សង្កាត់ ហុងហ្គ៉ាយ ខេត្តក្វាងនិញ ទើបតែដាក់ឱ្យដំណើរការមជ្ឈមណ្ឌលគាំទ្រការផ្លាស់ប្តូរឌីជីថលសម្រាប់ផ្សារហាឡុងលេខ ១។ ផ្សារហាឡុងលេខ ១ លេខ ២ និងផ្សារ កាយយ៉ាំ ក៏បានអនុវត្តន៍គំរូផ្សារ ៤.០ ផងដែរ។

“ឥឡូវនេះខ្ញុំចាស់ហើយ តើខ្ញុំអាចចេះផ្សាយផ្ទាល់តាមរបៀបណា? ការលក់នៅផ្សារនេះក៏ចំណាយពេលច្រើនពេកដែរ។ ឥឡូវនេះ ទុកឲ្យមិត្តយុវជនធ្វើ ព្រោះការងារទាមទារភាពស្វាហាប់”។

“យុវជនដូចយើង អាចប្រើប្រាស់បច្ចេកវិទ្យាបានយ៉ាងងាយស្រួលជាង។ ប៉ុន្តែសម្រាប់ឈ្មួញវ័យចំណាស់ នឹងជួបការលំបាកក្នុងការប្រើប្រាស់បច្ចេកវិទ្យា។ ប្រសិនបើត្រូវផ្សាយផ្ទាល់ពេញមួយថ្ងៃ មនុស្សមួយចំនួនមិនអាចធ្វើទៅរួចទេ”។

មតិយោបល់ដែលចែករំលែកពីអាជីវករនៅផ្សារហាឡុងលេខ ១ បានពិរពណ៌ណាមួយផ្នែកនៃស្ថានភាពផ្លាស់ប្តូរឌីជីថលនៅតាមផ្សារប្រពៃណីនានា។

ផ្សារហាឡុងលេខ ១ គឺជាផ្សារបោះដុំធំជាងគេនៅក្នុងទីក្រុងហាឡុង។ នេះក៏ជាផ្សារគំរូ ៤.០ ដែលត្រូវបានអនុវត្តន៍តាំងពីឆ្នាំ ២០២២ មក។ គ្រួសារអាជីវកម្មនីមួយៗនឹងត្រូវបានបង្កើតលេខកូដ QR ផ្ទាល់ខ្លួន ដែលធ្វើបច្ចុប្បន្នភាពព័ត៌មានគ្រប់គ្រាន់អំពីផលិតផល ទីតាំងស្តង់ និងវិធីសាស្ត្រទំនាក់ទំនង។ លោក ជិន ថាញ់ជុង នាយកមជ្ឈមណ្ឌលផ្លាស់ប្តូរឌីជីថលនៃផ្សារហាឡុងលេខ ១ បានឲ្យដឹងថា៖

«បច្ចុប្បន្ននេះ មជ្ឈមណ្ឌលកំពុងកសាងស្តង់ឌីជីថល ដោយផ្អែកលើស្តង់ដែលមានស្រាប់ ដោយមានព័ត៌មានទីតាំង ព័ត៌មានអំពីផលិតផល និងទំនិញរបស់អ្នកលក់ លេខទូរស័ព្ទ គណនី Zalo ក៏ដូចជាគណនីបណ្ដាញសង្គមដែលពួកគេប្រើប្រាស់។ ទាំងអស់នេះនឹងត្រូវបានបញ្ចូលទៅក្នុងលេខកូដ QR តែមួយ។ នៅពេលដែលស្តង់ទាំងអស់នៅក្នុងផ្សារត្រូវបានធ្វើសមកាលកម្មដោយជោគជ័យ អ្នកប្រើប្រាស់នឹងត្រូវការលេខកូដ QR តែមួយប៉ុណ្ណោះ ក៏អាចចូលក្នុងផ្សារឌីជីថលហាឡុងបាន។ មនុស្សអាចស្កេនលេខកូដ QR តែមួយនោះដើម្បីទិញទំនិញនិងផលិតផលបានយ៉ាងងាយស្រួល។

បច្ចុប្បន្ននេះ មានស្តង់ជាង ២០ ស្តង់ដែលមានលេខកូដ QR ក្នុងចំណោមគ្រួសារអាជីវកម្មសរុបប្រហែល ១២០០ គ្រួសារនៅផ្សារហាឡុងលេខ ១។ អ្នកស្រី ង្វៀន ធីសួន ដែលលក់ទំនិញស្ងួតនៅផ្សារហាឡុងលេខ ១ បានម្ចាស់ការស្វែងយល់និងរៀនពីរបៀបលក់តាមប្រព័ន្ធអនឡាញ់ មុនពេលមជ្ឈមណ្ឌលត្រូវបានបង្កើតឡើង។ ស្តង់របស់នាងត្រូវបាន «ធ្វើឌីជីថលូបនីយកម្ម» តាមរបៀបដោយឡែក ដោយចាត់ថ្នាក់ផលិតផលយ៉ាងច្បាស់លាស់ កសាងឆាណែលលក់នៅលើបណ្ដាញសង្គម និងរក្សាអន្តរកម្មជាមួយអតិថិជន។ នៅហ្នឹងស្តង់ ស្មាតហ្វូនត្រូវបានរៀបចំរួចរាល់សម្រាប់ផ្សាយផ្ទាល់ ដើម្បីណែនាំនិងផ្សព្វផ្សាយផលិតផលនីមួយៗ។

