អ្នកកាសែត Mai Kieu Tuyet តែងតែដាក់ខ្លួនក្នុងតម្រូវការ ចិត្តសាស្ត្រនៃការស្តាប់ និងទទួលព័ត៌មានពីសាធារណជន
19/06/2025 08:16
(VOVWORLD) - ដោយមាឌតូចល្អិត សក់ខ្លី ប៉ុន្តែលាក់ទុកពីក្រោយគឺជាបុគ្គលិកលក្ខណៈរឹងមាំ មានការតាំងចិត្ត គឺជាការចាប់អារម្មណ៍របស់មនុស្សជាច្រើននៅពេលជួបនិងធ្វើការជាមួយអ្នកកាសែត Mai Kieu Tuyet ប្រធាន ការិយាល័យចរាចរណ៍ហាណូយ នៃនាយកដ្ឋានចរាចរណ៍ជាតិ វិទ្យុសម្លេង វៀតណាម (VOV)។ ជាមួយនឹងទស្សនវិស័យវិជ្ជាជីវៈ៖ តែងតែដាក់ខ្លួននាងនៅក្នុងតម្រូវការ ចិត្តសាស្ត្រផ្ទៀងស្តាប់ និងការទទួលព័ត៌មានពីសាធារណជន លោកស្រីបានបន្សល់ទុកនូវម៉ាកសញ្ញារបស់ខ្លួន ជាមួយនឹងស្នាដៃសារព័ត៌មានដែលមានគុណភាព ក្នុងដំណើរការបំពេញការងារសារព័ត៌មាន។
អ្នកកាសែត Mai Kieu Tuyet ធ្លាប់ជាពិធីករនៃកម្មវិធី ម៉ោងកំពូល នៅលើ VOV ប៉ុស្តិ៍ចរាចរណ៍ជាតិ ៩១ MHz “ត្រូវបានបំពេញការងារនៅនាយកដ្ឋាន VOV ចរាចរណ៍ជាតិ គឺជាបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍មួយ និងជាសំណាងមួយសម្រាប់រូបខ្ញុំ។ នោះជាកន្លែងដែលអ្នកតែងតែដាក់ខ្លួនអ្នកនៅក្នុងតម្រូវការថ្មីជារៀងរាល់ថ្ងៃ ភាពខុសប្លែកគ្នានៅក្នុងស្នាដៃនីមួយៗ ដើម្បីទាក់ទាញអារម្មណ៍មនុស្សដែលពិបាកបំផុត។ ខ្ញុំគិតថា ការយកចិត្តទុកដាក់ ទំនួលខុសត្រូវ និងការច្នៃប្រឌិតគឺជាចំណុចរួមដ៏មានតម្លៃរបស់សហការីនៅ VOV។ ប្រសិនបើខ្ញុំមិនបានធ្វើការនៅក្នុងបរិយាកាស VOV ចរាចរណ៍ក្នុងប៉ុន្មានឆ្នាំមកនេះទេ ខ្ញុំប្រហែលជាក្លាយជាខ្ញុំខុសពីខ្ញុំរបស់ឥឡូវនេះជាពុំខាន”។ អ្នកកាសែត Mai Kieu Tuyet គឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលផ្សាភ្ជាប់ជាមួយនាយកដ្ឋាន VOV ចរាចរណ៍ជាតិ អស់រយៈពេលជាយូរ ចាប់តាំងពីនាយកដ្ឋាននេះត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ២០០៩។ ក្នុងរយៈពេលជាង ១៥ឆ្នាំ ប្រកបមុខរបរ អ្នកកាសែត Mai Kieu Tuyet បានធ្វើជាអ្នករាយការណ៍ព័ត៌មាន អ្នករៀបចំកម្មវិធី អ្នកអត្ថាធិប្បាយអំពីបញ្ហាចរាចរណ៍និងទីក្រុង ... និងជាអ្នកគ្រប់គ្រង។ ក្នុងការងារនីមួយៗ លោកស្រីបានបន្សល់ទុកនូវស្លាកសញ្ញាផ្ទាល់ខ្លួនជាមួយនឹងស្នាដៃសារព័ត៌មានដែលទទួលបានការកោតសរសើរយ៉ាងខ្លាំងពីមហាជន។ “ខ្ញុំបើកឡាន ដូច្នេះខ្ញុំស្តាប់ VOV ចរាចរជាញឹកញាប់ណាស់។ ខ្ញុំចូលចិត្តកម្មវិធី ម៉ោងកំពូលបំផុតព្រោះវាមានមាតិកាបច្ចុប្បន្នភាពជាច្រើន ដែលមានប្រយោជន៍ខ្លាំងនៅពេលធ្វើដំណើរ។ រហូតមកដល់ពេលនេះ ខ្ញុំនៅតែចាប់អារម្មណ៍នឹងពិធីករ Kieu Tuyet។ កម្មវិធីនេះមានក្បោះក្បាយ ច្បាស់លាស់ និងមានទឹកដំសំលេងល្អ”។ “ខ្ញុំបានអាននិងស្តាប់អត្ថបទរបស់អ្នកកាសែត Kieu Tuyet ជាញឹកញាប់ នៅក្នុងបណ្តាកម្មវិធីផ្សាយសំឡេងឬនៅលើគេហទំព័រ vovgiaothong.vn។ ខ្ញុំចូលចិត្តវិធីសាស្រ្ត និងទស្សនៈរបស់អ្នកនិពន្ធ។ មានបញ្ហាដែលខ្ញុំប្រហែលជាមិនសូវយកចិត្តទុកដាក់ ប៉ុន្តែតាមរយៈអត្ថបទ ខ្ញុំក៏បានសញ្ជឹងគិតរឿងជាច្រើនអំពីជីវភាពជុំវិញខ្លួនខ្ញុំ”។ ចែករំលែកអំពីការងាររបស់ខ្លួននៅនាយកដ្ឋាន VOV ចរាចរណ៍ជាតិ អ្នកកាសែត Mai Kieu Tuyet បានឲ្យដឹងថា៖ “រាល់ពេលដែលខ្ញុំជាពិធីករផង ឬតាក់តែងអត្ថបទផង ខ្ញុំតែងតែចាំថា តើប្រការនោះប៉ះពាល់ដល់អ្នកស្តាប់យ៉ាងម៉េចដែរ តើវាអាចនាំមកជុនមិត្តអ្នកស្តាប់ក្នុងពេលបច្ចុប្បន្ន និងរយៈពេលវែង…។ ក្នុងដំណើរការបំពេញការងារ ពីការសរសេរអត្ថបទ រហូតដល់កម្មវិធីដែលខ្ញុំជាពិធីករ ឬរៀបចំផលិតកម្ម ខ្ញុំតែងតែគិតគូរពីតម្រូវការ ចិត្តសាស្ត្រនៃការស្តាប់ និងការទទួលយកព័ត៌មានពីសាធារណជន។ ការងារបណ្ដុះបណ្ដាលតម្រូវឱ្យខ្ញុំធ្វើតាមចំណង់ចំណូលចិត្តរបស់មិត្តអ្នកស្តាប់ និងអ្នកទស្សនាយ៉ាងដិតដល់។ ប្រការនេះបង្កើតឱ្យមានភាពស្វាហាប់ ការច្នៃប្រឌិតឥតឈប់ឈរ និងផ្នត់គំនិតបើកចំហកាន់តែច្រើន”។ ជាមួយនឹងគោលការណ៍សារព័ត៌មានទាំងនេះ អ្នកកាសែត Mai Kieu Tuyet បានទទួលជោគជ័យលើប្រធានបទផ្សេងៗគ្នា ហើយលោកស្រី និងសហការីនៅនាយកដ្ឋាន VOV ចរាចរណ៍ជាតិ បានឈ្នះពានរង្វាន់សារព័ត៌មានជាច្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ក្នុងនោះរួមមានៈ ពានរង្វាន់សម្រាប់ពិធីករកម្មវិធីនៅកម្មវិធីសំឡេងវៀតណាម លើកទី៥ ឆ្នាំ២០២១; រង្វាន់លើកទឹកចិត្តក្នុងការប្រឡងសរសេរស្តីពីការការពារបរិស្ថាននៅទីក្រុងហាណូយឆ្នាំ ២០២៤; រង្វាន់លេខ ៣ នៃសារព័ត៌មានជាតិ "ដើម្បីសុខភាពប្រជាជន" លើកទី ២ ឆ្នាំ ២០២៤...។ ជាពិសេស ក្នុងឱកាសរំលឹកខួបលើកទី ១០០ ទិវាសារព័ត៌មានបដិវត្តន៍ វៀតណាម ថ្ងៃទី ២១ ខែមិថុនា ឆ្នាំនេះ អ្នកកាសែត Mai Kieu Tuyet និងក្រុមអ្នកនិពន្ធបានឈ្នះរង្វាន់ដ៏ឆ្នើម នៃពានរង្វាន់សារព័ត៌មានជាតិលើកទី ១៩ - ឆ្នាំ ២០២៤ ជាមួយនឹងស្នាដៃច្រើនឈុត ស្តីពី “ប្រឆាំងការខ្ជះខ្ជាយក្នុងចរាចរណ៍៖ ចាប់ផ្តើមពីចំណុចណា”?។ អ្នកកាសែត Mai Kieu Tuyet បានចែករំលែកថា៖ “គោលដៅជួរមុខ និងសំខាន់បំផុតរបស់យើងគឺតាមរយៈអត្ថបទរបស់យើង ដើម្បីមានឥទ្ធិពល និងរួមចំណែកក្នុងការផ្លាស់ប្តូរគោលនយោបាយ សំដៅកាត់បន្ថយការខ្ជះខ្ជាយចរាចរណ៍ ដែលបាននិងកំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃទីក្រុង និងប្រទេសជាតិ។ ខ្ញុំគិតថា នោះជាតម្រូវការពីការអភិវឌ្ឍទូទៅនៃទីក្រុង និងប្រទេសដែលអ្នកសារព័ត៌មានមានទំនួលខុសត្រូវក្នុងការឡើងសំឡេង”។ អ្នកកាសែត Mai Kieu Tuyet តែងតែសុភាពរាបសារនៅពេលនិយាយអំពីខ្លួនឯង ព្រោះសម្រាប់លោកស្រី ភាពរីករាយក្នុងការងារ នៅពេលដែលលោកស្រីសរសេរអត្ថបទដែលផ្តល់ដង្ហើមជីវិត ជួយប្រជាជនលើកឡើងនូវអ្វីដែលពួកគេចង់និយាយ អ្វីដែលពួកគេត្រូវនិយាយ បើកទិសដៅវិជ្ជមានសម្រាប់ប្រជាជន។ នោះជាប្រការមានអត្ថន័យដែលការងារដែលលោកស្រីធ្វើរាល់ថ្ងៃអាចនាំមកដល់សង្គម៕
Related








