ អ្នកស្រុកមានភាពរួសរាយរាក់ទាក់ ហើយយើងបានសាកល្បងស្ទូចត្រីនៅក្នុងបឹង។ ខ្ញុំពិតជាមានអារម្មណ៍ស្រស់ស្រាយណាស់ នៅពេលមកទីនេះ។ មនុស្សនិងធម្មជាតិនៅទីនេះធ្វើឱ្យខ្ញុំមានអារម្មណ៍ស្និទ្ធស្នាល។ ទីនេះក៏មានខ្យល់អាកាសបរិសុទ្ធនិងមិនប៉ះពាល់ដល់បរិស្ថានទេ”។ 20-26.4-kham_pha-anh_4.jpg ភ្ញៀវទេសចររីករាយនឹងការថតរូបនៅតំបន់ទេសចរណ៍អេកូឡូស៊ី Ngoc Dong។ រូបថត៖ The Hung/VOV5 មិនត្រឹមតែជាទីកន្លែងសម្រាប់សម្រាកលំហែកាយប៉ុណ្ណោះទេ Ngoc Dongក៏ជាទីកន្លែងដែលភ្ញៀវទេសចរអាចស្វែងយល់ពីវប្បធម៌របស់ប្រជាពលរដ្ឋជនជាតិ Muong ចាប់ពីម្ហូបអាហារដ៏សម្បូរបែប រហូតដល់ទំនៀមទម្លាប់ក្នុងជីវភាពប្រចាំថ្ងៃទៀតផង។ ម្ហូបអាហារប្រពៃណីដូចជា ត្រីអូរអាំង សាច់ជូរ និងបន្លែព្រៃ… សម្បូរទៅដោយរសជាតិនៃព្រៃភ្នំ Thanh Son ដែលបង្កើតជាបទពិសោធន៍ពេញលេញសម្រាប់ភ្ញៀវទេសចរ។ នៅក្នុងនិន្នាការនៃទេសចរណ៍ឆ្លងកាត់បទពិសោធន៍ រាល់តម្លៃ "ពិតប្រាកដ" បែបនេះ បានក្លាយជាគុណសម្បត្តិដ៏សំខាន់មួយ។ លោក Nguyen Van Thanh ម្ចាស់ភូមិអេកូឡូស៊ីសហគមន៍ Ngoc Dong ឃុំ Thanh Son ខេត្ត Phu Tho បានចែករំលែកថា៖ “ខ្ញុំធ្វើទេសចរណ៍អេកូឡូស៊ី ពីព្រោះខ្ញុំមានបំណងចង់រួមចំណែកបន្តិចបន្តួចដល់ការកសាងស្រុកកំណើត។ ខ្ញុំបានជ្រើសរើសទេសចរណ៍ ពីព្រោះវាជាផលិតផលសេដ្ឋកិច្ចប្រកបដោយចីរភាព។ ខ្ញុំបានជ្រើសរើសទេសចរណ៍អេកូឡូស៊ី ដូច្នេះមានដើមឈើបៃតងជាច្រើននៅទីនេះ។ ចំនួនភ្ញៀវទេសចរអន្តរជាតិមកស្នាក់នៅ គឺខ្ពស់ជាងភ្ញៀវទេសចរវៀតណាមច្រើនដង។ ពួកគេមកទីនេះនិងស្នាក់នៅយូរណាស់។ ភ្ញៀវទេសចរបរទេសពិតជាចូលចិត្តកន្លែងនេះ”។ គ្មានភាពអ៊ូអរមមាញឹក គ្មានភាពឆើតឆាយទេ ប៉ុន្តែតំបន់ទេសចរណ៍អេកូឡូស៊ី Ngoc Dong បានទាក់ទាញភ្ញៀវទេសចរ ដោយសម្រស់ដ៏បរិសុទ្ធ ភាពស្មោះស្ម័គ្ររបស់ប្រជាជន និងជីវភាពដ៏សុខសាន្តដែលកម្ររកឃើញនៅកន្លែងដទៃទៀត។ ជាមួយនឹងតម្លៃទាំងនេះ Ngoc Dong កំពុងក្លាយជាគោលដៅទេសចរណ៍ដ៏ពោរពេញទៅដោយសក្ដានុពលនៅខេត្ត Phu Tho។ នេះគឺជាកន្លែងដែលមនុស្សម្នាក់ៗអាចរកឃើញខ្លួនឯងឡើងវិញនៅក្នុងចំណោមធម្មជាតិ និងរបស់របរដ៏សាមញ្ញបំផុត៕
TAG
VOV/VOVWORLD/ទេសចរណ៍/អេកូឡូស៊ី/វៀតណាម/ធម្មជាតិ/Ngoc Dong/ខេត្ត Phu Tho
Related
More








