នៅទីនេះ អ្នកទេសចរមានអារម្មណ៍ដូចជាពួកគេបានវិលត្រឡប់មកអតីតកាលវិញនៅក្នុងចន្លោះទសវត្សរ៍ឆ្នាំ ១៩៨០ ដល់១៩៩០ ជាមួយនឹងសំឡេងវិទ្យុ តុនិងកៅអីឈើចាស់ៗ រូបថតសខ្មៅ ដែលធ្លាប់ស្គាល់។
ដោយបានធ្វើការក្នុងរយៈពេលដ៏យូរមួយ ទាក់ទងនឹងការផលិតស្បែកជើងឈើ និងអាវផាយ អ្នករចនា លីលី ហ័ង ដែលកើតនៅឆ្នាំ ១៩៨៩ មានឱកាសស្វែងយល់បន្ថែមអំពីវប្បធម៌នៃតំបន់
ភាគខាងជើងវៀតណាម។ ដោយមានបំណងចង់ជួយមនុស្សគ្រប់គ្នាឱ្យវិលត្រឡប់ទៅរកការចងចាំពីកុមារភាពឡើងវិញ ក៏ដូចជាស្គាល់ដល់វប្បធម៌នៃតំបន់ភាគខាងជើងវៀតណាមបុរាណ លីលី ហ័ង បានបង្កើតទីកន្លែងវប្បធម៌ Am Càkê នៅក្នុងផ្លូវតូចមួយនៅក្នុងទីក្រុងហាណូយ។ អ្នករចនា លីលី ហ័ង បានឲ្យដឹងថា៖
"ដើម្បីឲ្យស្បែកជើងឈើប្រពៃណីត្រូវបានរស់ឡើងវិញ ក្រៅពីការផលិតសម្រាប់គោលដៅពាណិជ្ជ
កម្ម និងការរួមបញ្ចូលម៉ូដនោះ ខ្ញុំបានគិតដល់ទីកន្លែងមួយ ដែលមនុស្សអាចស្វែងយល់អំពីស្បែកជើងឈើបានយ៉ាងងាយស្រួលជាង។ ខ្ញុំបានគិតដល់ការបង្កើតឡើងវិញនូវភូមិជនបទភាគខាងជើងវៀតណាម។ ភូមិជនបទភាគខាងជើងវៀតណាមគឺជាកន្លែងដែលខ្ញុំបានកើត និងធំដឹងក្ដី។ មនុស្សជាច្រើន ដូចជាខ្ញុំដែរ ក៏ស្រឡាញ់វប្បធម៌ភាគខាងជើង ហើយមានអារម្មណ៍នឹករលឹកវាខ្លាំងណាស់។ ខ្ញុំគិតថា ការដាក់ស្បែកជើងឈើនៅក្នុងបរិយាកាសវប្បធម៌ប្រពៃណីភាគខាងជើងនឹងពិតជាសមស្រប"។
ទីកន្លែង Am Càkê ត្រូវបានរចនាឡើងជាមួយនឹងផ្ទះបាយដែលមានចង្ក្រានដុតអុស ទូដាក់ចាន និងឧបករណ៍ដូចជាកាំបិត និងកណ្ដៀវ ដែលកសិករនៅតំបន់ភាគខាងជើងវៀតណាមប្រើប្រាស់នៅពេលធ្វើស្រែចម្ការកាលពីអតីតកាល។ លើសពីនេះ ទីកន្លែងនេះត្រូវបានរចនាឡើងឱ្យស្រដៀងនឹងផ្ទាំងគំនូរទេសភាពជនបទមួយផងដែរ។
“នៅខ្លោងទ្វារ យើងបានដាំដើមឈើដែលធ្លាប់ស្គាល់នៅភូមិវៀតណាមភាគខាងជើងបុរាណ។ ចូលទៅខាងក្នុងបន្តិច អ្នកទេសចរអាចមើលឃើញផ្ទះ ៣ ល្វែងមួយខ្នងដែលត្រូវបានសាងសង់ឡើងវិញ។ នៅក្នុងល្វែងធំ យើងដាក់តុ និងកៅអីបុរាណមួយឈុត ដែលគ្រួសារខ្ញុំនៅតែរក្សាទុកអស់រយៈពេលជាង ៥០ ឆ្នាំមកហើយ។ លើសពីនេះ ផ្ទះបាយមានចង្ក្រានដុតអុសធ្វើពីដីឥដ្ឋ។ នៅទីនេះ អ្នកទេសចរអាចមើលឃើញធ្នើរ និងទូផ្ទះបាយដែលធ្វើដោយជីតាខាងម្តាយរបស់ខ្ញុំ។ បរិយាកាសនេះពិតជាកក់ក្ដៅណាស់។ មនុស្សគ្រប់គ្នាអាចអាំងពោត និងដំឡូង ខណៈពេលជជែកជាមួយគ្នា”។
អ្នកស្រី Như Quỳnh មកពីខេត្ត ថាញ់ហ័រ ដែលបានមកទស្សនា Am Càkê នៅចុងសប្តាហ៍ បានចែករំលែកថា៖