“ឥឡូវនេះ រាល់ពេលដែលខ្ញុំធ្វើ ឬវេចខ្ចប់ទំនិញ ខ្ញុំតែងតែផ្សាយផ្ទាល់ដើម្បីឲ្យមនុស្សរាល់គ្នាដឹងថា ជាផលិតផលថ្មីៗសុទ្ធ។ ខ្ញុំផ្សាយផ្ទាល់ជារៀងរាល់ថ្ងៃ។ ខ្ញុំទៅផ្សារនៅពេលរសៀល ហើយផ្សាយផ្ទាល់ និងឆ្លើយសំណួរ។ តាមពិតទៅ ការផ្សាយផ្ទាល់ជួយខ្ញុំលក់បានច្រើន។ មនុស្សនៅក្នុងផ្សារឃើញខ្ញុំផ្សាយផ្ទាល់ ហើយពួកគេក៏ធ្វើតាមដែរ។ អ្នកដែលចេះប្រើស្មាតហ្វូន នឹងបង្ហោះទំនិញសម្រាប់លក់តាមអ៊ីនធឺណិត”។

ពី “ស្នូល” ដូចជាអ្នកស្រី សួន ឥទ្ធិពលបានរីករាលដាល ហើយជំរុញការចូលរួមរបស់ឈ្មួញដទៃទៀត ដែលចាប់ផ្តើមពិសោធន៍ជាមួយការផ្សាយផ្ទាល់ ការបង្កើតលេខកូដ QR និងការទូទាត់អេឡិចត្រូនិក។ អ្នកស្រី ហ្វាម ញឺគ្វីញ ជាបុគ្គលិកម្នាក់នៅតូបលក់ប្រហិតមឹក ហាឡុង បានចែករំលែកថា៖

“ពេលវេលាដ៏ល្អសម្រាប់ការផ្សាយផ្ទាល់គឺចាប់ពីម៉ោង ១១ ព្រឹកដល់ប្រហែលម៉ោង ១ កន្លះរសៀល។ បន្ទាប់ពីម៉ោង ២ រសៀល អ្នកទេសចរចាប់ផ្ដើមមកដល់ គឺមិនអាចផ្សាយផ្ទាល់ទៀតទេ។ បច្ចេកវិទ្យាឌីជីថលឥឡូវនេះ នឹងជួយឱ្យយើងខិតជិតអតិថិជនគ្រប់វ័យ ហើយក៏ទទួលបានការផ្ដល់មតិយោបល់លើគុណភាពរបស់យើងផងដែរ។ ប្រសិនបើការផលិតមានបញ្ហាអី យើងអាចទទួលបានមតិប្រតិកម្មរបស់អតិថិជន”។

ក្រៅពីការជួយអាជីវករក្នុងការលក់ទំនិញតាមរយៈការផ្សាយផ្ទាល់ មជ្ឈមណ្ឌលផ្លាស់ប្តូរឌីជីថលផ្សារ ហាឡុងលេខ១ ក៏សម្របសម្រួលជាមួយភ្នាក់ងារ និងអង្គភាពនានាដើម្បីឃោសនា ណែនាំគ្រួសារអាជីវកម្ម និងឈ្មួញ ក្នុងការអនុវត្តបទប្បញ្ញត្តិស្តីពីប្រភពដើមផលិតផល ការចុះបញ្ជីតម្លៃ ការការពារសិទ្ធិអ្នកប្រើប្រាស់ និងការធ្វើអាជីវកម្មនៅលើវេទិកាឌីជីថលផងដែរ។ លោក ង្វៀន ទួនថាំង (Nguyễn Tuấn Thắng) អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ ហុងហ្គ៉ាយ (Hồng Gai) បានសម្តែងការរំពឹងទុកថា៖

«ការផ្លាស់ប្តូរឌីជីថលមិនមែនគ្រាន់តែជារឿងរបស់រដ្ឋបាលនោះទេ ប៉ុន្តែជាការរួមដំណើរជាមួយប្រជាជន ដោយចាប់ផ្តើមពីរឿងដ៏ជិតស្និទ្ធបំផុត។ ស្តង់នីមួយៗមានលេខកូដ QR ផ្ទាល់ខ្លួន ហើយគ្រួសារអាជីវកម្មនីមួយៗ ផ្សាយផ្ទាល់ដើម្បីណែនាំផលិតផលរបស់ពួកគេ។ នោះគឺជាដុំឥដ្ឋតូចៗ ប៉ុន្តែរឹងមាំ ដែលរួមចំណែកនាំសង្កាត់ហុងហ្គ៉ាយ ឆ្ពោះទៅរកសង្គមឌីជីថលគ្រប់ជ្រុងជ្រោយ ដោយធានាថាគ្មាននរណាម្នាក់ រួមទាំងឈ្មួញខ្នាតតូចនៅក្នុងផ្សារប្រពៃណី ត្រូវទុកចោលនៅពីក្រោយក្នុងដំណើរការផ្លាស់ប្តូរឌីជីថលរបស់ខេត្តក្វាងនិញឡើយ»។

គ្រួសារអាជីវកម្មនៅក្នុងផ្សារហាឡុងលេខ ១ ដែលផលិតផលរបស់ពួកគេអាចបំពេញតាមលក្ខខណ្ឌសម្រាប់ការផ្លាស់ប្តូរឌីជីថល នឹងត្រូវបានជ្រើសរើសឱ្យចូលរួមស្តង់ផ្លាស់ប្តូរឌីជីថល ដើម្បីបម្រើជាគំរូ ពីនោះរីកសាយភាយបទពិសោធន៍ដល់គ្រួសារអាជីវកម្មដទៃទៀត។ ផ្សារហាឡុងលេខ ១ កំពុងឆ្ពោះទៅរកគោលដៅក្លាយជាគំរូផ្សារប្រពៃណីដែលផ្លាស់ប្តូរឌីជីថលដោយជោគជ័យនៅក្នុងខេត្តក្វាងនិញ៕