“លីលី ហ័ង មានភាពច្នៃប្រឌិត ក៏ដូចជាសេចក្តីស្រឡាញ់ចំពោះការបង្កើតឡើងវិញនូវលក្ខណៈ
វប្បធម៌ប្រពៃណីនៅភាគខាងជើងប្រទេសវៀតណាម។ នៅពេលចូលរួមក្នុងសកម្មភាពនៅ Am Càkê ខ្ញុំបានសង្កេតឃើញថា នេះជាបរិយាកាសដ៏សុខសាន្ត ដោយមានអារម្មណ៍ថា ទទួលបានថាមពលថ្មីនិងស្រស់ស្រាយ។ នៅពេលដែលខ្ញុំមានអារម្មណ៍ធ្លាក់ទឹកចិត្ត ខ្ញុំតែងតែមក Am Càkê”។
Am Càkê ក៏ជាកន្លែងសម្រាប់រៀបចំសិក្ខាសាលា និងការជួបប្រាស្រ័យគ្នា ចាប់ពីរឿងរ៉ាវប្រវត្តិ
សាស្ត្រ លក្ខណៈវប្បធម៌ប្រជាប្រិយ រហូតដល់ការចងចាំរួមរបស់មនុស្សជាច្រើនជំនាន់ផងដែរ។
“យើងមានកម្មវិធីជាច្រើនដែលសមស្របសម្រាប់ក្រុមអាយុផ្សេងៗគ្នា។ សម្រាប់កុមារ នៅពេល មកទីនេះ ប្អូនៗអាចចិញ្ចឹមមាន់ រាំ លេងអុក និងស្លៀកសម្លៀកបំពាក់ភាគខាងជើងបុរាណ។ ប្អូនៗក៏អាចធ្វើស្បែកជើងឈើផងដែរ។ ក្រៅពីនេះ មានសកម្មភាពផ្សេងទៀត ដូចជា ការកែច្នៃក្រណាត់ចាស់ៗទៅជាតុក្កតាសត្វ និងធ្វើគំនូរ ដុងហូ។ សម្រាប់មនុស្សពេញវ័យ យើងមានកម្មវិធី “មកទីនេះ ស្តាប់ខ្ញុំ”។ នៅទីនោះ ភ្ញៀវទេសចរវ័យកណ្តាលអាចរំលឹកឡើងវិញនូវបរិយាកាសបុរាណ។ ភ្ញៀវទេសចរបរទេសពិតជាចូលចិត្តកម្មវិធីនេះណាស់។”
ដោយនាំសិស្សានុសិស្សមកទស្សនាភូមិ Am Càkê អ្នកស្រី Ngoc Huyen តំណាងប្រព័ន្ធអប់រំ
សាលាសុបិននៅទីក្រុងហាណូយ បានចែករំលែកអារម្មណ៍ថា៖
“យើងមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការលះបង់របស់អ្នកស្រី Lily Hoang ខណៈដែល
គាត់បានដាក់សេចក្តីស្រឡាញ់ទាំងអស់ទៅលើវប្បធម៌ប្រពៃណី។ ប្អូនៗសិស្សានុសិស្សមានសេចក្តី
រីករាយយ៉ាងខ្លាំង ដោយបានសាកល្បងគូរគំនូរ Dong Ho លើក្រដាស Do ហើយគ្រូបង្រៀន ជាពិសេសគ្រូបង្រៀនបរទេសក៏មានការរំភើបរីករាយផងដែរ។ បរិយាកាសវប្បធម៌ Am Càkê នាំមកនូវអត្ថន័យជាច្រើនសម្រាប់ទាំងកុមារ និងមនុស្សពេញវ័យ”។
បំណងប្រាថ្នាដ៏ធំបំផុតរបស់ Lily Hoang គឺថា នៅពេលមកដល់ Am Càkê អ្នកទេសចរមិន
ត្រឹមតែបានរស់ឡើងវិញក្នុងបរិយាកាសបុរមបុរាណនៃភូមិវៀតណាមភាគខាងជើងប៉ុណ្ណោះទេ ថែមទាំងរីកសាយភាយសារអំពីការការពារបរិស្ថានទៀតផង ដោយការប្រើប្រាស់ឡើងវិញនូវវត្ថុរបស់មនុស្សជំនាន់មុនៗសម្រាប់មនុស្សជំនាន់ក្រោយតាមរបៀបថ្មី ទំនើប និងងាយស្រួល ខណៈពេលដែលនៅតែរក្សាបាននូវការចងចាំដ៏មានតម្លៃ៕








